(ភ្នំពេញ)៖ តារាសម្ដែងវ័យក្មេង សាច់សខ្ចី កំពុងផ្ដើមមានឈ្មោះបោះសំឡេងក្នុងវិថីសិល្បៈ កញ្ញា ឈិន ស៊ាវម៉ី បានទម្លាយឲ្យដឹងថា ក្នុងរយៈកាលនៃការចូលប្រឡុក ក្នងអាជីពជាអ្នកសិល្បៈ ជាង២ឆ្នាំមកនេះ នាងធ្លាប់ទទួលរងនូវការព្រមានពីគ្រួសារ ជាពិសេសពីសំណាក់ឪពុកម្ដាយ ដើម្បីឲ្យនាងដើរចេញពីសិល្បៈ ព្រោះតែបារម្ភខ្លាចថា កូនស្រីអាចនឹងទទួលរងនូវព្រនង់រិះគន់ ពីមហាជន ព្រោះតែហ៊ានថតឈុតសិចស៊ី តម្រូវតាមចិត្តផលិតករ ឬអ្នកដឹកនាំសម្ដែងណាមួយ។
ស្រីស្រស់រាងតូចច្រឡឹង សម្ដីផ្អែម កញ្ញា ឈិន ស៊ាវម៉ី បានទម្លាយចេញបែបនេះ គឺធ្វើឡើងក្នុងពិធីខួបកំណើត គម្រប់វ័យ២២ឆ្នាំ របស់នាង នាពេលថ្មីៗនេះ នៅក្នុងភោជនីយដ្ឋានមួយ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
ឈិន ស៊ាវម៉ី បាននិយាយថា «អត់ទេបង.. អត់ហ៊ានទេ ខ្លាចប៉ាណាស់ រឿងសិចស៊ីខ្ញុំមិនហ៊ានទេ គ្រាន់តែប៉ុណ្ណឹង មិនចង់ហ៊ានស្លៀកផង។ ពីមុនប៉ាហាមដាច់ខាតតែម្ដង ទើបតែពេលនេះទេ ដែលគាត់យល់ខ្លះៗ រឿងការងារសិល្បៈរបស់ខ្ញុំ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ខ្ញុំមិនហ៊ានថតសិចស៊ីដល់ថ្នាក់ ដូចតារាសម្ដែងដទៃដែរ ណាមួយគ្រួសារខ្ញុំ ក៏មិនចូលចិត្តឲ្យខ្ញុំ សម្ដែងបែបសិចស៊ីអ្វីនោះទេ..!»។
ជាមួយគ្នានោះដែរ តារាសម្ដែង វ័យ២២ឆ្នាំរូបនេះ ក៏បានបន្ថែមថា មានសាច់រឿងខ្លះ តម្រូវឲ្យសម្ដែងជាតួសិចស៊ីខ្លាំង រហូតដល់ទៅដោះខោអាវចេញទាំងអស់ក៏មាន ប៉ុន្តែដូចនាងបានលើកឡើងខាងលើ គឺនាងមិនហ៊ានប្រថុយឡើយ ទោះបីជាបានតម្លៃខ្លួនថ្លៃ ហើយធ្វើឲ្យនាងល្បីឆាប់យ៉ាងណាក្ដី។
សូមបញ្ជាក់ថា តារាសម្ដែង ឈិន ស៊ាវម៉ី ចូលវិថីសិល្បៈជាង២ឆ្នាំមកហើយ ក្នុងនោះក្រៅពីសម្ដែង បទចម្រៀងកាយវិកាខារ៉ាអូខេ នាងធ្លាប់សម្ដែងរឿង បានចំនួន៣រឿងមកហើយ មានរឿង «ថ្ងៃណាកូនមានម្ដាយ, អាពាហ៍ពិពាហ៍ចម្លែក» និងរឿង «មន្តស្នេហ៍ក្រមុំបាយឆា»។ ភាពយន្តទាំងនោះ ស៊ាវម៉ី សម្ដែងភាគច្រើន គឺជាតួកាចឆ្នាស់ហើយសិចស៊ី ដែលត្រូវនឹងចរឹត តាំងពីកំណើត របស់នាងតែម្ដង។
សូមតាមដានកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយកញ្ញា ឈិន ស៊ាវម៉ី ក្នុងឱកាសខួបកំណើតរបស់នាង ជាមួយ Fresh News៖