(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បានយកអង្ករ ដែលគេអះអាងថា មានជាតិប្លាស្ទិចមកធ្វើពិសោធន៍ ដើម្បីស្វែងរកការពិត ជាលទ្ធផលនៃការពិសោធន៍ជាច្រើនដំណាក់កាលរកមិនឃើញជាតិប្លាស្ទិច នៅក្នុងអង្ករដូចការអះអាងនោះឡើយ។ នេះបើយោតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ក្រសួងកសិកម្មបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា មន្ទីរពិសោធន៍ជាតិកសិកម្មបានធ្វើវិភាគសំណាកគំរូអង្ករ តាមបច្ចេករហូតដល់ទៅ ៣ដំណាក់កាលរួមមាន៖ ការវិភាគលក្ខណៈរូប តាមរយៈការវាស់ដង់ស៊ីតេអង្ករ និងការវាស់ដង់ស៊ីតេម្សៅអង្ករ, ការវិភាគលក្ខណៈគីមី ដើម្បីស្រាវជ្រាវរកកម្រិតប្រូតេអ៉ីនក្នុងអង្ករ និងការរំលាយអង្ករ ដោយប្រើប្រាស់អាស៊ីតខ្លាំង។
ក្រសួងកសិកម្ម ក៏បានអំពាវនាវទៅដល់សាធារណជនផងដែរថា ប្រសិនមានការសង្ស័យថា មានអង្ករប្លាស្ទិចនៅទីណាមួយនោះ សូមផ្តល់ព័ត៌មានទៅដល់មន្រ្តីបង្គោល របស់ក្រសួងពាណិជ្ជកម្ម ឬសមត្ថកិច្ចជំនាញនៅជិតបំផុត ដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលា។ សាធារណជន ក៏អាចទាក់ទងផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ 023 213 107, 078 673 225, 012 222 261។
សូមបញ្ជាក់ថា ការសម្រេចយកគំរូអង្ករមកធ្វើពិសោធន៍នេះ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយព័ត៌មាន ក៏ដូចជារូបភាពនានាតាមបណ្តាញសង្គម Facebook ថា មានវត្តអង្ករប្លាស្ទិចនៅក្នុងប្រទេសកម្ពុជា។ នាពេលកន្លងទៅខាងអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ក៏ធ្លាប់បានចុះទៅដល់កន្លែងដែលគេអះអាងថា មានអង្ករប្លាស្ទិចផងដែរ តែក្រោយការពិនិត្យ និងពិសោធន៍ គឺរកមិនឃើញថា មានជាតិប្លាស្ទិចនៅក្នុងអង្ករដូចការលើកឡើងនោះឡើយ។
អគ្គនាយកដ្ឋានកាំកុងត្រូលបានប្រកាសផងដែរថា ប្រសិនបើប្រជាពលរដ្ឋណារកឃើញមានអង្ករប្លាស្ទិចលើទីផ្សារកម្ពុជា នឹងទិញយកវិញក្នុងតម្លៃ ១គុណនិង៤ ដើម្បីយកអង្ករនោះទៅធ្វើការពិសោធន៍៕