(ភ្នំពេញ)៖ ត្រីមាសទី១ ឆ្នាំ២០២៥នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាពីសប្បុរសជន សរុបជាង៤លានដុល្លារ។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានចំណូលសរុបសមមូលនឹង ៤ ០៣៦ ០៤៨ ដុល្លារអាម៉េរិក ពីសមាជិកកិត្តិយស ៧ រូប សមាជិកគាំទ្រ ២៥ ១៤១ រូប និងសប្បុរសជនផ្សេងៗ ៦ ៦៦២ រូប»។

ទន្ទឹមគ្នានេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ១ ៣៧៥ ៣៧០ ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តសប្បុរសជន និងសាធារណជន ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយធនាគារ ABA, ACLEDA, Canadia, Chip Mong, Wing, Sathapana, Vattanac, J Trust Royal, Cambodian Public, ARDB, SME, Bridge, Prince, Bred, Amret Microfinance និង ភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១ ដើម្បីបង្ហាញពីសាមគ្គីភាព និងក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

ជាសារបាន, មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស ក្នុងគោលបំណងកៀរគរអំណោយ, ឧបត្ថម្ភធន និងវិភាគទានពីប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការបានជាប្រក្រតី ប្រកបដោយនិរន្តរភាព បម្រើគោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា៕