(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងទាហានទាំងអស់ ដែលមានភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតាមបណ្ដាគោលដៅនីមួយៗ ត្រូវបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ដើម្បីធ្វើយ៉ាងណាការពារដីព្រៃឈើរបស់រដ្ឋ និងមច្ឆាជាតិ សម្រាប់បម្រើឱ្យប្រជាជន និងសង្គមជាតិទាំងមូល។
ការដាក់បទបញ្ជានេះរបស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោមេបញ្ជាការកងទ័ព បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំដឹកនាំដោយផ្ទាល់ពី អភិបាលខេត្តកំពង់ធំ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពេញភារកិច្ចជាស្នូលជាមួយកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលជោគជ័យ គួរជាទីមោទនៈ។
បន្ថែមពីនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងថា ការកាប់ទន្ទ្រានព្រៃឈើ យកដីរដ្ឋធ្វើជាកម្មសិទ្ធិមកដល់ពេលនេះ ត្រូវបានកងកម្លាំងចម្រុះការពារទប់ស្កាត់បានទាំងស្រុង មិនឱ្យកើតមានឡើងជាថ្មី។
លោកថា «កងកម្លាំងចម្រុះរបស់យើងបានគ្រប់គ្រង ការពារផ្ទៃដី ដែលបានរកឃើញពីក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅជាង ៣,៥០០ហិកតា មិនឱ្យមានការបាត់បង់ទៅវិញ។ កងទ័ពនៅខេត្តកំពង់ធំ ក៏បានចូលរួមដាំស្ដារព្រៃឈើឡើងវិញបានជាង ៥ម៉ឺនដើមផងដែរ»។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់អំពីលទ្ធផលសំខាន់ៗ នៃការបង្ក្រាបបទល្មើសនេសាទ ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកម្លាំងចម្រុះ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរដែនដី ពិសេសនៅតំបន់បឹងទន្លេសាប ដោយបានបង្ក្រាបនូវរាល់ឧបករណ៍ល្មើសនេសាទខុសច្បាប់ បានជាច្រើនករណី និងបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែងធ្ងន់ធ្ងរ បញ្ជូនទៅស្ថាប័នជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់បានមួយចំនួនហើយ បច្ចុប្បន្នកងកម្លាំងកំពុងបន្តគ្រប់គ្រងទប់ស្កាត់មិនឱ្យមានកើតឡើងនូវបទល្មើសជាថ្មីទៀត នៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយគ្មានការដកថយឡើយ៕