(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនប្រជាពលរដ្ឋចំនួន ១៧៩គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកបាទី ដែលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

នាឱកាសនោះលោក វ៉ី សំណាង បានពាំនាំនូវការចូលរួមសោកស្ដាយ និងផ្ដាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋ​ទាំងអស់ ដែលរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិ ដែលជានិច្ចកាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត តែងតែគឹតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយនៅពេលដែលទទួលដំណឹងថា​ប្រជាពលរដ្ឋជួបទុក្ខលំបាក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត បានចាត់ឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយមកចែកជូនឱ្យបានទាន់ពេលពេលវេលា។

លោក វ៉ី សំណាង បានថ្លែងបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅ​ក្នុងស្ថានភាព​បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋជានិច្ច ជាពិសេសក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានកាកក្រហមកម្ពុជា​ចុះជួយប្រជាពលរដ្ឋ ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

ឆ្លៀតនៅក្នុងឱកាសនោះលោក វ៉ី សំណាង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសុវត្ថិភាពផ្ទាល់ខ្លួន ការការពារកូនចៅពីជំងឺគ្រុនឈាម ការរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ការប្រុងប្រយ័ត្នអំពីបាតុភូតធម្មជាតិផ្សេងៗ និងបានផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុផងដែរ។

គួរបញ្ជាក់ថា សម្ភារប្រគល់ជូនគ្រួសាររងគ្រោះមានដូចជា៖ អង្ករ ២៥គីឡូ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ១យួរ មី១កេស ប្រេងឆា ១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ ៣ដប និងថវិកាមួយចំនួន៕