(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Anatoly Borovik បានចាត់ ទុកការចូលចតនាវាចម្បាំងរុស្ស៊ីនៅថ្ងៃទី២៨មេសាឆ្នាំ២០២៥ ក្នុងកំពង់ផែស្វយ័តក្រុងព្រះ សីហនុថាជាការ«បង្ហាញពីបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត រួមទាំងក្នុងវិស័យសហប្រតិបត្តិការយោធាផងដែរ»។
ប្រសាសន៍របស់ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានធ្វើឡើងនៅក្នុងពិធីស្វាគមន៍មួយ នាកំពង់ ផែស្វយ័តក្រុង ព្រះសីហនុ នៅថ្ងៃចន្ទ ទី២៨ ខែមេសា បន្ទាប់ពីកងនាវាចរប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹករុស្ស៊ី ដែលមាននាវាចំនួនបីក្នុងនោះ រួមមាននាវាចម្បាំងខ្នាតតូចចំនួន២ គឺនាវា Rezky និង Aldar Tsydenzhapov។ នាវាទីបី គឺជានាវា Pechenga សម្រាប់ការផ្គត់ផ្គង់ភស្ថុភារ និងដឹកប្រេង។
នាវិកសរុបនៃកងអង្គភាពជើងទឹកនេះ មានរហូតដល់ ៣០០ នាក់។ មេបញ្ជាការនៃអង្គភាពជើងទឹកនេះ គឺកាពីតែនជាន់ខ្ពស់ Captain 1st Rank លោក Alexey ANTSIFEROV។ ដំណើរឈប់សំចតនេះ នឹងមានរយៈពេលបួនថ្ងៃ និងគ្រោងចាកចេញពីកម្ពុជា វិញនៅថ្ងៃទី១ឧសភា។
លោក Anatoly Borovik បានថ្លែងទៀតថា «ការចូលចតកប៉ាល់រុស្ស៊ី មកកាន់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃនេះ ពិតជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងឆ្នាំនៃការប្រារព្ធខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ និងសង្រ្គាមលោកលើកទីពីរ។ ជ័យជំនះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្ត បានផ្តល់នូវកម្លាំងរុញច្រានយ៉ាងខ្លាំងដល់ការតស៊ូប្រឆាំងអាណានិគមរបស់ប្រជាជនឥណ្ឌូចិន។»
ក្នុងដំណើរទស្សនកិច្ចបួនថ្ងៃក្នុងប្រទេសកម្ពុជា, ប្រធានអង្គភាពកងនាវាចរប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹករុស្ស៊ី នឹងចូលជួបសម្តែងការគួរសមជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមនាវិក នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីទស្សនាកំសាន្ត ក៏ដូចជាការប្រកួតបាល់ទាត់ និងបាល់ទះជាមួយក្រុមនាវិកកម្ពុជា។
ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីថា «យើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់កប៉ាល់រុស្ស៊ី មកកាន់កំពង់ផែកម្ពុជា នឹងមិនគ្រាន់តែជាប្រពៃណីដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តជាប្រចាំ។»
រុស្ស៊ី និង កម្ពុជា បាន បង្កើត ទំនាក់ទំនង ការទូត នៅ ថ្ងៃ ទី ១៣ ខែ ឧសភា ឆ្នាំ ១៩៥៦ ក្នុង អំឡុង ប៉ុន្មានឆ្នាំ ដំបូង បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យ ពី ប្រទេស បារាំង។ នៅពេលនោះ សហភាពសូវៀត បច្ចុប្បន្នជាប្រទេសរុស្ស៊ី បានជួយកម្ពុជាដែលខិតខំប្រឹងប្រែងដើម្បីរកការទទួលស្គាល់ជាអន្តរជាតិ និងគាំទ្រការចូលជាសមាជិកអង្គការសហប្រជាជាតិ៕