(ភ្នំពេញ)៖ សារមន្ទីរបារាំងឈ្មោះថាហ្គីមេ (Guimet) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «សំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព» ដែលផ្តុំដោយរូបសំណាកសំរឹទ្ធខ្មែរយ៉ាងច្រើន ពិសេសព្រះនរាយណ៍ ឬព្រះវិស្ណុផ្ទុំដ៏ធំ និងល្បីល្បាញ ដែលបានរកឃើញនៅប្រាសាទមេបុណ្យខាងលិច។ ពិព័រណ៍នេះ បើកឲ្យសាធារណជនចូលទស្សនា ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
ពិព័រណ៍នេះ មានរូបសំណាកបុរាណខ្មែរជាង២០០ ដោយក្នុងនោះរូបសំណាកសំរឹទ្ធចំនួន១២៦ បានខ្ចីក្នុងលក្ខខ័ណ្ឌយ៉ាងពិសេស ពីសារមន្ទីរជាតិនៃកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យអ្នកទស្សនា បានឈ្វេងយល់តាមកាលប្បវត្តិនៃសិល្បៈធ្វើសំរឹទ្ធ ក្នុងប្រទេសកម្ពុជា ចាប់ពីសតវត្សទី៩ ដល់បច្ចុប្បន្ន។
សារមន្ទីរហ្គីមេ បានបញ្ជាក់ថា «នេះជាលើកដំបូង ដែលពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព (Royal bronzes of Angkor. An art of the divine) បង្ហាញពីស្នាដៃសំខាន់ៗនៃរូបសំណាកសំរិទ្ធខ្មែរ ដោយខ្ចីពីសារមន្ទីរជាតិកម្ពុជា និងមានស្រាប់នៅសារមន្ទីរ Guimet រួមទាំងព្រះវិស្ណុដ៏ល្បីល្បាញ ដែលយកពីប្រាសាទមេបុណ្យខាងលិច»។
លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងពិព័រណ៍នៅប្រទេសបារាំងនេះដែរ ក្រៅពីរូបចម្លាក់ព្រះវិស្ណុផ្ទុំដ៏ធំ ក៏មានរូបចម្លាក់ខ្មែរផ្សេងទៀត ដែលសារមន្ទីរហ្គីមេបានខ្ចី ចំនួន១២៦ បូករួមទាំងរូបចម្លាក់ដែលគេមាននៅសារមន្ទីរនេះស្រាប់។ ចំពោះរូប ១២៦នោះ សារមន្ទីរជាតិកម្ពុជា បានជ្រើសរើសយករូបផ្សេងៗគ្នា មានទាំងរូបអាទិទេពក្នុងព្រហ្មសាសនា និងពុទ្ធសាសនា ក៏ដូចជារូបចម្លាក់ដែលបង្ហាញពីស្ថាបត្យកម្មខ្មែរ ពោលគឺយករូបណាដែលបង្ហាញពីបច្ចេកទេសនៃការសិតលោហៈរបស់ខ្មែរពីសម័យអង្គរ។
សូមជម្រាបថា ក្នុងឆ្នាំ១៩៣៦ ការធ្វើកំណាយស្រាវជ្រាវបានរកឃើញបដិមារូបព្រះវិស្ណុផ្ទំមួយកំណាត់ព្រះកាយយ៉ាងធំ ដែលធ្វើពីសំរឹទ្ធនិងស្រោបដោយមាស នៅកណ្ដាលប្រាសាទមេបុណ្យខាងលិច។ បដិមាព្រះវិស្ណុំផ្ទុំដ៏ល្អវិចិត្រនេះ ត្រូវបានរៀបចំគម្រោងជួសជុល ដែលជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងបច្ចេកទេសមួយរវាងបារាំងនិងកម្ពុជា ដែលបានឯកភាពគ្នា ឆ្នាំ២០១៩។
គម្រោងនេះ បានជួសជុលអភិរក្ស និងសិក្សាវិភាគសមាសភាពផ្សំលើប្រតិមាព្រះនារាយណ៍ផ្ទុំ នៅវិទ្យាស្ថាន Centre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីធ្វើការឈ្វេងយល់បន្ថែមពីបច្ចេកទេសដ៏ប៉ិនប្រសព្វនៃការសិតលោហៈខ្នាតធំមហាសាលក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងបោះពុម្ពផ្សាយយ៉ាងទូលំទូលាយ ដើម្បីចែករំលែកពីបទពិសោធន៍និងទេពកោសល្យក្នុងការសិតលោហៈនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ក្រៅពីការងារវិភាគបច្ចេកទេស ក្រុមជំនាញបានសាកល្បងផ្គុំបំណែកទាំង៣៩ ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាលជិត ១០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា 3D ដើម្បីបានដឹងពីទីតាំងនៃបំណែកទាំងនោះ។
ក្រោយគម្រោងអភិរក្ស និងវិភាគស្រាវជ្រាវនេះបញ្ចប់ បដិមាដ៏វិចិត្រនេះ ត្រូវដាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ ក៏មានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធចំនួន១២៦ ផ្សេងទៀត ដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជា។ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព ដែលរៀបចំនៅសារមន្ទីរជាតិហ្គីមេនា បង្ហាញពីការវិវឌ្ឍបច្ចេកទេសនៃការសិតលោហៈក្នុងអារ្យធម៌ខ្មែរ រាប់ចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត ដល់សម័យក្រោយអង្គរ។ ក្រោយបញ្ចប់ពិព័រណ៍មិនអចិន្ត្រៃយ៍ នៅសារមន្ទីរហ្គីមេ បដិមានេះ នឹងបន្តដំណើរទៅដាក់តាំងនៅប្រទេសអាមេរិក ចំនួន៣ ទីតាំងបន្ថែមទៀត។
ការធ្វើដំណើររបស់បដិមាព្រះនរាយណ៍ផ្ទុំ ដែលជាអាទិទេពព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជាការនាំយកនូវទេពកោសល្យល្អឯកនៃបច្ចេកទេសសិតលោហៈដ៏អស្ចារ្យ របស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឲ្យសាធារណជនបានឈ្វែងយល់បន្ថែម ពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ។
មិនទាន់មានការបកស្រាយលម្អិតពីរបៀបដែលខ្មែរអាចផលិតបដិមាព្រះវិស្ណុ ដែលធ្វើពីលោហៈសំរឹទ្ធ ហើយស្រោបដោយមាសខ្នាតយក្សបែបនេះទេ។ ប៉ុន្តែបើតាមលោកបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសម័យអង្គរ ខ្មែរធ្លាប់មានឡស្លលោហៈធំជាងគេនៅអាស៉ីអាគ្នេយ៍ ដែលគ្មានប្រទេសណាមួយនៅតំបន់នេះ ស្លលោហៈបានល្អដូចខ្មែរទេ ជាពិសេសការស្លសំរឹទ្ធ ដែលប្រើកម្តៅដល់ទៅ ១៣០០អង្សា៕