(កំពង់ធំ)៖ លោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ សមាជិកគណៈកម្មាធិការកណ្តាល និងអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញរៀបចំពិធីចម្រើនព្រះបរិត្ត និងក្រុងពាលី បុកគ្រឹះសាងសង់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិធីនេះបានធ្វើឡើងនាល្ងាចថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ។
ដោយមានការអញ្ញើញចូលរួមពីលោកបណ្ឌិត ឆេង គីមឡុង ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំត្រពាំងឬស្សី លោក អ៊ុត វណ្ណារីន ប្រធានគណៈកម្មាធិការបក្សឃុំត្រពាំងឬស្សី រួមទាំងសមាជិក សមាជិកា ក្រុមក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំត្រពាំងឬស្សី ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ ដែលស្រឡាញ់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែបម្រើផលប្រយោជន៍ជូនប្រជាជន និងជាតិមាតុភូមិ ក្នុងគ្រប់សម័យកាល។
លោក សួស យ៉ារ៉ា បានបញ្ជាក់ថា ស្នាក់ការគណបក្សប្រជាជនឃុំត្រពាំងឬស្សីថ្មីនេះនឹងក្លាយជាសមិទ្ធផលថ្មីមួយរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាការឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន ដែលកសាងបាននូវទំនុកចិត្តដល់ប្រជាពលរដ្ឋ បង្កើនប្រសិទ្ធភាពការងាររបស់ក្រុមការងារគណបក្សមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋទាន់ពេលវេលា។
លោកបានបន្តថា នេះក៏ជាតឹកតាងបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគណបក្ស ក្រោមដំបូលសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាអគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ និងការបន្តដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕