(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ចីរបស់កម្ពុជាពីប្រទេសនានា និងអង្គការដៃគូអភិវឌ្ឍ យកមកប្រើប្រាស់សម្រាប់ពង្រីកសក្តានុពលសេដ្ឋកិច្ច ដូចជាការធ្វើផ្លូវ និងស្ពានជាដើម។ សម្តេចមហាបវរធិបតី បានបន្តថា កម្ចីក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជូនទៅប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី បានថ្លែងទៀតថា ប្រភពចំណូលរបស់រដ្ឋនានាលើលោកនេះ ដោយផ្អែកលើមូលដ្ឋានពន្ធនិងកម្ចី។ ចំពោះពន្ធនៅកម្ពុជា មានលក្ខណៈតូចណាស់ ខណៈប្រទេសខ្លះលើលោកនេះមានពន្ធធំណាស់ ហើយពន្ធខ្លះមានដល់ទៅពន្ធត្រួតគ្នាទៀតផង។
គិតត្រឹមបំណាច់ឆ្នាំ២០២៤ កម្ពុជាមានបំណុលសាធារណៈ សរុបចំនួនជាង១២ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ២៥.៨ % នៃ ផ.ស.ស. ក្នុងនោះបំណុលសាធារណៈក្នុងប្រទេសមានចំនួន ១១៥ លានដុល្លារអាមេរិក និងបំណុលក្រៅប្រទេសមានចំនួនជាង ១២ពាន់លានដុល្លារអាមេរិក។
សម្តេចបានថ្លែងទៀតថា កម្ចីពីប្រទេសជាមិត្ត និងដៃគូនានា រាជរដ្ឋាភិបាលកម្ពុជា មិនដែលយកទៅបើកប្រាក់ខែមន្ត្រីទេ តែយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍប្រទេស។ ម្យ៉ាងទៀត កម្ចីរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «យើងយកមក (កម្ចី) ដើម្បីបង្កើនចំណូល (ពលរដ្ឋ) ១៨០លាន (ដុល្លារ) ការប្រាក់ទាប ធ្វើផ្លូវ ២០០គីឡូ (ម៉ែត្រ) ជួយឲ្យប្រជាជនរស់តាមផ្លូវហ្នឹង បង្កើតសេដ្ឋកិច្ច ចំណូលរាប់ពាន់។ នេះហើយគេហៅថា ការគ្រប់គ្រង»។
សម្តេចបានបន្តថា «រដ្ឋខ្ចីមែន ប៉ុន្តែបង្កើតហេដ្ឋារចនាសម្ព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនេះ បង្កើតឱកាសសេដ្ឋកិច្ច លុយចូលហោប៉ៅប្រជាជនផង លុយចូលមករដ្ឋផង។ នេះហើយជាការចែកផលលាភ នៃការអភិវឌ្ឍ»។
បើតាមប្រសាសន៍សម្តេចមហាបវរធិបតី លើលោកនេះ រដ្ឋាភិបាលណាក៏ខ្ចីគេដែរ ពោលគឺប្រទេសតិចណាស់ ដែលមិនខ្ចីគេ។ បើមានប្រទេសណាគេមិនខ្ចី ព្រោះគេយកវិធានការដំឡើងពន្ធ លើកលែងតែប្រទេសខ្លះមិនដំឡើងពន្ធ ព្រោះគេមានធនធានធម្មជាតិច្រើន ដូចជាប្រេង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលមានការសាងសង់ផ្លូវ នឹងធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ចកាន់តែរស់រវើក៕