(ភ្នំពេញ)៖ មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្ហាញការគាំទ្រនិងចង់ឲ្យលោក ដូរណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលកំពុងបង្ខាំខ្លួនឯងនៅក្នុងទីស្នាក់ការបក្ស ក៏បានចេញមកបង្ហាញទស្សនៈ និងជំហររបស់ខ្លួនជុំវិញការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាមេរិកផងដែរ។
សម្រាប់លោក កឹម សុខា មិនបង្ហាញជំហរឲ្យច្បាស់លាស់ថា គាំទ្រលោក ត្រាំ ឬលោកស្រី ហ៊ីលឡារី គ្លីនតុន នោះឡើយ។ លោក កឹម សុខា បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា នេះថា បុគ្គលម្នាក់ៗ អាចបង្ហាញពីការគាំទ្រ ឬ មិនគាំទ្របេក្ខជនប្រធានាធិបតីណាម្នាក់ នៃការបោះឆ្នោតនៅ សហរដ្ឋអាមេរិក តែរូបលោកគាំទ្រនូវលទ្ធផល នៃការបោះឆ្នោតនាពេលខាងមុខ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋអាមេរិក។f
ទោះបីជាយ៉ាងណាប្រធានស្តីទីបក្សប្រឆាំង ដែលបង្ខាំងខ្លួនក្នុងទីស្នាក់ការអស់ជាច្រើនខែមកហើយនោះ បានមើលឃើញថា ទោះបីបេក្ខភាពប្រធានាធិបតី អាមេរិករូបណាជាប់ឆ្នោតក៏ដោយ កម្ពុជាគួរតែបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរជាមួយអាមេរិក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋ។
លោក កឹម សុខា បានបញ្ជាក់ដូច្នេះ «ខ្ញុំយល់ឃើញថា ទោះបីជាបេក្ខជនណាក៏ដោយ ជាប់ឆ្នោតជាប្រធាធិបតី នៃប្រទេសមហាអំណាចមួយនេះ ក្នុងនាមស្ថាប័នរដ្ឋ ក៏ដូចជាក្នុងនាមគណបក្សនយោបាយ យើងគួរបន្ដកិច្ចសហប្រតិបត្ដិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើង ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋខ្មែរយើង»។
សូមបញ្ជាក់ថា ការបង្ហាញទស្សនៈជុំវិញអនាគតប្រធានាធិបតីថ្មីរបស់អាមេរិក ពីសំណាក់ប្រធានស្តីបក្សប្រឆាំងបានធ្វើឡើងក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឃើញលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៣ ខែវិច្ឆិកា ក្នុងឱកាសធ្វើបាឋកថា ចែករំលែកបទពិសោធន៍ដឹកនាំបញ្ជាកម្លាំងដល់នគរបាលកម្ពុជា បានថ្លែងថា បើលោកត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក ស្ថានការណ៍នៅលើពិភពលោកនឹងមានភាពល្អប្រសើរ ត្បិតលោក ត្រាំ ជាអ្នកជំនួញដូច្នេះលោកមិនចង់ពិភពលោកជួបបញ្ហា ឬមានសង្រ្គាមនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានមើលឃើញផងដែរថា ប្រសិនបើលោកស្រី គ្លីនតុន ក្លាយជាប្រធានាធិបតី ពិភពលោកអាចនឹងបន្តមានបញ្ហាស្មុគស្មាញច្រើន។ សម្តេចតេជោ ហ៊ុន សែន មើលឃើញទៀតថា បើលោកស្រី គ្លីនតុន ជាប់ឆ្នោតទំនាក់ទំនងអាមេរិក និងរុស្ស៊ី នឹងមានបញ្ហាខ្លាំង ដែលផ្ទុយពីលោក ត្រាំ ដែលអាចនឹងក្លាយជាមិត្តភក្តិរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន។
សូមរំលឹកផងដែរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់អាមេរិក នឹងចាប់ផ្តើមនៅថ្ងៃទី០៨ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះហើយ។ សន្ទុះនៃការគាំទ្រ លើបេក្ខភាពលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ កំពុងនិងមានការប្រែប្រួលខ្លាំង ពោលការគាំទ្ររបស់លោក ត្រាំ កំពុងស្ទុះឡើង ខណៈលោកស្រី ហ៊ីលឡារី គ្លីនតុន កំពុងធ្លាក់ចុះខ្លាំងទៅវិញ។
ទន្ទឹមនិងការធ្លាក់ចុះនូវចំនួនអ្នកគាំទ្រហើយនោះ លោកស្រី គ្លីនតុន ក៏កំពុងរងនូវព្យុះរឿងអាស្រូវនៃការលួចប្រើប្រាស់ Email ឯកជនជាមួយកិច្ចនយោបាយផ្សេងៗរបស់ជាតិ នៅអំឡុងពេលកាន់ដំណែងជារដ្ឋមន្ត្រីការបរទេស៕