(ភ្នំពេញ)៖ លោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿង លោក សម រង្ស៉ី ទៅជំនុំជម្រះដោយផ្ទាល់ ពាក់ព័ន្ធនឹងករណីចោទរាជរដ្ឋាភិបាលថា រៀបចំឃាតកម្មលើលោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។
លោក លី សុផាណា បានបញ្ជាក់ប្រាប់ Fresh News តាមសារអេឡិចត្រូនិកមួយថា ក្នុងសំណុំរឿងនេះ លោកបានសម្រេចចោទប្រកាន់ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ ចំនួន២បទល្មើស ក្នុងនោះមាន បទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
ទោះជាយ៉ាងណា លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បង្ហើបអំពីកាលបរិច្ឆេទនៃការជំនុំជម្រះទៅលើសំណុំរឿងនេះនៅឡើយទេ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាតបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមននោះ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខមុនគេបង្អស់ដោយចោទរដ្ឋអំណាចថា ជាអ្នករៀបចំឃាតកម្មលើ លោកបណ្ឌិត កែម ឡី ខណៈដែលសមត្ថកិច្ចកំពុងស៊ើបអង្កេតនៅឡើយ។ ចំណែក លោកស្រី ថាក់ ឡានី ក៏បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថាជាអ្នកបាញ់សម្លាប់បណ្ឌិត កែម ឡី ដែរ។
ក្រោយពីមានការចោទប្រកាន់បែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាការលាបពណ៌ដ៏ធ្ងន់ធ្ងរបំផុត លើរាជរដ្ឋាភិបាល ហើយហៅការចោទប្រកាន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីតែកេងចំណេញនយោបាយ តែប៉ុណ្ណោះ។
ចំពោះករណីនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចប្រកាសសាលក្រមនៃសំណុំរឿង លោកស្រី ថាក់ ឡានី នៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះផងដែរ៕