(ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌូនេស៊ី បានរៀបចំសន្និសីទស្ដីពី «វេជ្ជសាស្ត្របេះដូងអន្តរជាតិលើកទី២ កម្ពុជា-ឥណ្ឌូនេស៊ី» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ តាមរយៈភាពជាដៃគូរវាងមន្ទីរពេទ្យបេះដូង និងសរសៃឈាម ហារ៉ាប់ប៉ាន់ គីតា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។

លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ និងមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គឺតា ក្នុងការរៀបចំសន្និសីទជាលើកទីពីរជាប់ៗគ្នា។ បើតាមលោកឯកអគ្គរដ្ឋទូត ការរៀបចំសន្និសិទនេះ បានរួមចំណែកយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុខភាពសាធារណៈនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Santo ក៏បានបន្ថែមថា៖ «ភាពជាដៃគូដែលកំពុងរីកចម្រើនរវាងមន្ទីរពេទ្យឈានមុខទាំង នៃប្រទេសទាំងពីរ បានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល។ កិច្ចសហការរវាងមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គឺតា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អាចបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសុខភាពកាន់តែទូលំទូលាយ ដូចជាឱសថ បរិក្ខារពេទ្យ ឱសថរុក្ខជាតិ និងបច្ចេកវិទ្យាសុខភាពឌីជីថល»

នៅក្នុងឱកាសនោះដែរលោកវេជ្ជបណ្ឌិត Iwan Dakota នាយកមន្ទីរពេទ្យហារ៉ាប៉ាន គឺតា បានសម្តែងសុទិដ្ឋិនិយមចំពោះភាពជាដៃគូរបស់គាត់ជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយសង្ឃឹមថា គ្រូពេទ្យកម្ពុជាកាន់តែច្រើននឹងទទួលការបណ្តុះបណ្តាលនៅប្រទេសឥណ្ឌូនេស៊ី។ កម្មវិធីបណ្តុះបណ្តាលវេជ្ជបណ្ឌិតអន្តរជាតិអាចផ្តល់នូវការយល់ដឹងអំពីស្ថានភាពសុខភាពនៅក្នុងប្រទេសផ្សេងទៀត រួមទាំងប្រទេសកម្ពុជា ដែលអាចប្រើប្រាស់ដោយអ្នកផ្តល់សេវាសុខភាពនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីទទួលបានឱកាសអាជីវកម្ម។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា មានប្រសាសន៍ថា កិច្ចសហការរវាង មន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គឺតា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពសាធារណៈ។

លោកសាស្ត្រាចារ្យ វ៉ាន់នី បានកោតសរសើរចំពោះវិធីសាស្រ្តនៃសេវាកម្មដ៏ទូលំទូលាយ ដែលអនុវត្តដោយ មន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គឺតា ជាវិធីសាស្រ្តមួយដែលត្រូវធ្វើតាមគ្រប់សេវាសុខភាពក្នុងប្រទេសកម្ពុជា។

ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងភ្នំពេញបានជំរុញយ៉ាងខ្ជាប់ខ្ជួននូវកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា។ នៅឆ្នាំ២០២៤ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងភ្នំពេញបានរៀបចំពិធីបុណ្យសុខភាពឥណ្ឌូនេស៊ីនៅខេត្តព្រះសីហនុ ដែលនៅក្នុងព្រឹត្តិការណ៍នោះ មានការចូលរួមពី មន្ទីរពេទ្យសរសៃឈាម ហារ៉ាប៉ាន គឺតា ផងដែរនោះ និងនាំឱ្យមានឱកាសជាច្រើនសម្រាប់ផលិតផលឱសថឥណ្ឌូនេស៊ី និងឱសថរុក្ខជាតិនៅកម្ពុជា។

ឱកាសធុរកិច្ចក្នុងវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែបើកចំហចំពោះអ្នកធុរកិច្ចឥណ្ឌូនេស៊ី ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវការធានាគុណភាពសេវាសុខភាពថ្នាក់ជាតិ។ ក្រុមហ៊ុនឱសថឥណ្ឌូនេស៊ីឈានមុខគេមួយចំនួនដូចជា Dexa Medica, Kalbe Farma និង Sanbe មានបណ្តាញចែកចាយជាច្រើននៅក្នុងប្រទេសកម្ពុជារួចទៅហើយ។

សូមជម្រាបថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តលើកកម្ពស់ផលិតផល និងសេវាកម្មសុខភាពរបស់ប្រទេសឥណ្ឌូនេស៊ី ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងភ្នំពេញនឹងរៀបចំពិព័រណ៍ «Sousdey Indonesia 2025» ដែលជាពិព័រណ៍ទោលដែលបង្ហាញពីផលិតផល និងសេវាកម្មឥណ្ឌូនេស៊ីជាច្រើនប្រភេទ ដែលននឹងប្រព្រីត្តទៅនៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ៕