(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមនិងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដោយឈ្លាសវៃ ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានក្រសួងមុខងារសាធារណៈជាសេនាធិការនោះ កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងសម្រេចបានជោគជ័យ នាំមកនូវឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ សម្តេចបានមានប្រសាសន៍បន្តថា សមិទ្ធផលក្នុងរយៈពេល ២០ ខែកន្លងមកនេះ គេបានមើលឃើញថា ការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការដាក់ចេញ និងការអនុវត្តកម្មវិធីគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងសក្ត័សិទ្ធិភាព បានត្រួសត្រាយនិងជាមាគ៌ាឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ សិក្ខាសាលានេះបានរៀបចំឡើងដោយ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនៃរដ្ឋសភា សហការជាមួយ ក្រសួងមុខងារសាធារណៈ ដែលមានអ្នកចូលរួម មកពីភាគីពាក់ព័ន្ធទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ មានអ្នកចួលរួមប្រមាណជាង៣០០នាក់។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់នេះ ជាបេសកកម្មបន្តជំនាន់ ដែលចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី បានអនុវត្តរៀងរហូតមក។ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តដ៏មោះមុតនិងមិនងាករេ ដោយបញ្ជាក់យ៉ាងច្បាស់ថា «កែទម្រង់ គឺយើងរស់ បើមិនកែទម្រង់ គឺយើងស្លាប់»។ ការប្ដេជ្ញាចិត្តដ៏ម៉ឹងម៉ាត់នេះធ្វើឱ្យ វិស័យមុខងារសាធារណៈនៅកម្ពុជាត្រូវបានអភិវឌ្ឍ និងពង្រឹងជាបន្តបន្ទាប់ ជាមួយនឹងការបោះជំហានទៅមុខប្រកបដោយភាពប្រាកដនិយម និងវិជ្ជមានតាមរយៈយុទ្ធសាស្ត្រត្រីកោណ និងចតុកោណទាំងបួនដំណាក់កាលកន្លងមក។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន តែងលើកទឹកចិត្តដល់អ្នកបន្តវេនគ្រប់ជំនាន់ឱ្យប្រកាន់ខ្ជាប់នូវ ទស្សនាទាននៃការធ្វើកំណែទម្រង់ជាប់ជាប្រចាំ ដោយមិនត្រូវភ័យខ្លាច ឬចុះញ៉មជាដាច់ខាត។ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចសមិទ្ធផលធំធេងនៅក្នុងរយៈពេល២០ខែមកនេះ សបញ្ជាក់ពីការប្ដេជ្ញាចិត្តមោះមុត របស់ រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់សាធារណៈឱ្យមានប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ។ កំណែទម្រង់ដែលជោគជ័យផ្អែកលើកត្តាសំខាន់ ៤ រួមមាន ចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តខ្ពស់ ការចូលរួមដោយស្មោះត្រង់ និង ការលះបង់។ គោលការណ៍ទាំងបួននេះ មានភាពប្រទាក់ក្រឡាគ្នា និងទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ដំណើរឆ្ពោះទៅមុខរួមគ្នា ដោយធានានូវសុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នានៃភាពប្រទាក់ក្រឡា រវាងក្រសួង ស្ថាប័ន ដែលទាមទារឱ្យមានភាពច្បាស់លាស់ផ្នែកគតិយុត្ត ការឯកភាព ទាំងគុណតម្លៃ និងទស្សនៈរួម ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព និងការអភិវឌ្ឍ ដែលជាមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពស្វាហាប់របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ដោយឆ្លើយតបឱ្យបានទាន់ ពេលវេលា ទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ត្រូវបានដាក់ ឱ្យអនុវត្ត និងប្រើប្រាស់ជាត្រីវិស័យ ក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។