(តាកែវ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបធៀបការរៀបចំបណ្ដាញសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងសរសៃឈាមរបស់មនុស្ស ពោលត្រូវតែរត់ទៅគ្រប់កោសិកាទាំងអស់ ទើបរាងកាយរបស់មនុស្សរឹងមាំល្អ។
ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៤១ ៣១ និង៣៣ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តផ្សេងទៀតនាខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ដើម្បីឲ្យបណ្ដាញសេដ្ឋកិច្ចកម្ពុជាកាន់តែមានការរីកចម្រើន ដូច្នេះការអភិវឌ្ឍមិនមែនធ្វើឡើងតែនៅរាជធានីភ្នំពេញនោះទេ ពោលត្រូវតែអភិវឌ្ឍន៍នៅគ្រប់ខេត្តទាំងអស់។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា គឺដើម្បីភ្ជាប់តំបន់ដែលមានសក្ដានុពលជាមួយគ្នាឲ្យបានគ្រប់ទីកន្លែង ទើបទាញផលត្រង់ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់។ ជាក់ស្ដែង ផ្លូវទាំង៣ខ្សែ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ គឺជាបន្ថែមនូវបណ្តាញផ្លូវតភ្ជាប់ដ៏ប្រទាក់ក្រឡាគ្នានៅខេត្តភាគនិរតី។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការកសាងហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីភ្ជាប់តំបន់សក្ដានុពលទាំងនោះ ដើម្បីពង្រាយ ប្រៀបដូចខ្លួនមនុស្សយើងទាល់តែសុខភាពល្អគ្រប់កន្លែង មិនអាចមុខស្រស់ តែខ្លួន ដៃជើង ស្វិតនោះទេ ត្រូវរីកទាំងអស់ឈាមត្រូវរត់ឲ្យដល់គ្រប់កន្លែងទើបខ្លួនយើងរឹងមាំ [...] ប្រទេសយើងដូចគ្នា គ្រប់ខេត្ត គ្រប់ក្រុង គ្រប់ស្រុក គ្រប់ឃុំ គ្រប់ភូមិ ត្រូវតែរីកចម្រើនគ្រប់កោសិកាទាំងអស់ ទើបប្រទេសរីកចម្រើន មិនអាចរីកត្រឹមតែរាជធានីភ្នំពេញនោះទេ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, ដោយសារតែការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន និងការផ្ដល់នូវការអនុគ្រោះពីសំណាក់រាជរដ្ឋាភិបាល ទើបធ្វើឲ្យកម្ពុជាបានក្លាយទៅជាប្រទេសដែលជាគោលដៅវិនិយោគ និងទេសចរណ៍ ហើយអ្នកដែលទទួលបានផលខ្លាំងជាងគេ គឺប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននៃការអភិវឌ្ឍទាំងអស់នេះ។ នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទាញនូវការចាប់អារម្មណ៍ទៀតថា សមិទ្ធផលខ្សែផ្លូវដ៏ថ្មីសន្លាងទាំងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរលើ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ ជាបន្តបន្ទាប់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ត្រូវបន្តរួមសហការខិតខំបំពេញការងារ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និងអភិវឌ្ឍផ្លូវ-ស្ពាន ដើម្បីតភ្ជាប់ បណ្តាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាង ឲ្យមាននិរន្តរភាពទាំងគុណភាព និងប្រសិទ្ធផល៕