(កែប)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរនិងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដោយមានការរួមពីលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងអាជ្ញាធរជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ជាច្រើនរូបទៀត។

លោក ស៊ូ ស៊ុន្ទរ៉ា អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សេចក្ដីទុកចិត្តធ្វើការសម្រួលភារកិច្ចផ្ទេរទៅកាន់មន្ទីរខេត្តកែប។ ការសម្រេចសម្រួលភារកិច្ច ប្រធានមន្ទីរនាពេលនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពការងារលើវិស័យសាធារណការ និងដឹកជញ្ជូននៅថ្នាក់ក្រោមជាតិទាំងទៅលើការងារគ្រប់គ្រងទូទៅ សាងសង់គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានចូលរួមអបអរសាទរចំពោះលោក ស៊ូ ស៊ុន្ទរ៉ា អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត មើលឃើញពីគុណវុឌ្ឍ និងភាពប៉ិនប្រសប់ការងារ ទើបសម្រេចតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបនាពេលនេះ។

លោក ប៉េង ពោធិ៍នា ក៏បានស្នើឱ្យលោកប្រធានមន្ទីរថ្មីបន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយ​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់៕