(ភ្នំពេញ)៖ តាំងតែពីដើមរហូតដល់បច្ចុប្បន្ន វត្តអារាមព្រះពុទ្ធសាសនា បានចូលរួមអភិវឌ្ឍសង្គមកម្ពុជាស្ទើរគ្រប់វិស័យរួមមានអប់រំ សុខាភិបាល សង្គមកិច្ច វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ជាដើម ហើយមានថ្នាក់ដឹកនាំជាច្រើនរូបដែលបានទទួលការបណ្តុះបណ្តាលនៅវត្ត និងវត្តអារាមក៏ជាទីស្នាក់អាស្រ័យរបស់កូនចៅពលរដ្ឋខ្មែរដើម្បីបន្តការសិក្សា។
វត្តអារាម មិនត្រឹមតែជាទីកន្លែងគោរពសក្តារៈបូជា សម្រាប់សាសនិកជនប៉ុណ្ណោះទេ ប៉ុន្តែក៏ ត្រូវបានចាត់ទុកជាកន្លែងថែរក្សានូវវប្បធម៌ ទំនៀមទម្លាប់ អក្សរសាស្រ្ត និងប្រពៃណីដ៏ផូរផង់របស់ខ្មែរផងដែរ។ ប្រជាពលរដ្ឋខ្មែរជាង ៩០ ភាគរយ ជាអ្នកគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ហើយវត្តអារាមក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមខ្មែរ រួមមានក្រៅពីជាកន្លែងប្រារព្ធពិធីបែបសាសនា វត្តអារាម ត្រូវបានចាត់ទុកជាទីថែរក្សានូវអត្តសញ្ញាណ និងវប្បធម៌ខ្មែរ។
វត្តជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ និងអរិយធម៌ដោយឥតប្រកាន់និន្នាការនយោបាយ។ នៅគ្រប់សម័យកាល វត្តអារាមផ្តល់នូវការអប់រំផ្នែកអក្សរសាស្រ្ត លេខនពន្ធ និងចំណេះដឹងផ្សេងៗចាំបាច់សម្រាប់ប្រើក្នុងជីវិត។ ជាឧទាហរណ៍ អ្នកនិពន្ធជនជាតិខ្មែរយើងឆ្នើមៗ និងសិល្បករល្បីៗពីជំនាន់បុរាណ សុទ្ធតែបានទទួលការបណ្តុះបណ្តាលនៅក្នុងវត្ត។ វត្តអារាមជាកន្លែងបង្រៀនអប់រំកាយ វាចា ចិត្ត និងបណ្តុះបណ្តាលមហាជនទូទៅឲ្យកើតមានមេត្តា ករុណា ប្រាសចាកលោភៈ ទោសៈ មោហៈ ដើម្បីឱ្យរួចចាកផុតពីសេចក្តីទុក្ខ។
ក្នុងឱកាសអញ្ជើញអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តវេឡុវ័ន (ហៅវត្តព្រែកសាម៉ាន់) ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា៖ «ក្រោមការដឹកនាំរបស់របបអាវខ្មៅ រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺបានចោទប្រកាន់ព្រះសង្ឃថាជាឈ្លើងសង្គម និងជាជនបញ្ញើក្អែក និងបានចាប់ផ្សឹកព្រះសង្ឃ បង្ខំព្រះឱ្យរៀបការ និងយកទីវត្តអារាមធ្វើជាឃ្លាំងដាក់សម្ភារៈ ធ្វើជាមន្ទីរឃុំឃាំង ឬកន្លែងចិញ្ចឹមសត្វជាដើម។ ខ្មែរក្រហមបានលុបបំបាត់ជំនឿ សាសនា ប្រពៃណី ដ៏ល្អផូរផង់របស់យើង»។
លោករដ្ឋមន្ត្រីបានបន្តថា៖ «បើយើងក្រឡេកមើលកាលពី ៤៥ឆ្នាំមុន របបខ្មែរក្រហម ត្រូវបានផ្តួលរំលំនៅកម្ពុជា ហើយរដ្ឋាភិបាលបានចាប់ផ្តើមបំបួសព្រះសង្ឃនិងបង្កើតវត្តអារាមឡើងវិញដើម្បីបម្រើដល់ជំនឿសាសនារបស់ប្រជាពលរដ្ឋដោយបំបួសព្រះសង្ឃឡើងវិញជាផ្លូវការដំបូងគេនៅខែកញ្ញា ១៩៧៩ ចំនួន ៧ អង្គ រួមមាន១៖ ភិក្ខុ កើត វ៉ាយ មកពីខេត្តកំពង់ធំ (សុគត ២៥ មករា ១៩៩១) ២៖ ភិក្ខុ ប្រាក់ ឌិត មកពីខេត្តតាកែវ, ៣៖ ភិក្ខុ ឌិន សារុន មកពីខេត្តកណ្ដាល, ៤៖ ភិក្ខុ អ៉ិត ស៊ុម មកពីខេត្តតាកែវ (សុគត ០១.០៩.១៩៩៨) ៥៖ ភិក្ខុ នន្ទ ង៉ែត មកពីខេត្តតាកែវ, ៦៖ ភិក្ខុ កែន វង្ស មកពីខេត្តព្រៃវែង និង៧៖ ភិក្ខុ ទេព វង្ស មកពីខេត្តសៀមរាប។ ក្រោយមកព្រះភិក្ខុទាំង ៧ អង្គនេះបានបន្តបំបួសព្រះសង្ឃផ្សេងទៀត»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា ទីវត្តអារាម គឺជាកន្លែងផ្តល់នូវការសណ្តោសប្រណី ការផ្សព្វផ្សាយនូវធម៌ ការប្រកាន់នូវព្រហ្មវិហារធម៌ មេត្តា ករុណា មុតិតា និងឧបេក្ខា ដែលប្រជាពុទ្ធបរិស័ទទាំងអស់ ដែលបានអញ្ជើញមកកាន់វត្តអារាម គឺបានសាបព្រួសនូវអំពើល្អ កសាងនូវកុសល។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំឭកថាលោកក៏ជាអតីតក្មេងវត្ត ដោយគ្រានោះនៅពេលបញ្ចប់ថ្នាក់វិទ្យាល័យ លោកត្រូវឡើងមករាជធានីភ្នំពេញ ដើម្បីបន្តការសិក្សាដោយបានស្នាក់នៅក្នុងវត្តកោះ រយៈពេល១០ឆ្នាំ ដោយពឹងអាស្រ័យទៅលើបាយបាត្ររបស់ព្រះសង្ឃ។ ដូច្នេះ ទីវត្តអារាម គឺជាកន្លែងមួយដែលផ្តល់ជាជ្រកដល់អ្នកទីទ័លក្រ កន្លែងផ្តល់នូវចំណេះដឹងដល់យុវជនកម្ពុជាជាច្រើនរូប ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ខ្ញុំមិនភ្លេចគុណដល់ព្រះសង្ឃដែលធ្លាប់បានផ្តល់នូវជម្រក ក៏ដូចជាពុទ្ធបរិស័ទ ដែលបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងសល់សម្រាប់ទុកឱ្យកូនសិស្សព្រះសង្ឃបានហូបចុក ចិញ្ចឹមជីវិតបន្តការសិក្សាក្រេបយកចំណេះដឹង»។ វត្តអារាមជាទីជម្រកស្នាក់អាស្រ័យរបស់សិស្ស-និស្សិតក្រីក្រ មកពីខេត្តមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួលផ្ទះបន្តការសិក្សានៅទីក្រុង។ វត្តជាទីពំនាក់អាស្រ័យ កុមារកំព្រា ចាស់ជរា សិស្សានុសិស្ស និងកូនចៅរបស់ប្រជារាស្រ្តក្រីក្រ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងឱកាសស្នាក់នៅក្រោមដំបូលកុដិព្រះសង្ឃ គឺតែងតែស្តាប់នូវដំបូលន្មាន ដែលព្រះសង្ឃផ្តល់ឱវាទរបស់ព្រះពុទ្ធសាសនា គឺត្រូវប្រកាន់នូវធម៌ កសាងខ្លួនឱ្យទៅជាមនុស្សល្អ ប្រកបដោយបញ្ញា ការគិតគូរដោយត្រឹមត្រូវ និងដឹងគុណដល់អ្នកដែលធ្លាប់ជួយនូវការថែរក្សាមកលើខ្លួន។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមក្មេងវត្តបានគោរពដឹងគុណដល់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ជាពិេសសបានបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ តាមរយៈករអនវុត្តនយោបាយឈ្នះឈ្នះ ទើបធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញនិងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។ សុខសន្តិភាពនេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មានឱកាសជួបជុំគ្នាសាច់ញាតិ ការប្រារព្ធកម្មវិធីបុណ្យទាន និងកម្មវិធីសាសនានានា និងការថែរក្សា អភិរក្សវប្បធម៌បានគង់វង្ស និងរីកចម្រើនជាលំដាប់។
គិតត្រឹមខែមករា ឆ្នាំ២០២៥, ព្រះសង្ឃទាំងពីរគណៈសរុបមានចំនួន ៧៥,៥៥៦អង្គ (គណៈមហានិកាយចំនួន ៧២,៩០០អង្គ និងគណះធម្មយុត្តិកនិកាយចំនួន ២,៦៥៦អង្គ។ ខេត្តក្រចេះមានព្រះសង្ឃ ១,៦០៥អង្គ វត្តសរុបមានចំនួន ៥,១៤៨វត្ត (វត្តគណៈមហានិកាយចំនួន ៤,៨៧៦វត្ត និងវត្តគណៈធម្មយុត្តិកនិកាយចំនួន ២៧២វត្ត) ដោយឡែកនៅក្នុងខេត្តក្រចេះមានវត្តចំនួន១៨០ ក្នុងនោះមានវត្តមហានិកាយចំនួន ១៦៧វត្ត និងវត្តធម្មយុត្តិកនិកាយចំនួន ១៧វត្ត។ អាស្រមមានចំនួន១៣២ និងមណ្ឌលវិបស្សនាចំនួន ៩៧ទីតាំង, អាចារ្យ អាចារិនីមានចំនួន ១៧,៦៤៥រូប គណៈកម្មការមានចំនួន ៣២,៩៤៣រូប, តាជី ២,៨០២រូប យាយជី ៩,៣៦៣រូប សិស្សនិស្សិត ៥,៦៨៩រូប និងក្មេងកំព្រា ៣,១៤៥រូប និងជនគ្មានទីពឹង ៣០២រូប៕