(ភ្នំពេញ)៖ ផ្លូវជាតិ ៣ខ្សែ ប្រវែងសរុប ២០១.៣៦គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានសាងសង់រួចរាល់ជាស្ថាពរ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ស្អែកនេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងទៀតថាផ្លូវជាតិទាំង ៣ខ្សែនោះ រួមមាន៖

១៖ ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣៩ គ.ម ចាប់ពីចំណុចបែកគុស(ផ្លូវជាតិលេខ៣) ដល់កំពង់ត្រាច (ផ្លូវជាតិលេខ៣៣)ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។

២៖ ផ្លូវជាតិលេខ៣៣ ប្រវែងសរុប ៥២,៥៧៧ គ.ម ចាប់ពីខេត្តកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម) ជាប្រភេទបេតុងកៅស៊ូ AC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ។

៣៖ ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៦៩ គ.ម ចាប់ពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ដល់ជុំគិរី(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៥ ស.ម) ទទឹង១១ម៉ែត្រ។

គម្រោងដ៏ធំនេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបច្ចុប្បន្នកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ផ្លូវជាតិទាំង៣ខ្សែនេះ គឺជាផ្លូវមួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន ក្នុងការជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗជាអាទិ៍រួមមាន៖ ការដឹកជញ្ជូន,ការធ្វើដំណើរ,ទេសចរណ៍, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែមាត់សមុទ្រភាគនិរិតី៕