Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ថោង ខុន ផ្ដល់ការណែនាំដល់កីឡាករអុំទូកង នៅស្រុកបារាយណ៍ ឲ្យរក្សាមិត្តភាពសាមគ្គីភាពល្អជាមួយកីឡាករទាំងអស់ដើម្បីញាំងបរិយាកាស ឲ្យព្រឹត្តិការណ៍វប្បធម៌ដ៏ធំនេះ កាន់តែមានភាពល្បីល្បាញ

03-11-2016 18:18

(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិ់ចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបារាយណ៍ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានផ្ដល់ការណែនាំដល់កីឡាករអុំទូកង ក្នុងស្រុកបារាយណ៍ ត្រូវពង្រឹងឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយកីឡាករក្នុងក្រុម និងកីឡាករទាំងអស់ក្នុងពិធីបុណ្យ ដើម្បីញាំងបរិយាកាស នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ កាន់តែមានភាពល្បីល្បាញឡើង។

អនុសាសន៍ណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការ និងកីឡាករចំណុះទូកង ជាង២០០នាក់ នៅវត្តចតុលោក និងវត្តបាណក ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានទូកងចំនួន២៖ ទី១.មានឈ្មោះ «ចតុលោកតេជោសែនជ័យ» និងទី២.មានឈ្មោះ «ធនស័ក្តិតេជោសែនជ័យ បារមីវត្តបាណក» ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយដែលនឹងត្រូវចូលរួមប្រណាំង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា «ពិធីបុណ្យអុំទូក ដែលមានប្រវត្តិតាំងពីបរមបុរាណ ដ៏យូរលង់ណាស់មកហើយ ដែលប្រារព្ធឡើងដើម្បីបង្ហាញ ពីវប្បធម៌ប្រពៃណី និងដើម្បីរំលឹកដល់វីរភាព អង់អាចក្លាហាននៃទ័ពជើងទឹកខ្មែរ នាសម័យបុរាណ»

លោករដ្ឋមន្ត្រីក៏បានណែនាំ ដល់កីឡាករចំណុះទូកទាំង២ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គីភាព មិត្តភាព ជាមួយកីឡាករ ជាមួយកីឡាករក្នុងក្រុម និងកីឡាករឯទៀតៗ និងត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួននូវវិន័យ គោរពបទបញ្ជារបស់គណៈកម្មការ ដើម្បីដណ្តើមយកជ័យជំនះលើគូប្រកួត ពិសេសកីឡាករទាំងអស់ មិនត្រូវទទួលទានគ្រឿងស្រវឹង និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ទាំងអស់គ្នាត្រូវចូលរួមក្នុងការរក្សាសន្តិសុខ សុវត្ថិភាព អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ធ្វើយ៉ាងណាឲ្យពិធីបុណ្យប្រពៃណីមួយនេះ ប្រព្រឹត្តទៅបានល្អ ដើម្បីឲ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌មួយដ៏ល្បីល្បាញ និងមានភាពទាក់ទាញបំផុតសម្រាប់ទេសចរជាតិ និងអន្តរជាតិ។

លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ទៀតថា «ដោយគោលនយោបាយឈ្នះៗរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី កម្ពុជាមានសុខសន្តិភាពបរិបូរ និងស្ថិរភាពនយោបាយ នាំឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាមានលទ្ធភាព ប្រារព្ធនូវព្រឹត្តការណ៍ធំៗសំខាន់ៗ ដូចជាព្រឹត្តិការណ៍បុណ្យអុំទូក ទេសចរណ៍វប្បធម៌ ព្រឹត្តិការណ៍ទេសចរណ៍កីឡា ពិធីបុណ្យសមុទ្រ និងពិធីបុណ្យទន្លេជាដើម»