ស្ដ្រីម្នាក់ឈឺពោះឆ្លងទន្លេតាមផ្លូវ នៅគល់ស្ពានអ្នកលឿន ត្រូវនគរបាលស្រុកពាមរក៍ ជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ
29-04-2025 14:14
(ព្រៃវែង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុក នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានចុះអន្តរាគមន៍ធ្វើការជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេ តាមផ្លូវបានទារកម្នាក់ នៅវេលាម៉ោង ៤៖៤៥នាទីរសៀល ត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង។
ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើតនោះមានឈ្មោះ ឌី ចន្ធូ អាយុ២៨ឆ្នាំ មានមុខរបរជាមេផ្ទះ និងប្ដីឈ្មោះ ហឿន រ៉ាវី អាយុ៣៤ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ យករថយន្តស៊ីរ៉ែនរបស់អធិការដ្ឋានដឹកនាំ និងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដោយសុវត្ថិភាពទាំងម្ដាយ និងកូន បានទាន់ពេលវេលា។
បើតាមស្ត្រីដែលបានសំរាលកូនតាមផ្លូវឈ្មោះ ឌី ចាន់ធូ អាយុ២៨ឆ្នាំ បានឲ្យដឹងថា គាត់មានបំណងធ្វើដំណើរមកសំរាលកូននៅពេទ្យបង្អែកអ្នកលឿង តែដោយចៃដន្យ គាត់ឈឺពោះក៏សំរាលតាមផ្លូវតែម្តងទៅ មានក្រុមនគបាល ស្រុកពាមរក៍បានជួយបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ក្រុមពេទ្យឆ្មបបានជួយសង្គ្រោះគាត់ទទួលបានកូនប្រុសម្នាក់ទម្ងន់ ២.៦០០ក្រាម។
បើតាមក្រុមគ្រូពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកអ្នកលឿង បានឲ្យដឹងថា ទារកមានសារពាង្គកាយធម្មតាតែម្តាយមានទឹកភ្លោះ M គាត់សំរាលកូនទី៤ តែមកដល់ម៉ោងនេះទាំងម្តាយ និងកូនមានសុខភាពល្អធម្មតាទេ ក្រុមគ្រូពេទ្យកំពុង ទទួលព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿងនៅឡើយ។
ឯសេវាព្យាបាល ក្រុមអនុគណៈកម្មកាត្រួតពិនិត្យតាមដាន បានសម្រេចលើកលែងបង់ថ្លៃទាំងស្រុង៕