(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែវិច្ឆិកានេះ លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានអញ្ជើញចូលរួមជាអធិបតីភាព និងកាត់ខ្សែបូរ ក្នុងពិធីបើកសម្ពោធបន្ទប់ អនុវត្តការរៀបចំម្ហូបអាហារ-ភេសជ្ជៈ និងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ សណ្ឋាគារនិងការរៀបចំម្ហូបអាហារ-ភេសជ្ជៈ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីគណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងនិសិ្សត ឯកទេសគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផងដែរ។
ដោយមានការរីកចម្រើន ឥតឈប់ឈរលើការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយ គុណភាព និងនិរន្តរភាពរបស់ខ្លួន បច្ចុប្បន្នមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឈានទៅបើកសាលាជំនាញវិជ្ជាជីវៈសណ្ឋាគារទេសចរណ៍ ជាមួយនឹងកន្លែងសម្រាប់អ្នកសិក្សា អនុវត្តជាក់ស្តែងដោយមានបំពាក់សម្ភារ និងឧបករណ៍សម្រាប់បណ្តុះបណ្តាល ទំនើបទាន់សម័យ។
លោកសាស្រ្តាចារ្យ សាំង ចន្ធូ ព្រឹទ្ធបុរសរងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងជាអ្នកគ្រប់គ្រងកម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈសណ្ឋាគារ ណ និងការរៀបចំម្ហូបអាហារ-ភេសជ្ជៈ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹង ចក្ខុវិស័យ និងបេសកកម្ម របស់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងដើម្បីឱ្យសម្រេចបាននូវគោលដៅ នៃការបណ្តុះបណ្តាលវគ្គជំនាញវិជ្ជាជីវៈ សណ្ឋាគារ និងការៀបចំម្ហូបអាហារ-ភេសជ្ជៈតាមផែនការ ដែលបានគ្រោងទុក ដែលស្របតាមទស្សនៈវិស័យ របស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជា ការបំពេញសេចក្តី ត្រូវការខាងផ្នែកជំនាញវិជ្ជាជីវៈសម្រាប់អ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ដើម្បីត្រៀមលក្ខណៈសម្បត្ដិក្នុងការប្រកួតប្រជែងលើទីផ្សារការងារបន្ទាប់ ពីកម្ពុជាបានចូលក្នុងសមាហរណកម្មអាស៊ាន។
លោកបញ្ជាក់ថា ការបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ មានគោលដៅដូចជា៖
-ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលបម្រើការងារ ក្នុងសហគ្រាសទេសចរណ៍ ដើម្បីអោយពួកគេមានសមត្ថភាពខាងវិជ្ជាជីវៈពិតប្រាកដ
-ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយបង្កើត និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា
-កាត់បន្ថយនូវភាពក្រីក្រ និងភាពគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋក្នុងប្រទេស និងតំបន់
-ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យ អន្ដរជាតិនានាក្នងសាកលលោក។ លើសពីនេះទៅទៀតគឺ មានគោលបំណងជួយដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់ ជាពិសេស៖
១- អ្នកដែលមានឆន្ទៈសិក្សា និងមានទិសដៅច្បាស់លាស់ដើម្បីរៀបចំអនាគតឱ្យរុងរឿង
២- អ្នកមានបំណងបង្កើតអាជីពថ្មីសម្រាប់ជីវិត
៣- អ្នកមានបំណងទទួលបានការងារភ្លាមៗក្រោយបញ្ចប់វគ្គសិក្សា
៤- អ្នកមានបំណងធ្វើឱ្យជីវិតផ្ទាល់ខ្លួនជោគជ័យនិងទទួលបានគុណភាពសម្រាប់ការងារប្រតិបត្តិ និងអនុវត្តសីលធម៌វិជ្ជាជីវៈ ប្រកបដោយគុណធម៌ និងជាពាណិជ្ជករល្អ ព្រមទាំង អាទិភាពច្រើនក្នុងការស្វែងរកការងារ និងបង្កើតអាជីពសម្រាប់ជីវិតផ្ទាល់ខ្លួន។
ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនោះផងដែរ លោក សាំង ចន្ធូ បានរៀបរាប់ចង្អុលបង្ហាញថា វគ្គជំនាញវិជ្ជាជីវៈ សណ្ឋាគារនិងការរៀបចំម្ហូបអាហារ-ភេសជ្ជៈ នេះសណ្ឋាគារ និងការៀបចំម្ហូបអាហារ-ភេសជ្ជៈនេះ គឺយើងបានផ្តោតទៅលើ ជំនាញសំខាន់រួមមាន៖
១)-ជំនាញសណ្ឋាគារ (Fields of Hotel)
២)-ជំនាញរៀបចំម្ហូបអាហារ និងភេសជ្ជៈ(Fields of Food and Beverage Production)
៣)-ជំនាញបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Fields of Food and Beverage Service
៤)-ជំនាញប្រតិបត្តិការភោជនីយដ្ឋាន កម្មវិធីសិក្សាលើជំនាញនីមួយៗគឺមានរយៈពេល០៣ខែ ០៦ខែ និង១២ខែ៕