(ពោធិ៍សាត់)៖ នាយកដ្ឋានប្រតិបត្តិការឆ្លើយតប និងស្តារឡើងវិញ និងអង្គភាពគ្រប់គ្រងគម្រោង អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដោយទទួលបានការការគាំទ្រ ពីគម្រោងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នាថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០២៥ បានរៀបចំសិក្ខាសាលា លំហាត់សាកល្បងលើតុ ស្តីពីការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ ដែលមានរយៈពេល១ថ្ងៃពេញ។

វគ្គអប់រំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំជាន់ទី១សាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ប្រាក់ គឺមហុង អគ្គលេខាធិការរង គ.ជ.គ.ម. តំណាងលោក គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក លឹម សុខតូ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីប្រធាន និងសមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ឃុំ ស្រុក និងខេត្ត នៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងមួយចំនួន។

គួរជម្រាបជូនថា លំហាត់សាកល្បងនេះ មានគោលបំណងដើម្បី៖
ទី១៖ ឆ្លុះបញ្ចាំង ពីការប្រើប្រាស់សៀវភៅត្រៀមបម្រុង និងឆ្លើយតបបន្ទាន់គ្រោះទឹកជំនន់ឆ្នាំ ២០២៤ និងផ្តល់អនុសាសន៍ ដើម្បីកែលម្អសម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់។
ទី២៖ ពង្រឹងសមត្ថភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រៀបចំយុទ្ធសាស្រ្តឆ្លើយតបគ្រោះទឹកជំនន់ អនុឡោមតាមនីតិវិធីប្រតិបត្តិស្តង់ដារ ដែលបានដាក់ចេញ។
ទី៣៖ ពង្រឹងការអនុវត្តតួនាទី និងការទទួលខុសត្រូវ របស់អ្នកពាក់ព័ន្ធ ដើម្បីសម្របសម្រួល និងឆ្លើយតបគ្រោះមហន្តរាយបន្ទាន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕