(ព្រះវិហារ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ នៃគ្រោះធម្មជាតិ ហើយសម្តេចមិនបណ្តែតបណ្តោយ ឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ ឱ្យថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយភ្លាមៗ។
ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅសាលាប្រជុំសាលាខេត្តព្រះវិហារ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្ត ព្រមទាំង លោក លោកស្រី ជាប្រតិភូអមដំណើរ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាល អភិបាល ក្រុង ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ប្រធាន សមាគមអតីតយុទ្ធជន និងរបាយការណ៍របស់ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរួចមកលោក គីម រិទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ការឆ្លើយតប ការត្រៀមបង្ការនានា និងសកម្មភាពដ៏សកម្មរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាព របស់បងប្អូនអតីតយុទ្ធជន ជនបាត់បង់សមត្ថភាពការងារ និងជនមានពិការភាព។
លោកអភិបាលខេត្តព្រះវិហារ បានថ្លែងបន្តថា សម្រាប់ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបានប្តេជ្ញាចិត្តបន្តជំរុញ និងគាំទ្រដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងការរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ និងពង្រឹងសមត្ថភាពក្នុងការឆ្លើយតបឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ និងការត្រៀមបម្រុង ចំពោះគ្រោះមហន្តរាយ បន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ដូចជា៖ ទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គិភ័យ ការដួលរលំ លំនៅដ្ឋាន អគារ ផលប៉ះពាល់ នៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ផលប៉ះពាល់ ដទៃទៀត ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ព្រមទាំងបន្ត អនុវត្តចក្ខុវិស័យកសាងសហគមន៍ ប្រកបដោយសុវត្ថិភាព និងភាពធន់ សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ គោលដៅរួមគឺ កាត់បន្ថយការបាត់បង់អាយុជីវិត ការខាតបង់ ផ្នែកសេដ្ឋកិច្ច និងការខូច ខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ការយល់ដឹង អំពីភាពធន់ របស់សហគមន៍។
ថ្លែងនៅក្នុងឱកាសនោះលោក កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ឱ្យថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។
ទន្ទឹមនឹងនេះលោកទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងមន្ត្រីបង្គោលក្រុង-ស្រុក ដែលបានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការចុះដោះស្រាយបានភ្លាមៗ។
លោកក៏បានផ្តាំផ្ញើដល់ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំចូលរួមពួតដៃគ្នាឱ្យកាន់តែខ្លាំង ដើម្បីរួមចំណែកក្នុងការចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពកក់ក្តៅ ព្រោះថាបញ្ហាទាំងអស់នោះសុទ្ធតែមើលមិនឃើញ ហើយមិនដឹងថាកើតនៅពេលណាមួយនោះទេ៕