(ភ្នំពេញ)៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ខេត្តព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានមកទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ការងារបន្ថែមទៀត ទាំងដំណើរការការងាគ្រប់គ្រង ការដឹកនាំ តាមការិយាល័យ និងផ្នែកជំនាញបច្ចេកទេសនានា ពីមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
ការមកទស្សនកិច្ចសិក្សាដកស្រង់ពិសោធន៍នេះ បានធ្វើឡើងបន្ទាប់ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាល ឱ្យគ្រប់មន្ទីរពេទ្យថ្នាក់ជាតិ ចុះពង្រឹង និងពង្រីក ចែករំលែកចំណេះជំនាញទៅកាន់មន្ទីរពេទ្យថ្នាក់ក្រោមជាតិ ឱ្យមានការរីកចម្រើនព្រមគ្នា ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរ។ ដូច្នេះហើយទើបមានការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យថ្នាក់ជាតិ ជាមួយមន្ទីរពេទ្យបង្អែកទៅតាមបណ្ដាខេត្ដ ជាក់ស្ដែងដូចមន្ទីរពេទ្យកាល់ម៉ែត ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយមន្ទីរពេទ្យទាំង៣ខាងលើនេះ ដើម្បីជួយលើកកម្ពស់គុណភាព និងសមត្ថភាពនៃការថែទាំ ព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសទស្សនកិច្ចសិក្សាស្វែងយល់នេះ បានទទួលយ៉ាងកក់ក្ដៅពីអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកសស្ដ្រាចារ្យ គង់ សន្យា និងបានដឹកនាំកិច្ចប្រជុំ ក្រោយដំណើរទស្សនកិច្ចដកស្រង់បទពិសោធន៌ នៅមន្ទីរពេទ្យមួយនេះ។
លោកសាស្ត្រាចារ្យ គង់ សន្យា បានថ្លែងឱ្យដឹងថា ការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យថ្នាក់ជាតិ ជាមួយមន្ទីរពេទ្យបង្អែកទៅតាមបណ្ដាខេត្ដ ជាកិច្ចការដ៏មានគុណតម្លៃ ដែលក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងគោលដៅជួយពង្រឹងនិងលើកកម្ពស់ គុណភាពសេវាពិនិត្យព្យាបាល និងថែទាំនៃសេវាសុខាភិបាលគ្រប់កម្រិត។
ជាមួយគ្នានោះលោកសាស្ត្រាចារ្យ គង់ សន្យា ក៏បានធ្វើបទបង្ហាញស្តីពីស្ថានភាពទូទៅរបស់មន្ទីរពេទ្យ ជូនប្រតិភូនៃមន្ទីរពេទ្យទាំងបីដើម្បីស្វែងយល់បន្ថែម។ ក្រោយពីបានទទួលការទស្សនកិច្ចដោយផ្ទាល់នូវផ្នែកសំខាន់ៗរបស់មន្ទីរពេទ្យ រួមមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសម្ភព ផ្នែកប្រពោធនកម្មទារក ផ្នែកសល្យសាស្រ្ត ផ្នែកមន្ទីរពិសោធន៍ ផ្នែកវិទ្យុសាស្ត្រ ផ្នែកសល្យាគារ ផ្នែកឱសថស្ថាន ផ្នែកប្រពោធនកម្ម ផ្នែកសណ្តំ និងភ្នាក់ពីសណ្តំ ការិយាល័យរដ្ឋបាល និងការិយាល័យគណនេយ្យ រួចមក។
សូមបញ្ជាក់ផងដែរថា ដើម្បីជួយលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្តល់សេវារបស់មន្ទីពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាខេត្ត ជាពិសេសការអនុញ្ញាតជូនមន្ទីរពេទ្យថ្នាក់ជាតិទាំង១០ ធ្វើការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ដើម្បីជួយពង្រឹងលើការងារគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើនវានុវត្តន៍លើបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ សំដៅធ្វើយ៉ាងណា ជួយឱ្យដៃគូមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពទទួលបាននូវការបម្រើសេវាសុខាភិបាលជូនអ្នកជំងឺ ឱ្យបានកាន់តែប្រសើរ ប្រសិទ្ធភាព និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្នុងតំបន់៕