(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញវិធានការក្តៅមួយ ដើម្បីឱ្យមានការជួសជុលបន្ទាន់នូវផ្លូវថ្នល់ទូទាំងប្រទេសកម្ពុជា ក្រោយបញ្ចប់ជាស្ថាពរនៅរដូវវស្សាឆ្នាំនេះ ខណៈដែលផ្លូវជាច្រើន បាននwងកំពុងរងការខូចខាតជាទម្ងន់។

លោក ស៊ុន ចាន់ថុល៖ «យើងខ្ញុំបានរៀបចំ លើកផែនការទាំងអស់ដើម្បីជួសជុលផ្លូវជាបន្ទាន់ ក្រោយពីចប់នៅរដូវភ្លៀងនេះ។ ខ្ញុំបានរាយការណ៍ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាផ្លូវយើងខូចច្រើន ដែលត្រូវរៀបចំធ្វើជាបន្ទាន់។ ពេលភ្លៀងចប់ភ្លាមត្រូវតែធ្វើឱ្យស្អាត»

លោក ស៊ុន ចាន់ថុល បានអះអាងបែបនេះ នៅក្រោយកិច្ចប្រជុំបូកសរុបលទ្ធផលត្រូតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីប្រចាំខែតុលា នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្របពេលដែលបញ្ហាផ្លូវថ្នល់នៅកម្ពុជា កំពុងក្លាយជាប្រធានបទក្តៅមួយធ្វើឱ្យប្រជាពលរដ្ឋរិះគន់ទៅកាន់រដ្ឋាភិបាល។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា «ពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានកំពុងតែប្រមូលទិន្នន័យទំាងអស់ នៅតាមគ្រប់ខេត្ត-ក្រុង ដើម្បីលើកថវិកាក្នុងការជួលជុលផ្លូវខូចទំាងអស់នេះ។ តទៅប្រមុខដឹកនំាប្រទេសលែង ចង់ឮថាផ្លូវនៅក្នុងប្រទេសកម្ពុជាធ្វើជាប់រហូតទៀតហើយ។ យើងមិនចង់ឮថា ចាក់ក្រាសស៊ីស្តើង ចាក់ស្តើងស៊ីក្រាស ទៀតទេ។ ខ្ញុំនិយាយពេលនេះយើងនឹងធ្វើហើយត្រូវតែអនុវត្ត។ យើងពង្រឹងមន្ត្រីក្រសួងទំាងអស់ក្នុងការ ត្រូវពិនិត្យផ្លូវថ្នល់ឲ្យបានត្រឹមត្រូវ»

លោករដ្ឋមន្រ្តីក្រសួងសាធារណការ បានលើកថា ចាប់ពីពេលនេះតទៅ មន្រ្តីត្រូវធ្វើការឱ្យបានត្រឹមត្រូវ ក្នុងការត្រួតពិនិត្យការធ្វើផ្លូវ។ លោកថា បើក្រុមហ៊ុនណាដែលមិនធ្វើតាមកិច្ចសន្យា និង ធ្វើផ្លូវមិនបានល្អទេនោះ ក្រសួងនឹងឲ្យធ្វើឡើងវិញ ដោយចំណាយថវិកាក្រុមហ៊ុនផ្ទាល់តែម្តង៕