(កណ្តាល)៖ ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និង​គ្មាន​គោល​នយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ សមាជិកគាំទ្រគណបក្សភ្លើងទៀន នៅព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាលចំនួន ១៣នាក់ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានសម្រេចចិត្តដើរចេញពីបក្សខ្លួន និងសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

សមាជិកគណបក្សប្រឆាំងទាំង ១៣នាក់នោះ បានបញ្ជាក់ថា ដោយអស់សង្ឃឹមថា នឹងការបន្តជីវិតនយោបាយជាមួយគណបក្សប្រឆាំង ពួកគេក៏សម្រេចចិត្តផ្តាច់សម្ព័ន្ធមេត្រីភាពជាមួយបក្សដែលខ្លួនស្ម័គ្រស្មោះ ហើយសុំការអនុគ្រោះ​ពី​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជា​មួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។

ពួកគេបានគូសបញ្ជាក់ថា ពួកគេបានមើលឃើញច្បាស់​ដោយ​ឥតសង្ស័យ គណ​បក្ស​ប្រជាជន​កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណ​បំណាច់ដ៏ធំធេង​សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ​ដ៏ខ្លាំង​ពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យ​ពូជ​សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

សមាជិកគណបក្សប្រឆាំងទាំង ១៣នាក់នោះ បានប្រកាសបម្រើ ការពារស្ម័គ្រស្មោះជា​មួយ​​បក្ស​ប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេស​មិន​ចាញ់​​បោក​ការ​អូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។

ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕