(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងទេចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ថោង ខុន បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកានេះ អំពីការហ្វឹកហាត់សមនៃពិធីបិទការប្រកួតកីឡាជាតិ លើកទី១ ជាប្រវត្តិសាស្រ្ត ឆ្នាំ២០១៦ ដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទីសៅរ៍ ទី៥ ខែវិច្ឆិកាចុងសប្តាហ៍នេះហើយ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ពីស្តាតអូឡាំពិកបានឲ្យដឹងថា លោក ថោង ខុន រួមជាមួយ មន្រ្តីកីឡាមួយចំនួនទៀត បានចុះត្រួតពិនិត្យពីការហ្វឹកហាត់យ៉ាងយកចិត្ត ក៏ដូចជាពិនិត្យភ្លើងពណ៌ ក្រោមការហាត់សមរបស់កីឡាករ-កីឡាការិនី និងកំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត ក៏បានធ្វើការហ្វឹកហាត់សម នាល្ងាចថ្ងៃនេះដែរ រួមជាមួយក្រុមតន្រ្តី និងសិល្បៈជាច្រើនទៀតផងដែរ។
ក្រៅពីពិធីហ្វឹកហាត់នោះដែរ ក៏មានសាកល្បងបាញ់ភ្លើងឡាស៊ែរ (Laser) ក្នុងការបាញ់បំភ្លឺក្នុងពិធីបើក និងបិទផងដែរ ដោយមានការអញ្ជើញចូលរួមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថែមទៀតផង។
សូមបញ្ជាក់ថា យុទ្ធនាការកីឡាជាតិ លើកទី១ ឆ្នាំ២០១៦នេះ (The 1st National Games) ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដំណើរការ តាំងពីថ្ងៃទី២៥ ខែតុលា និងបញ្ចប់ទៅវិញនៅថ្ងៃទី៥ ខែវិច្ឆិកាចុងសប្តាហ៍ ដែលមាន១៥ប្រភេទកីឡាដាក់ឲ្យប្រកួតប្រ ជែងយកមេដាយ (មាស ប្រាក់ និងសំរឹទ្ធ) នៅ៣ទីតាំងផ្សេងគ្នាគឺ រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តតាកែវ ចែកចេញជា ១៨០វិញ្ញាសាប្រកួត និងអត្តពលិកចូលរួម ២៧០០នាក់មកពី ២៥ខេត្ត-ក្រុង៕