(ភ្នំពេញ)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ និងព្រះធម្មវនវាសី ចន្ទ មុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥

បានអញ្ជើញ និងនិមន្តទស្សនានូវរាល់សមុច្ច័យ ដែលមានដាក់តាំងបង្ហាញក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង។

ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនាសារមន្ទីរខេត្តកំពង់ឆ្នាំង និងពិនិត្យមើលទីតាំងរៀបចំស្តង់វប្បធម៌ បង្ហាញពីប្រពៃណី ទំនៀមទម្លាប់របស់អ្នកស្រុករលាប្អៀរ ត្រៀមសម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ នាពេលខាងមុខផងដែរ។

សារមន្ទីរខេត្តកំពង់ឆ្នាំង គឺជាមណ្ឌលប្រមូលផ្តុំបុរាណវត្ថុជាច្រើន ចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត រហូតដល់សម័យបច្ចុប្បន្ន ដែលបានមកពីបុរាណដ្ឋាន និងរមណីយដ្ឋានប្រាសាទនានាក្នុងខេត្តកំពង់ឆ្នាំង។ សូមជម្រាបថាសារមន្ទីរខេត្តកំពង់ឆ្នាំង ជាតួអាគារមួយខ្នងលាបពណ៌ក្រហម ដែលសង់ជាទម្រង់មានកំពូលបុស្បុកលំអក្បាច់ ដោយចម្លងតាមលំនាំតួកណ្ដាលរបស់សារមន្ទីរជាតិកម្ពុជា(ភ្នំពេញ)។

សារមន្ទីរនេះសាងសង់ឡើងចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅក្នុងដីឡូតិ៍របស់មន្ទីរវប្បធម៌ខេត្តដែលស្ថិតនៅចំពីមុខសួនទឹកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិ ទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង៕