(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្ត ឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានថ្មថ្មីមួយកន្លែង ប្រវែង១៥ម៉ែត្រ x ៦ម៉ែត្រ ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង និងចូលរួមបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីសាងសង់សមិទ្ធិផលនានា ក្នុងវត្ដជ័យរុក្ខារាម (ហៅវត្តថ្លាត)។
នៅក្នុងឱកាសនេះដែរលោក មាន ចាន់យ៉ាដា អភិបាលខេត្ត ឧត្តរមានជ័យ បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកអន្លង់វែងផងដែរ។
លោកអភិបាលខេត្ត ឧត្តរមានជ័យ ក៏បានថ្លែងនូវការចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបាននូវសមិទ្ធិផលថ្មី គឺស្ពានថ្មដែលយើងកំពុងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។
លោកថ្លែងបញ្ជាក់ថា ស្ពាននេះមិនត្រឹមសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់យើងនោះទេ ប៉ុន្តែវាជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្មរបស់បងប្អូនមានភាពងាយស្រួលផងដែរ ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ ដើម្បីឱ្យស្ពាននេះប្រើប្រាស់បានយូរអង្វែង ពោលគឺកុំដឹកជញ្ជូនលើសទម្ងន់កំណត់។
លោក មាន ចាន់យ៉ាដា ក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋយើងពីការរៀបចំសង្ក្រានកាលពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ គឺខេត្តឧត្តរមានជ័យយើង ក៏ដូចជានៅតាមបណ្តាលស្រុក និងទីតាំងមួយចំនួនទៀត គឺរៀបចំសង្ក្រានបានល្អ បង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី រហូតខេត្តឧត្តរមានជ័យ បានទទួលការកោតសរសើរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា របស់យើង ហើយលោកប្តេជ្ញាថាឆ្នាំក្រោយនឹងរៀបចំសង្ក្រានឱ្យកាន់តែអធិកអធមជាងឆ្នាំនេះទៀត៕