(ភ្នំពេញ)៖ លោក LI MENG CHEN អគ្គនាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបមិន គ្រុប ឯ.ក ស្នើសុំអនុសាសន៍ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការគាំទ្រផ្សព្វផ្សាយគម្រោងតារាសាគររបស់ក្រុមហ៊ុន ព្រមទាំងសំណើចូលរួមក្នុងព្រឹត្តការណ៍បុណ្យសមុទ្រ ឆ្នាំ២០២៥។
សំណើនេះបានធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក LI MENG CHEN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal City Development Group Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីគោរពរាយការណ៍ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួង នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
តបតាមការស្នើសុំរបស់ក្រុមហ៊ុន, ក្រសួងនឹងសហការជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅស្រុក រួមទាំង Influencer ជួយផ្សព្វផ្សាយពី គម្រោងរបស់ក្រុមហ៊ុនជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឲ្យបានច្រើនបន្ថែមទៀត។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនចំពោះសំណើចូលរួមក្នុងព្រឹត្តការណ៍បុណ្យសមុទ្រឆ្នាំ២០២៥ ខាងមុខនេះ និងកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាពលរដ្ឋចិន ជាពិសេសពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសណ្តាប់ធ្នាប់សាធារណៈល្អ។
ក្នុងជំនួបប្រកបដោយផ្លែផ្កា រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពលើ ការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនកន្លងមក ដើម្បីទាក់ទាញអ្នកទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិនមកទស្សនាកម្ពុជា ពោលគឺតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា។
លើសពីនេះ ការអភិវឌ្ឍលើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកឲ្យកាន់តែសំបូរបែប និងងាយស្រួល ព្រមទាំងផលិតផលទេសចរណ៍ថ្មី និងមានតម្លៃជាច្រើន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍៕