(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងអំពាវនាវដល់គណៈកម្មាធិការជំងឺអេដស៍ខេត្តទាំងអស់ ត្រូវបង្កើនសមត្ថភាពស្ថាប័នដើម្បីឆ្លើយតបទៅ​នឹងជំងឺអេដស៍​ឲ្យបានទូលំទូលាយ ព្រមទាំងរួមបញ្ចូលមិនត្រឹមតែការផ្តល់កិច្ចគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះប៉ុណ្ណោះទេ ប៉ុន្តែក៏មានកិច្ចខិតខំប្រឹងប្រែងដ៏រឹងមាំក្នុងការបង្ការ ការថែទាំ និងការព្យាបាលផងដែរ។

ការអំពាវនាវយ៉ាងដូច្នេះរបស់លោកទេសរដ្ឋមន្ត្រី អៀង មូលី នៅក្នុងឱកាសបើកកិច្ចប្រជុំសម្របសម្រួល និងផ្សព្វផ្សាយការអនុវត្តនីតិវិធី ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល (មសស) សម្រាប់បុគ្គលបម្រើ​ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រពន្ធ័ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីប្រធាន​គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍​រាជធានី-ខេត្ត ចំនួន៧ និងលោក លោកស្រី តំណាងស្ថាប័នពាក់ពន្ធ័ អង្គការជាតិ និងអន្តរជាតិ​ ព្រមទាំងនៅក្នុងប្រពន្ធ័ Zoom ផងដែរ។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបន្តថា អស់រយៈពេលជាងបីទស្សវត្សរ៍មកហើយ ដែលប្រទេសកម្ពុជា បានតស៊ូយ៉ាងស្វិតស្វាញក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ នៅកម្រិតជាតិ ថ្នាក់តំបន់ និងពិភពលោក។ កម្ពុជា បានបោះជំហានគួរឱ្យកត់សម្គាល់ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ទេសរដ្ឋមន្ត្រី បន្តថា ការឆ្លងថ្មីនៃមេរោគអេដស៍ បានថយចុះគួរឱ្យកត់សម្គាល់ពី ១៥,០០០ករណីក្នុងឆ្នាំ១៩៩៦ និង ១៩៩៧ មកត្រឹមតែ ១,២០០នាក់ ក្នុងឆ្នាំ២០២៣។ លទ្ធផលនៃការធ្វើតេស្ត និងការព្យាបាល​ថ្នាក់ជាតិ​បានឈានដល់កម្រិត ៨៩-៩៨-៩៨ ក្នុងឆ្នាំ២០២៣ ដែលតួលេខនេះត្រូវបានអង្គការ (UNAIDS) ដាក់ប្រទេសកម្ពុជានៅលេខទី១០ ក្នុងចំណោមប្រទេសចំនួន១៩៥ នូវការបង្ក្រាបមេរោគជាង ៨៦% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍។

លោកទេសរដ្ឋមន្ត្រី បន្តទៀតថា នៅពេលដែលពេលវេលាកាន់តែវិវត្តទៅមុខ បញ្ហាប្រឈមថ្មីៗ បានកើតឡើងជាបន្តបន្ទាប់ ការឆ្លងថ្មីនៃមេរោគអេដស៍ត្រូវបានព្យាករណ៍ថា កើនឡើងក្នុងចំណោមមនុស្សវ័យក្មេង ក្នុងរយៈកាល ៦ឆ្នាំទៅមុខនេះ គេបានប៉ាន់ប្រមាណថានឹងមានមនុស្ស ៧,២០០នាក់ ឆ្លងមេរោគអេដស៍ថ្មី ដែលពាក់កណ្តាលនៃពួកគេ គឺជាបុគ្គលវ័យក្មេង (ជាពិសេសបុរសវ័យក្មេង) ដែលមានអាយុពី ១៥-២៤ ឆ្នាំ។ បុគ្គលទាំងនេះនឹងត្រូវការការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART) លើសពី ៥០ឆ្នាំ ដែលបង្កើតជាបន្ទុកសេដ្ឋកិច្ចយ៉ាងធំធេងលើប្រទេសជាតិ។

ការកាត់បន្ថយមូលនិធិសកល (GFATM) មូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ (GFATM) បានប្រកាសពីការកាត់បន្ថយជំនួយពី ៣០% ទៅ ៥០% នៅក្នុង​ជំនួយ​ឥតសំណង ២០២៧-២០២៩ មកដល់ប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងរយៈពេល ២០២៤-២០២៦។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញគោលនយោបាយជាតិ ស្តីពីការបញ្ចប់ជំងឺអេដស៍ និងនិរន្តរភាពនៃកម្មវិធីមេរោគអេដស៍ ឆ្នាំ២០២៣-២០២៨។ គោលនយោបាយនេះ រំពឹងថានឹងកម្រិតការឆ្លងមេរោគអេដស៍ថ្មី ឱ្យតិចជាងមួយនាក់ក្នុងមួយថ្ងៃ ឬរង្វង់ ២០០នាក់ក្នុងមួយឆ្នាំ។

ស្របតាមចក្ខុវិស័យនៃគោលនយោបាយនេះ ក្រុមការងារបច្ចេកទេសចម្រុះដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាល បានសម្រេចចិត្តបង្កើនសូចនាកររួមគ្នាលើការធានាគាំពារសង្គម សម្រាប់អ្នកផ្ទុកមេរោគអេដស៍ឱ្យកើនពី ៥២% នៅឆ្នាំ២០២៣ ដល់ ៩៥% នៅឆ្នាំ២០២៥ និងលើប្រជាជន គន្លឹះ(KP) ឱ្យបានរហូតដល់ ៥០% នៅឆ្នាំ២០២៨។

លោកទេសរដ្ឋមន្ត្រី បានបន្តថា បន្ទាប់ពីការចេញប្រកាសអន្តរក្រសួងលេខ ៣៥៩ ក្នុងខែមិថុនា ឆ្នាំ២០២៣ និងស្របតាមវិធានការគោលនយោបាយលេខ ៤ នៃគោលនយោបាយជាតិ ស្តីពីការបញ្ចប់ជំងឺអេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨ មានសកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដើម្បីពង្រីកកម្មវិធីគាំពារសង្គមផ្តល់ មូលនិធិសមធម៌សុខាភិបាល (មសស) ដល់ប្រជាជនគន្លឹះនៅប្រទេសកម្ពុជា។

ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ដោយមានការគាំទ្រពី LHSS/USAID អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល បានបង្កើតការណែនាំជាជំហានៗ សម្រាប់ការចុះឈ្មោះប្រជាជន​គន្លឹះឱ្យទទួលបាន​សេវាគាំពារសង្គម។ កិច្ចប្រជុំពេញអង្គនៃ អ.ជ.ប.ជ.អ. ខែមិថុនា និងវិច្ឆិកា ឆ្នាំ២០២៤ បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ រាជធានី ខេត្ត សហការយ៉ាងសកម្មជាមួយបណ្តាញប្រជាជនគន្លឹះ និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការចុះឈ្មោះ ប្រជាជនគន្លឹះឱ្យទទួលបាន (មសស)៕