(ព្រះសីហនុ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ភូមិ១ ភូមិ២ (ប្រមូលទិន្នន័យជាលើកទី២) និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ សរុប ៣៥៩៣ ក្បាលដី។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក ចេង ស្រុង ប្រធានមន្ទីរររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អភិបាលរងក្រុង ចៅសង្កាត់ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ

លោក អ៊ី សុខឡេង បានកោតសរសើដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ចាប់ពីឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែង ជាលទ្ធផលក្នុងកម្មពិធីនាព្រឹកនេះ បានបង្ហាញថា សេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃ ការវិនិច្ឆ័យ ភូមិ១ ចំនួន ១៩៩ ក្បាលដី, ភូមិ២ មានក្បាលដីចំនួន៥៩ ក្បាលដី និងភូមិ៣ ចំនួន ៣៣៣៥ ក្បាលដី សរុបចំនួន ៣៥៩៣ ក្បាលដី។

លោកអភិបាលរងខេត្តលើកឡើងថា ការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ពិតជាអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយច្បាប់ និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី។

នេះជាការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយ ដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាប្រយោជន៍ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាម្ចាស់ដីផងគឺ៖

*ទី១. រដ្ឋគ្រប់គ្រងដីធ្លីបាន ទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដី រដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្តិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគ។

*ទី២. ទទួលបាននូវសិទិ្ធស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ។

*ទី៣. អាចប្រើប្រាស់ប័ណ្ណកម្មសិទិ្ធដើម្បីផលប្រយោជន៍ផ្សេង ៗ ក្នុងការប្រកបមុខរបរ និងអាជីវកម្មរ។

លោក អ៊ី សុខឡេង អភិបាលរងខេត្ត បានលើកឡើងបន្ថែមថា មុនឈានដល់ការសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) នីមួយៗ គឺមានការងារច្រើនណាស់ដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ ទាំងដីរដ្ឋ និងដីឯកជន។ ដោយឡែក អាជ្ញាធរមូលដ្ឋានមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយជួយធ្វើការបញ្ជាក់នូវលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី អត្តសញ្ញាណក្បាលដី និងជួយធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដី ដើម្បីអោយពួកគាត់មកចូលរួមក្នុងការពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនអោយបានគ្រប់គ្នា ក្នុងកំឡុងពេលបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវក្នុងការចេញប័ណ្ណកម្មសិទិ្ធជូនពួកគាត់។

លោកបានគូសបញ្ជាក់ថា តាមរយៈការបិទផ្សាយទិន្នន័យនាព្រឹកនេះ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់ដី អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ មកចូលរួមពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនអោយបានគ្រប់គ្នាក្នុងកំឡុងពេលបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រយៈពេល ១៥ ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងលកខណៈច្បាប់ ពោលក្នុងកំឡុងពេលនៃការបិទផ្សាយនេះ ម្ចាស់ដី អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ អាចធ្វើការកែតំរូវ ឬដាក់ពាក្យបណ្តឹងជំទាស់តវ៉ាបាន ប្រសិនបើពិនិត្យទៅឃើញថាមានកំហុសឆ្គង ដោយត្រូវដាក់ពាក្យស្នើសុំ ឬជំទាស់តវ៉ា ចូលមកគណៈកម្មការរដ្ឋបាល ទៅអោយមន្រ្តីដែលប្រចាំការនៅកន្លែងបិទផ្សាយ តាមរយៈអាជ្ញាធរ ភូមិ សង្កាត់ ហើយត្រូវបានធ្វើការសម្របសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាល៕