(ភ្នំពេញ)៖ ស្រ្តីវ័យក្មេង និងជាអ្នកមានមុខ មានមាត់នៅក្នុងសង្គមម្នាក់ដែលខ្ចីលុយគេរហូតដល់ជាង ១លានដុល្លារ ដែលបច្ចុប្បន្នត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ននោះ មិនខិតខំរកលុយសងម្ចាស់បំណុលទេ បែរជាគិតតែពីខិតខំរត់ការទៅ សាលាឧទ្ធរណ៍ដើម្បីសុំនៅក្រៅឃុំទៅវិញ។
ស្ត្រីវ័យក្មេងខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ ស្រេង លាងគីម អាយុ ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ៣៥a ផ្លូវលេខ៧ ក្រុម២១ មណ្ឌល២ ភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ក្នុងនោះកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦កន្លងទៅ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ឈ្មោះ ស្រេង លាងគីម ពាក់ព័ន្ធករណីឆបោកប្រាក់មានចំនួនជាង ១លានដុល្លារ បន្ទាប់ពីព្រះរាជអាជ្ញាសម្រេចធ្វើការចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត» តាមមាត្រា៣៩១ និង៣៩២ នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមមន្រ្តីតុលាការ ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៦លានរៀល។
ការសម្រេចចោទ និងឃុំខ្លួនស្ត្រីខាងលើ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនាយកដ្ឋានដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីឆបោក និងរំលោភលើទំនុកចិត្ត ទឹកប្រាក់ជាងមួយលានដុល្លារអាមេរិករួចមក។ ក្នុងនោះដើមបណ្ដឹងក្នុងសំណុំរឿងនេះ បានសំណូមពរឱ្យតុលាការផ្តន្ទាទោសឈ្មោះ ស្រេង លាងគីម និង បក្ខពួកតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារអាមេរិកផងដែរ។ ចំណែកបក្ខពួកពីរនាក់ទៀត សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន។
តាមព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ឈ្មោះ ស្រេង លាងគីម បានខ្ចីប្រាក់ពីឈ្មោះ លឹម មួយជូរ ភេទស្រី អាយុ៦០ឆ្នាំ ជាបន្តបន្ទាប់ច្រើនលើកសរុបចំនួន ១,៤៥៥,០០០ ដុល្លារអាមេរិក (មួយលានបួនរយហាសិបប្រាំពាន់ដុល្លារអាមេរិក) ដែលមានលិខិតបញ្ជាក់ជាភស្តុតាង។
ក្រោយពីខ្ចីប្រាក់ពីឈ្មោះ លឹម មួយជូរ រួចហើយ ឈ្មោះ ស្រេង លាងគីម ពុំបានសងប្រាក់មកវិញនោះទេ។លុះដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ សាច់ញាតិរបស់ឈ្មោះ ស្រេង លាងគីម បានមកដឹកឈ្មោះ លឹម មួយជូរ ជាម្ចាស់បំណុលទៅជួបនៅផ្ទះឪពុកឈ្មោះ ស្រេង លាងគីម ស្ថិតនៅភូមិ ព្រែកបាឡាក់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ពេលទៅដល់គោលដៅ សាច់ញាតិរបស់ឈ្មោះ ស្រេង លាងគីម បានបញ្ជាក់ថា ពុំមានប្រាក់សងឈ្មោះ លឹម មួយជូរ នោះទេ តែមានតូបទំនិញនៅផ្សារអូឡាំពិកចំនួន ៣តូប ដីស្រែ និងដីលំនៅដ្ឋាន ២ទៅ៣កន្លែងទៀត ដើម្បីទូទាត់បំណុលជាងមួយលានដុល្លារនេះបាន។ បន្ទាប់មកសាច់ញាតិឈ្មោះ ស្រេង លាងគីម បានធ្វើកិច្ចសន្យាលក់តូប ដីស្រែ និងដីលំនៅដ្ឋានមកឲ្យឈ្មោះ លឹម មួយជូរ។ ប៉ុន្តែឈ្មោះ លឹម មួយជូរ បានយកឯកសារទាំងនេះ ទៅស្រាវជ្រាវទើបដឹងថាពុំមានឡើយ ពោលគឺសុទ្ធសឹងតែជាការភូតកុហក ទើបឈានដល់ការដាក់ពាក្យបណ្ដឹងតែម្តង។
តាមព័ត៌មានដែលគេស្ដាប់ឮពីការខ្សឹបខ្សៀវគ្នា បច្ចុប្បន្នស្រីជាប់ចោទខាងលើមិនបានខិតខំរកលុយសងម្ចាស់បំណុល ដើម្បីបានដោះបន្ទុករួចខ្លួនពីសំណាញ់ ច្បាប់នោះទេ បែរជាខិតខំរត់ការខ្វែងខ្វាត់ក្នុងគោលបំណងប្ដឹងទៅសាលាឧទ្ធរណ៍សុំនៅក្រៅឃុំទៅវិញ។
ភាគីជនរងគ្រោះបានស្នើសុំឲ្យសាលាឧទ្ធរណ៍ជួយពិនិត្យមើលលើករណីនេះ និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះជាម្ចាស់បំណុលផង៕