(ភ្នំពេញ)៖ មនុញ្ញផលសុខសន្តិភាពដែលរកបានដោយលំបាកពីសំណាក់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា រួមជាមួយ​សេនាធិការរបស់សម្តេច បាននាំមកនូវសមិទ្ធផលជាទីគាប់ចិត្តសម្រាប់ជាតិ និង​ប្រជាជនកម្ពុជាជាហូរហែហើយបម្រើជាប្រយោជន៍យ៉ាងសំខាន់ សម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជា។

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ផ្លូវជាតិចំនួន៣ខ្សែទៀត គឺផ្លូវជាតិលេខ៤១ ៣១ និង៣៣ តភ្ជាប់រាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតទៅកាន់ខេត្តជាប់សមុទ្រនាភាគនិរតីនៃប្រទេស ត្រូវបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធសមិទ្ធផលជាតិដ៏មានសារៈសំខាន់ទាំង៣ខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីរីករាយ ដែលបានចូលរួមសាជាថ្មីជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៣១, ផ្លូវជាតិលេខ៣៣ និង ផ្លូវជាតិលេខ៤១។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ក្នុងខែមេសា ឆ្នាំ២០២៥នេះ សម្តេច និងលោក វ៉ាង វិនពីន បានសម្ពោធសមិទ្ធផលរួមគ្នាជាច្រើនមានដូចជា ការទំនើបកម្មមូលដ្ឋានសមុទ្ររាម, ផ្លូវជាតិលេខ៧១សេ, ផ្លូវជាតិលេខ៣៣, ៣១ និង៤១។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបឯកអគ្គរដ្ឋទូតចិនថា តាកែវ មិនមែនល្បីតែបង្កងនោះទេ គឺមានពងទាកូនផងដែរ។ សម្តេចបានណែនាំឱ្យរៀបចំពងទាកូនជូនលោកឯកអគ្គរដ្ឋទូត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលខ្សែផ្លូវដ៏ថ្មីសន្លាងទាំងនេះ នឹងជួយសម្រួលដល់ការ​ធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរលើ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ការតភ្ជាប់ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ ជាបន្តបន្ទាប់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវទាំង៣ខ្សែ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ គឺជាបន្ថែមនូវបណ្តាញ​ផ្លូវតភ្ជាប់ដ៏ប្រទាក់ក្រឡាគ្នានៅខេត្តភាគនិរតី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តភាគនិរតី មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានចុះហត្ថលេខាបង្កើតតំបន់សេដ្ឋកិច្ចពិសេសពីរបីគម្រោងរួចហើយ នៅលើទឹកដីខេត្តកំពត។ មានក្រុមហ៊ុនដ៏ធំមួយ បានដាក់ទុនវិនិយោគ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តតាកែវ ទៅថ្ងៃមុខនឹងមានឧស្សាហកម្ម និងកម្មន្តសាលកាន់តែច្រើន មិនមែនមានតែបង្កង និងពងទាកូននោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រដូចការរៀបចំបណ្តាញសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងសរសៃឈាមរបស់មនុស្ស គឺត្រូវតែរត់ទៅគ្រប់កោសិកា ទើបរាងកាយរឹងមាំល្អ។ ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនអភិវឌ្ឍតែនៅភ្នំពេញនោះទេ គឺត្រូវតែអភិវឌ្ឍនៅគ្រប់ខេត្ត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចអភិវឌ្ឍរបស់កម្ពុជា មិនមែនធ្វើតែនៅភ្នំពេញនោះទេ បច្ចុប្បន្នបានពង្រាយនៅពាសពេញផ្ទៃប្រទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាំងពីចាប់កំណើត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពន្ធគយក្នុងមួយខែកើនដល់ជិត២០លានដុល្លារ ក្នុងនោះមួយផ្នែកបានពីកំណើននៃការទិញរថយន្ត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវជាតិលេខ៤៤ ខេត្តកំពង់ស្ពឺ នឹងត្រូវធ្វើភ្ជាប់ទៅផ្លូវជាតិលេខ៤៨ ខេត្តកោះកុង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលមានការសាងសង់ផ្លូវ នឹងធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ចកាន់តែរស់រវើក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ចីរបស់កម្ពុជាពីប្រទេសនានា និងអង្គការដៃគូអភិវឌ្ឍ យកមកប្រើប្រាស់សម្រាប់ពង្រីកសក្តានុពលសេដ្ឋកិច្ច ដូចជាការធ្វើផ្លូវ និងស្ពាន...។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលបានពីកម្ចីក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនឹងផ្តល់ផលផ្នែកសេដ្ឋកិច្ចជូនទៅប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ និងប្រយ័ត្នសត្វធាតុ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើប្រជាពលរដ្ឋចូលរួមជួយថែទាំផ្លូវ ដើម្បីប្រើប្រាស់បានយូរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិស័យឯកជនគិតគូរទាញយកសក្តានុពលផ្នែកវិនិយោគពីផ្លូវជាតិទាំង៣ខ្សែនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីថា កុំដាក់គោលដៅទាញប្រយោជន៍ផ្ទាល់ខ្លួន ត្រូវដាក់គោលដៅទាញប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត និងកែប រួមទាំងភាគីពាក់ព័ន្ធ ដែលបានខិតខំយកអស់កម្លាំងកាយ និង ផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយក្រុមហ៊ុនសាងសង់ និង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្នុងការរៀបចំពិធីសម្ពោធផ្លូវជាតិ លេខ ៣១, ៣៣ និង ៤១ ដែលនឹងត្រូវប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនាពេលបន្តិចទៀតនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ត្រូវបន្តរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និង អភិវឌ្ឍផ្លូវ-ស្ពាន ដើម្បីតភ្ជាប់ បណ្តាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និង ភ្ជាប់ជាមួយប្រទេសជិតខាង ឱ្យមាននិរន្តរភាពទាំងគុណភាព និង ប្រសិទ្ធផល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត និង សហការីទាំងអស់ នៃស្ថានទូតចិន, ធនាគារនីហរ័ណអាហរ័ណ ចិន ដែលបានរួមសហការជំរុញរំហូរចរន្តហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន សម្រាប់ការស្តារ សាងសង់ និង អភិវឌ្ឍផ្លូវ-ស្ពាន នៅកម្ពុជា, អាចប្រព្រឹត្តទៅដោយរលូន និង ឆាប់រហ័ស ហើយយើងសង្ឃឹមយ៉ាងមុតមាំថា មិត្តចិននឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងបន្ត ជួយអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត៕

* សម្តេចធិបតី​ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖០៣នាទី នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕