(ភ្នំពេញ)៖ ថ្ងៃទី៣ ខែឧសភា ឈានមកដល់ខាងមុខនេះ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ វិស័យសារព័ត៌មានកម្ពុជាក្នុងរយៈពេល៥៥ឆ្នាំមកនេះ បានវិវត្តន៍ឥតឈប់ឈរក្នុងបរិបទនៃការផ្លាស់ប្តូរសង្គមពីមួយជំនាន់ទៅមួយជំនាន់។ វិស័យសារព័ត៌មានបច្ចុប្បន្ន ក៏មានសភាពកែទម្រង់និងការតម្រង់ទិសដើម្បីឱ្យអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈដ៏ពិតប្រាកដ និងការគោរពច្បាប់របស់ប្រទេសយ៉ាងខ្ជាប់ខ្ជួនផងដែរ។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
នៅពេលដែលទិវាសេរីភាពសារព័ត៌មានពិភពលោក World Press Freedom Day ថ្ងៃ៣ ខែឧសភា កំពុងខិតជិតមកដល់អ្នកជំនាញនៃវិស័យសារព័ត៌មានកម្ពុជា បានស្នើឱ្យបណ្តាអង្គការអន្តរជាតិក្នុងវិស័យសារព័ត៌មាន និងអ្នកគាំទ្រសិទ្ធិរបស់អ្នកសារព័ត៌មាន គប្បីពិនិត្យឱ្យច្បាស់សាជាថ្មីឡើងវិញនូវលំហសិទ្ធិសេរីភាពបញ្ចេញមតិ ដោយមិនត្រូវជឿលើរបាយការណ៍មួយជ្រុង របស់មនុស្សក្រុមដែលតែងមានគំនិតអវិជ្ជមានដាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។
អគ្គនាយកបណ្តាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនង CoolApp លោក លឹម ជាវុត្ថា បានថ្លែងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ថា «សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានមើលឃើញថា បានបើកទូលំទូលាយយ៉ាងខ្លាំង, គ្មានការរឹតត្បិតក្នុងការសរសេរ និងការផ្សព្វផ្សាយ ក៏គ្មានការត្រួតពិនិត្យជាមុនឡើយ។ កម្ពុជាមានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់ និងអ្នកសារព័ត៌មាន ប្រហែលមួយម៉ឺននាក់ដែលជាចំនួនដ៏ច្រើនមួយ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពទូលំទូលាយជាងប្រទេសមួយចំនួននៅអាស៊ានផងដែរ»។
បណ្តាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនង CoolApp គឺជាប្រព័ន្ធផ្សព្វផ្សាយឯកជនដ៏ល្បីល្បាញនាំមុខគេក្នុងវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា។ វិស័យសារព័ត៌មានរបស់កម្ពុជាក្នុងអាណ្ណត្តិដឹកនាំរាជរដ្ឋាភិបាលទី៧ ត្រូវបានគេកត់សម្គាល់ថា បានព្យាយាមកែទម្រង់ក្នុងការជួយតម្រង់ទិស ដើម្បីឱ្យមានការគោរពតាមវិជ្ជាជីវៈដ៏ត្រឹមត្រូវ ដែលបច្ចុប្បន្នវិស័យនេះ កាន់តែមានភាពវិវត្តន៍ល្អគួរឱ្យកត់សម្គាល់ និងមិនអាក្រក់ដូច ជាអ្វីដែលអ្នកមើលពីខាងក្រៅបានវាយតម្លៃនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ វិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា ត្រូវបានអង្គការ Freedom House បែរជាចាត់ថ្នាក់នូវភាព «មិនសេរី» ដោយអង្គការនេះផ្តល់ពិន្ទុ២៣ ក្នុងចំណោម១០០ នៅក្នុងរបាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ២០២៥ របស់ខ្លួន។ ការវាយតម្លៃនេះមិនឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គមបច្ចុប្បន្នឡើយ។
* មិនអាចមើលរំលងអតីតកាលជូរចត់របស់កម្ពុជាបានទេ
ដើម្បីស្វែងយល់ពីបរិយាកាសសារព័ត៌មានរបស់កម្ពុជា គេគួរតែស្វែងយល់ផងដែរអំពីអតីតកាលវេទនារបស់កម្ពុជា។ ក្នុងអតីតសម័យសាធារណរដ្ឋខ្មែរនៅទសវត្សរ៍១៩៧០ សារព័ត៌មានដែលទទួលរងនូវឥទ្ធិពលនយោបាយ បានសរសេរចោទប្រកាន់មិនពិតនូវការស្អប់ខ្ពើមជាតិសាសន៍ ដែលការសរសេរគ្មានការទទួលខុសត្រូវនោះហើយ បាននាំឱ្យសង្គមជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល និងការធ្វើឱ្យសង្គមទាំងមូលធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហមដ៏ព្រៃផ្សៃ ដែលជារបបកាប់សម្លាប់ប្រជាជនខ្មែរច្រើនលាននាក់។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩, វិស័យសារព័ត៌មាន ត្រូវបានស្តារឡើងវិញជាជំហាន ក្នុងនោះរបត់នៃដំណើរទៅមុខរបស់ជាតិ ត្រូវបានឆ្លងកាត់ពេលវេលានៃជម្លោះហិង្សាប្រដាប់អាវុធរវាងខ្មែរនិងខ្មែរ រយៈពេល១៩ឆ្នាំ ទម្រាំប្រទេសបានទទួលសុខសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
បច្ចុប្បន្ន កម្ពុជាដែលបានបោះជំហានចេញពីអតីតកាលងងឹតនោះ កំពុងបង្កើតបរិយាកាសសារព័ត៌មានដែលមានការទទួលខុសត្រូវ និងការគោរពច្បាប់។ សេរីភាពសារព័ត៌មានត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែសេរីភាពរបស់សារព័ត៌មាន ក៏ត្រូវចងភ្ជាប់ជាមួយនឹងការទទួលខុសត្រូវផង និងការគោរពច្បាប់រដ្ឋធម្មនុញ្ញដ៏កំពូលរបស់ជាតិផងដែរ។ ប៉ុន្តែក្រុមជ្រុលនិយម ដែលមានគំនិតចង់ផ្តួលរំលំរាជរដ្ឋាភិបាល បាននិយាយមួលបង្កាច់ថាលំហសេរីភាពនៃការបញ្ចេញមតិ បានរងការគាបសង្កត់ក្រោមនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនដែលបានគាបសង្កត់ទៅលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់អ្នកសារព័ត៌មានឡើយ។ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ មានតែជួយដុសខាត់តម្រង់ទិសដល់អ្នកសរសេរមួយ ចំនួន ដែលជ្រកក្រោមស្លាកសារព័ត៌មាន និងដែលពួកគេ បានសរសេរព័ត៌មានមិនពិត និងព័ត៌មានបរិហាកេរ្តិ៍ ដែលច្បាប់របស់កម្ពុជាហាមឃាត់។
ក្នុងប្រសាសន៍កាលពីខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ ក្នុងឱកាសជួបជុំប្រចាំឆ្នាំជាមួយអ្នកសារព័ត៌មាន សម្តេចបវរធិបតី បានមានប្រសាសន៍ជួយណែនាំតម្រង់ទិសដល់អ្នកសារព័ត៌មាន ដោយមិនត្រូវសរសេរនីវព័ត៌មានមិនពិត Fake News ឡើយ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ថែមទាំងបានអំពាវនាវអ្នកសារព័ត៌មានត្រូវរួមគ្នាប្រឆាំងនឹង Fake News ថែមទៀត ពីព្រោះព័ត៌មានក្លែងក្លាយ Fake News នឹងអាចបញ្ឆេះ ឬដុតសង្គមឱ្យធ្លាក់ចូលក្នុងវិបត្តិបាន បើសិនជាមានការបណ្តែតបណ្តោយឱ្យអំពើអនាធិបតេយ្យនោះ ចេះតែធ្វើដោយគ្មានការទទួលខុសត្រូវ៖
«រឿងខ្ញុំលើក (អម្បាញ់) មិញគឺជារឿងតូចមួយ ប៉ុន្តែគ្រប់គ្នាក៏អាចប្រឈមជាមួយនឹងរឿងនេះ បើសិនជាយើងមិនអាចឲ្យសារព័ត៌មានទាំងអស់ រួមគ្នាដើម្បីលុបបំបាត់ Fake News ហ្នឹង, ព័ត៌មានក្លែងក្លាយនេះ។ ហើយបើការងារអាក្រក់ អាចបង្កើតជាជម្លោះរវាងប្រជាជននិងប្រជាជន ប្រទេសនិងប្រទេស ឬមួយក៏បង្កើតសង្គ្រាមដោយសារព័ត៌មានក្លែងក្លាយនេះ ដែលជាគ្រោះថ្នាក់ធំ។ អញ្ចឹងទប់ឱ្យជាប់, បំបាត់វាឱ្យអស់ កុំឱ្យវាឈានទៅដល់ភ្លើង បាននាំគ្នាពន្លត់វា…ហើយគ្មានខាតអីទេ ដកសិទ្ធិសេរីភាពក្នុងការនិយាយព័ត៌មានបំផ្លើសនេះចោលទៅ យកមកវិញនូវការនិយាយផ្សព្វផ្សាយដោយការទទួលខុសត្រូវ ទើបអំណាចទី៤ របស់យើងមានឥទ្ធិពល។ គេស្តាប់ ហើយផ្តល់នូវការទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិជូននេះ គឺជាការប្តេជ្ញា»។
* សេរីភាពជាមួយនឹងការទទួលខុសត្រូវ គឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពសារព័ត៌មាន
ការរិះគន់ពីមតិខាងក្រៅអំពីសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវគេជឿថាគឺដោយសារតែការយល់ខុស ឬដោយសារតែចេតនារបស់មនុស្សមួយក្រុម ដែលព្យាយាមចង់មួលបង្កាច់បង្ខូចដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ កន្លងមកការឃាត់ខ្លួន ឬចាប់ខ្លួនបុគ្គល ដែលជ្រកក្រោមស្លាកអង្គភាពសារព័ត៌មាន ដែលបានប្រើអាជីពសារព័ត៌មានដើម្បីការជំរិតទារប្រាក់, ការបរិហារកេរ្តិ៍ ឬការញុះញង់ដោយចេតនា បង្កឱ្យមានការស្អប់ខ្ពើមពូជសាសន៍ជាដើមនោះ មិនបានជាប់ពាក់ព័ន្ធនឹងការបញ្ចេញមតិនៃសិទ្ធិសេរីភាពសារព័ត៌មាននោះឡើយ។
ការប្រើអាជីពសារព័ត៌មាន តាមវិធីខុសច្បាប់ដើម្បីការជំរិតទារប្រាក់ ការបរិហារកេរ្តិ៍ ឬការញុះញង់ដោយចេតនា គឺជាអំពើផ្ទុយពីក្រមសីលធម៌ និងជាអំពើខុសច្បាប់ ដែលគេមិនអាចលើកលែងទោសដល់អ្នកប្រព្រឹត្តនោះបានឡើយ បើទោះបីបុគ្គលនោះជាអ្នកសារព័ត៌មាន ឬជាអ្នកនយោបាយក៏ដោយ។ ច្បាប់របស់ប្រទេសកម្ពុជា គឺការអនុវត្តស្មើៗគ្នាចំពោះមនុស្សគ្រប់រូប ដោយមិនគិតពីអ្នកនោះជាអ្នកមានវិជ្ជាជីវៈអ្វីនោះឡើយ ពីព្រោះគេមិនអាចយកសារព័ត៌មាន ធ្វើជាខែលសម្រាប់ការធ្វើសកម្មភាពខុសច្បាប់បានទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដើម្បីការលើកតម្កើងដល់សិទ្ធិសេរីភាព និងភាពថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីពធ្លាប់បានអំពាវនាវលើការពង្រឹងការអនុវត្តច្បាប់៖
«ការពង្រឹងក្របខណ្ឌគតិយុត្តិ គឺកិច្ចការសំខាន់។ ក្របខណ្ឌគតិយុត្តិ អ្នកខ្លះឱ្យតែឮយើងពង្រឹងច្បាប់ ថាយើងត្បិតត្បៀតសិទ្ធិសេរីភាព… អត់ទេ ប៉ុន្តែពង្រឹងនូវសិទ្ធិសេរីភាព នៅក្នុងការប្រកួតប្រជែង និងប្រតិបត្តិដោយត្រឹមត្រូវ។ បងប្អូនណា អាចដឹងថាព្រំដែនណាដែលអាចធ្វើបាន កុំឱ្យគេទៅរករឿង…អត់មានច្បាប់ច្បាស់លាស់ទេ ដែលភ័យព្រួយថា មិនដឹងដើរកន្លែងណា គេអាចហៅទៅ…តែបើមានបទដ្ឋានច្បាស់លាស់ សរសេរត្រឹមត្រូវ បណ្តុះបណ្តាលច្បាស់លាស់ បងប្អូនអ្នកសារព័ត៌មានអាចមានសិទ្ធិការពារនូវសិទ្ធិសេរីភាពរបស់ខ្លួនច្បាស់លាស់។ នៅអាមេរិក ឧស្សាហ៍មានតាមហ្វេកប៊ុក នៅពេលដែលប៉ូលីសទៅរករឿងប្រជាពលរដ្ឋមួយ ឬមួយអ្នកសារព័ត៌មាន (ដែល) គាត់យកព័ត៌មាននៅកន្លែងសារធារណ:។
អ្នកសារព័ត៌មាន ហ៊ាននិយាយភ្លាម មាត្រាប៉ុននេះ… ខ្ញុំច្បាស់អ្នកឯងអត់ហ៊ាន…ប៉ូលីសដកថយតែបើសិនអត់មានច្បាប់ច្បាស់លាស់ ទាំងអ្នកអនុវត្តច្បាប់ ក៏អត់ដឹងច្បាប់ច្បាស់លាស់…អ្នកដែលត្រូវគេដាក់អនុវត្តច្បាប់ ក៏អត់ដឹងច្បាស់លាស់…អាហ្នឹង លែងទៅជាការចចាហើយ។ ភាពមិនច្បាស់លាស់នេះ គឺមិនបានលើកតម្កើងនូវសិទ្ធិសេរីភាពនោះទេ ប៉ុន្តែវាធ្វើឲ្យប្រជាពលរដ្ឋ ដែលអនុវត្តសិទ្ធិសេរីភាពអ្នកសារព័ត៌មាន អនុវត្តមិនបានពេញលេញ មិនច្បាស់លាស់ ភ័យខ្លាចរហូត។ អញ្ចឹងត្រូវពង្រឹងបទដ្ឋានគតិយុត្តិ ធ្វើយ៉ាងណា ឲ្យមានតម្លាភាពត្រឹមត្រូវឲ្យបងប្អូនអាចដឹងបាននូវច្បាប់និងសិទ្ធិកាតកិច្ចរបស់ខ្លួន។ នេះគឺត្រូវតែធ្វើ»។
កន្លងមកនេះ មានករណីមួយចំនួន ដោយមានបុគ្គលលាក់ខ្លួននៅពីក្រោមស្រមោល «អ្នកកាសែត» ឬ «អ្នកសារព័ត៌មានឯករាជ្យ» បានប្រើវេទិការបស់ពួកគេ ដើម្បីរកចំណេញផលប្រយោជន៍, ប្រឌិតនូវព័ត៌មានមិនពិត ឬព័ត៌មានញុះញង់ ដែលនាំឱ្យមានការរើសអើងជាតិសាសន៍ ប្រឆាំងនឹងប្រទេសជិតខាង។ អាកប្បកិរិយាបែបនេះ មិនមែនជាអ្នកសារព័ត៌មានដែលទ្រទ្រង់សេរីភាពពិតប្រាកដនៃវិជ្ជាជីវៈសារព័ត៌មានទេ។ អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈពិតប្រាកដ គឺជាអ្នកដែលបម្រើសាធារណៈជនដោយការជូនដំណឹងដោយសុចរិត មិនមែនដោយការចូលរួមជាមួយក្រុមសកម្មជន ឬបុគ្គលនយោបាយ ក្នុងការជួយផ្សព្វផ្សាយបំផុសបំផុលនាំភ្លើងនៃការធ្វើឱ្យស្អប់ខ្ពើមជាតិសាសន៍ ឬនយោបាយរើសអើងនោះទេ។
* កំណែទម្រង់វិស័យសារព័ត៌មាន សក្តិសមនឹងទទួលបានការទទួលស្គាល់ពីអន្តរជាតិ
រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានចាត់វិធានការជាក់ស្តែងដើម្បីពង្រឹងគុណភាព និងគណនេយ្យភាពសារព័ត៌មាន។ ក្រមធម្មនុញ្ញវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន ដែលក្រសួងព័ត៌មាន បានធ្វើបច្ចុប្បន្នភាពកន្លងមកនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងដោយស្មោះ ដើម្បីលើកកំពស់វិជ្ជាជីវៈសារព័ត៌មានក្លាយជាវិជ្ជាជីវៈដែលគោរពច្បាប់។ កំណែទម្រង់ទាំងនេះ បានលើកកម្ពស់តម្លាភាព ភាពត្រឹមត្រូវ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលជាសសរស្តម្ភសំខាន់នៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយជាមួយការទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អង្គការអន្តរជាតិមួយចំនួនបែរជារិះគន់ក្រមធម្មនុញ្ញវិជ្ជាជីវៈនោះ ជាមួយការអះអាងដោយគ្មានមូលដ្ឋាន និងគ្មានការពិត និយាយចោទថា ក្រមធម្មនុញ្ញវិជ្ជាជីវៈនោះ អាចត្រូវបានគេប្រើប្រាស់ ដើម្បីរារាំងសេរីភាពនៃការបញ្ចេញមតិ និងការរិះគន់ផ្នែកសារព័ត៌មាន។
ក្រមសីលធម៌ មិនមែនជាយន្តការនៃការគាបសង្កត់ទេ ប៉ុន្តែជាឧបករណ៍សម្រាប់ដុសខាត់វិជ្ជាជីវៈដ៏ត្រឹមត្រូវ និងការជឿទុកចិត្តពីសាធារណៈជន។ អង្គការអន្តរជាតិ គួរតែចាត់ទុកថាក្រមធម្មនុញ្ញវិជ្ជាជីវៈ ដែលជួយធានាថា អ្នកសារព័ត៌មានរក្សាបាននូវសុចរិតភាព និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សនោះ គឺជាការអភិវឌ្ឍលើសីលធម៌មួយ ដែលគប្បីត្រូវបានលើកសរសើរ និងការលើកទឹកចិត្ត ប៉ុន្តែពួកគេបែរជាមើលរំលង ហើយជឿតែទៅលើរបាយការណ៍របស់មនុស្សមួយក្តាប់តូច ដែលតែងបំរើរបៀបវារៈនយោបាយរបស់ក្រុមជ្រុលនិយមនោះទៅវិញ។
* ត្រូវញែកឱ្យច្បាស់ អ្វីជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ?
វាជារឿងសំខាន់ណាស់ ក្នុងការបែងចែករវាងអ្នកសារព័ត៌មានឯករាជ្យ និងការធ្វើសកម្មភាពនយោបាយ ដែលបន្លំខ្លួនជាសារព័ត៌មាន។ តាមពិតបុគ្គល និងក្រុមមួយចំនួនដែលអះអាងថាពួកគេជា «អ្នកសារព័ត៌មានឯករាជ្យ» កន្លងមកនេះ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងចលនាប្រឆាំងនយោបាយដែលបំណងពិតប្រាកដ គឺការផ្តួលរំលំរាជរដ្ឋាភិបាលដែលជាប់ ឆ្នោតដោយសម្លេងគាំទ្ររបស់ប្រជាជន។
សេចក្តីរាយការណ៍របស់ពួក ដែលជ្រកក្រោមស្លាក «ឯករាជ្យ» ទាំងនោះចូលចិត្តតែការបំភ្លៃហួសការពិត, សម្រាំងយកតែរឿងមួយជ្រុងណាដែលគ្មានការថ្លឹងថ្លែងពីតុល្យភាពនៃប្រភពដទៃផ្សេងទៀត ហើយប្រើប្រាស់នូវរឿងនោះដើម្បីតែគោលបំណងបំផ្លាញស្ថិរភាពជាតិ។ ការសរសេរដោយប្រភពតែមួយចំហៀងដោយគ្មានការចូលរួមពីប្រភពអព្យាក្រិត្យណាមួយនោះ មិនមែនជាអ្នកសារព័ត៌មានឯករាជ្យឡើយ។
កម្ពុជាមិនដែលហាមឃាត់អ្នកសារព័ត៌មាន លើការបញ្ចេញមតិនយោបាយទេ ប៉ុន្តែក្រមសីលធម៌វិជ្ជាជីវៈ ទាមទារឱ្យការបញ្ចេញមតិនោះ ត្រូវផ្អែកលើការពិត និងមិនត្រូវយកភាពលំអៀងនយោបាយដែលគ្មានការពិត ធ្វើជាឧបករណ៍ជ្រៀតជ្រែកដើម្បីការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលរដ្ឋខ្មែរបានគាំទ្រតាមរយៈសន្លឹកឆ្នោតរៀងរាល់ប្រាំឆ្នាំនៃការបោះឆ្នោតជាសកលស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាឡើយ។ សេរីភាពនៃការបញ្ចេញមតិរបស់ប្រទេសកម្ពុជា មិនផ្តល់សិទ្ធិឱ្យនរណាម្នាក់ ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនាដែលបង្កគ្រោះថ្នាក់ដល់ភាពសុខសាន្តរបស់សង្គមជាតិនោះឡើយ។
* ត្រូវបោះបង់ចោលភាពហួសសម័យ និងឈោងចាប់នូវគំរូទាន់សម័យនៃសម័យបរិវត្តកម្មឌីជីថល
អង្គការដែលប្តេជ្ញាការពារសេរីភាពនៃការបញ្ចេញមតិ គប្បីត្រូវឈោងចាប់នូវគំរូដែលទាន់សម័យ នោះគឺជាគំរូដែលរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បាននិងកំពុងតែកែទម្រង់លើគ្រប់វិស័យ ជាពិសេសវិស័យសារព័ត៌មានក្នុងសម័យបរិវត្តកម្មឌីជីថល ដើម្បីឱ្យអ្នកសរសេរព័ត៌មានទាំងឡាយត្រូវរាយការណ៍ទាន់ពេលវេលានូវហេតុការណ៍កើតឡើងទាំងក្នុងប្រទេស និងជុំវិញពិភពលោក ដោយការគោរពនូវក្រមសីលធម៌ និងវិជ្ជាជីវៈ, ព័ត៌មានពិតនិងទៀងត្រង់, ប្រព្រឹត្តនូវសេចក្តីថ្លៃថ្នូរ ដោយមិនត្រូវស្ថិតក្រោមឥទ្ធិពលរបស់ក្រុមធ្វើនយោបាយបំផ្លាញជាតិ ដែលបង្កការសាបព្រួសព័ត៌មានមិនពិត ក្នុងបំណងចង់បំផ្លាញស្ថិរភាពរបស់ជាតិឡើយ។
រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានបង្ហាញពីភាពប្តេជ្ញាចិត្តរបស់ខ្លួនច្បាស់លាស់រួចមកហើយក្នុងការលើកកម្ពស់បរិយាកាសនៃសារព័ត៌មានសេរី យុត្តិធម៌ និងការទទួលខុសត្រូវ។ ប្រជាពលរដ្ឋកម្ពុជា ដែលរងទុក្ខវេទនាអស់ជាច្រើនទសវត្សរ៍ក្រោមការឃោសនា និងការបោកបញ្ឆោតបានទទួលយកយុគសម័យថ្មីមួយ ដែលគាំទ្រដល់ការនិយាយប្រកបដោយការទទួលខុសត្រូវ និងឯកភាពជាតិប្រឆាំងនឹងការបង្កភាពវឹកវរ និងអំពើបំបែកបាក់។
លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនង CoolApp ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី៣ ខែឧសភា បានថ្លែងថាលោកសូម «អំពាវនាវដល់អ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់បន្តជ្រោមជ្រែងលើកតម្កើងអ្នកសារព័ត៌មាន ពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងផ្សព្វផ្សាយព័ត៌មានដើម្បីបន្តភាពល្អប្រពៃរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ»។
នៅជាមួយគ្នានេះផងដែរ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀត នូវភាពប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលក្នុងការគាំទ្រ និងការលើកទឹកចិត្តវិស័យព័ត៌មានក្នុងប្រទេស ជាពិសេសអ្នកសារព័ត៌មានដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌និងវិជ្ជាជីវៈ ដែលជាការរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍន៍សង្គម។
ពេលវេលានេះ គឺជាពេលវេលា ដែលបណ្តាអង្គការអន្តរជាតិក្នុងវិស័យសារព័ត៌មាន និងអ្នកគាំទ្រសិទ្ធិរបស់អ្នកសារព័ត៌មាន ត្រូវពិនិត្យសាឡើងវិញនិងឱ្យបានច្បាស់លាស់ នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងអំពាវនាវដល់អ្នកសារព័ត៌មាន ត្រូវហ៊ានសរសេរនូវព័ត៌មានពិតប្រកបដោយការទទួលខុសត្រូវ, ព័ត៌មានមិនលំអៀងដែលជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមជាតិ និងប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយមានចរិតបំពុលសង្គម៕