(ព្រះវិហារ)៖ ​លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១០៨គ្រួសារ នៅឃុំខ្យង និងឃុំតស៊ូ ស្រុកជ័យសែន​។​

នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹកលឹក និងសូមសម្ដែងនូវការសោកស្ដាយចំពោះការ ខូចខាតទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់បងប្អូន ដែលបង្កឡើងដោយគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីពេលថ្មីៗកន្លងមកនេះ។

លោក គីម រិទ្ធី បានថ្លែងប្រាប់ប្រជាពលរដ្ឋថា ថ្មីៗនេះនៅខេត្តព្រះវិហាររបស់យើង ពិសេសនៅស្រុកជាំក្សាន្ត និងស្រុកជ័យសែន មានករណីខ្យល់កន្ត្រាក់ធ្វើឱ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ដោយឡែកចំពោះនៅ ស្រុកជាំក្សាន្ត មានប្រជាពលរដ្ឋម្នាក់ស្លាប់ដោយរន្ទះបាញ់ថែមទៀតផង។

​ក្នុងហេតុការណ៍នេះ លោកបានរាយការណ៍ផ្ទាល់ទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយសម្តេចលោកមានការព្រួយបារម្ភណាស់ពីសុខទុក្ខបងប្អូនយើង និងបានបញ្ជូនអំណោយសង្គ្រោះបន្ទាន់ តាមរយៈសាខាកាកបាទ ក្រហមកម្ពុជាខេត្ត មកជូនបងប្អូនយើងនៅទីនេះភ្លាមៗផងដែរ។​

ពាក់ព័ន្ធ​នឹងការខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដោយខ្យល់កន្ត្រាក់នេះ ពិសេសផ្ទះប្រជាពលរដ្ឋដែលរលំទាំងស្រុង និងខ្វះខាតកម្លាំងពលកម្ម ដូចជា គ្រួសារចាស់ជរា ស្ត្រីមេម៉ាយ លោកក៏បានណែនាំអាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋ ត្រូវអនុវត្តន៍នៅរូបភាពមិត្តជួយមិត្ត ពោលគឺក្នុងនាមយើងជាអ្នកជិតខាង ត្រូវជួយគ្នាទៅវិញទៅមក ដូចជាជួយឧបត្ថម្ភជាឈើ និងស័ង្គសី បន្តិចបន្ទួច ជាកម្លាំងពលកម្ម ធ្វើយ៉ាងណាជួយលើកជាផ្ទះ ជាខ្ទម ដើម្បីឱ្យពួកគាត់បានរស់នៅសមរម្យវិញផង។​

អំណោយដែលចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាចំនួន៥ម៉ឺនរៀល ចំពោះគ្រួសារដែលរលំផ្ទះទាំងស្រុង ចំនួន៩គ្រួសារ ទទួលបានតង់កៅស៊ូបន្ថែម១ទៀត លោកក៏បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់​នៅក្នុងឃុំតស៊ូផងដែរ៕