(ភ្នំពេញ)៖ មនុញ្ញផលសុខសន្តិភាពដែលរកបានដោយលំបាកពីសំណាក់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា រួមជាមួយ​សេនាធិការរបស់សម្តេច បាននាំមកនូវសមិទ្ធផលជាទីគាប់ចិត្តសម្រាប់ជាតិ និង​ប្រជាជនកម្ពុជាជាហូរហែ ហើយបម្រើជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជា។

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ផ្លូវជាតិចំនួន៣ខ្សែទៀត គឺផ្លូវជាតិលេខ៤១ ៣១ និង៣៣ តភ្ជាប់រាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតទៅកាន់ខេត្តជាប់​សមុទ្រនាភាគនិរតីនៃប្រទេស ត្រូវបានរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធសមិទ្ធផលជាតិដ៏មានសារៈសំខាន់ទាំង៣ខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងប្រកបដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង។

ផ្លូវជាតិលេខ៤១ ៣១ និង៣៣ ត្រូវបានបើកការដ្ឋានលើកកម្ពស់គុណភាព និងស្តារឡើងវិញជាបន្តបន្ទាប់កាលពីចុងខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចនៅ​កាន់ការងារជានាយករដ្ឋមន្ត្រី។

ផ្លូវជាតិទាំង៣ខ្សែនេះ ជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏សំខាន់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ ពីខេត្តភាគពា​យព្យ​ប្រទេស ទៅកាន់ខេត្តជាប់សមុទ្រ​ភាគនិរតី។ ខាងក្រោមនេះជាព័ត៌មានពាក់ព័ន្ធការសាងសង់នៃផ្លូវជាតិ​នីមួយៗ៖

ផ្លូវជាតិលេខ៣១៖ មានប្រវែងសរុបចំនួន ៥៣,៥៣៩គីឡូម៉ែត្រ មាន​ចំណុច​ចាប់ផ្តើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់​ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និង​លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មាន​កម្រាស់ ៧ សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។

គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ផ្លូវវាងទីប្រជុំជនចំនួន ២ក​ន្លែង ផ្លូវវាងទី១ មានប្រវែង ៤,៦គីឡូម៉ែត្រ និងផ្លូវវាំងទី២ មានប្រវែង ៤គីឡូម៉ែត្រ ស្ពានថ្មីចំនួន ១កន្លែង ប្រវែងសរុប ៦០ម៉ែត្រ និងមាន​ទទឹង​ប្រវែង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៩០កន្លែង និងលូបណ្ដោយផ្លូវសរុបប្រវែង ៥,៧០៤ម៉ែត្រ។

ផ្លូវជាតិលេខ៣៣៖ មានប្រវែងសរុបចំនួន ៥២,៥៧៧គីឡូម៉ែត្រ មាន​ចំណុច​ចាប់ផ្តើមពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់​ច្រក​លក ឬច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលជាព្រំដែន​កម្ពុជា​-វៀត​​ណាម រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩) ត្រូវ​បាន​ស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និង ៧សង់ទីម៉ែត្រ និងផ្លូវបេតុង​សរសៃ​ដែក កម្រាស់ ២៣សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។

គម្រោងនេះ បានរួមបញ្ចូលការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ និងមានទទឹង ១២ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៨២កន្លែង និងលូបណ្ដោយផ្លូវសរុប ប្រវែង ៩,២៥៨ម៉ែត្រ។

ផ្លូវជាតិលេខ៤១៖ មានប្រវែងសរុបចំនួន ៩៥,២៦៩គីឡូម៉ែត្រ មាន​ចំណុច ចាប់ផ្តើមពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ​៤-ខេត្ត​កណ្តាល) ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ​៣-ខេត្ត​កំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេ​តុង​កៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។

គម្រោងនេះបានរួមបញ្ចូលនូវ ការសាងសង់ពង្រីកស្ពានចាស់ ១កន្លែង (ស្ពានគុណគ្រូ) ប្រវែងប្រមាណ ២០០ម៉ែត្រ ព្រមទាំង ដាក់​លូ​កាត់ទទឹងផ្លូវចំនួន ១៨៥កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង ៨,២៤១​ម៉ែត្រ។

គម្រោងស្ថាបនាផ្លូវជាតិទាំង ៣ខ្សែនេះ ក៏បានរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញចរាចរណ៍បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព​​ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

ផ្លូវជាតិទាំង៣ខ្សែនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយ​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយបានគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែដូចគ្នានៅក្នុងផែនការ ប៉ុន្តែតាមការ អនុវត្តគម្រោងជាក់ស្ដែង គឺបានបញ្ចប់នៅដើមឆ្នាំ២០២៥នេះ​មុនផែន​ការកំណត់។ គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាម៉េរិក។ ក្នុងនោះផ្លូវជាតិលេខ៣១ ប្រមាណ ៦០​លាន​ដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារ​អាម៉េរិក និងផ្លូវជាតិលេខ៤១ ប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែល​ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

ផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្ដាល និងតំបន់ភាគនិរតីរបស់កម្ពុជា។ ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រ​ខេត្ត​តាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កំពត និងខេត្តកែប និងផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្ត​កណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត។

ផ្លូវជាតិទាំង៣ខ្សែនេះ មានភាពប្រទាក់ក្រឡាគ្នា និងការតភ្ជាប់គ្នាយ៉ាងសំខាន់។ ក្នុងនោះផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ បានតភ្ជាប់​គ្នា​ត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារ​ព្រំដែន​អន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) រីឯផ្លូវ ជាតិលេខ​៤១​វិញ បានតភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ​៣ និងតភ្ជាប់ ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះ​ក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តកំពត ជាពិសេសតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតដែលមានភាពទាក់ទាញបំផុត រួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។

ការសាងសង់ពង្រីក និងលើកកម្រិតគុណភាពខ្សែផ្លូវទាំង ៣ខ្សែនេះឡើងវិញ បានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ និងចក្ខុ​វិស័យក្នុងការជំរុញការតភ្ជាប់របស់រាជរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់​ឆ្នេរ​សមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ដែលនឹងប្រែក្លាយខេត្តក្នុងតំបន់ឆ្នេរ ឱ្យក្លាយទៅជាតំបន់ដែលមានហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់ល្អប្រសើរ និងប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

ពេលបច្ចុប្បន្នផ្លូវទាំង៣ខ្សែនេះ បាននិងកំពុងសម្រួលដល់ការធ្វើ​ដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូន​ទំនិញ​គ្រប់ប្រភេទ និងកសិផល ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ បន្ថែមពីនេះផ្លូវជាតិទាំង៣ខ្សែ ក៏បានចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិ​ព្រះមុនី​វង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិ ជាពិសេសផ្លូវជាតិលេខ៤១ ដែលនឹងចូលរួមជួយសម្រួល និង​បញ្ចៀស ការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀត៕