(ព្រះវិហារ)៖ ដោយមានការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ក្នុងការចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងរកទំនិញខូចគុណភាព ដែលនាំចូលតាមច្រកអន្តរជាតិ ដាក់តាំងលក់តាមផ្សារ តាមផ្ទះនោះ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាខាកាំកុងត្រូលខេត្តព្រះវិហារ ដឹកនាំដោយ លោក ដួង មុនី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាលាក្រុងព្រះវិហារ បានចុះត្រួតពិនិត្យទំនិញ នៅផ្សារគូលេន ស្រុនគូលេន ជាលទ្ធផលមន្ដ្រីជំនាញដកហូតបាន ទំនិញខូចគុណភាពមួយចំនួន។
លោក ដួង មុនី បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ មន្ដ្រីជំនាញដកហូតបាន ទឹកស៊ីអ៊ីវ ចំណុះ០.៧៥ លីត្រ, ទឹកត្រី ចំណុះ២.២ លីត្រ, ទឹកក្រូចចម្រុះ ទម្ងន់១០ លីត្រ, ទឹកដោះគោឆៅ ចំណុះ៤លីត្រ, ទឹកស៊ីរ៉ូ ចំណុះ៧លីត្រ, ភេសជ្ជៈប៉ូវកំលាំង ចំណុះ១.៥លីត្រ ហើយទំនិញទាំងអស់នេះ នឹងត្រូវយកទៅដុតកម្ទេចចោលទៅពេលក្រោយ។
ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា៕