(ភ្នំពេញ)៖ បុរសម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនតាមបញ្ជា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបទល្មើស «គំរាមកំហែងហែកកេរ្តិ៍តាម Facebook» ពោលបានជំរិតទារប្រាក់ពីក្រុមហ៊ុន ណឹម ម៉េង។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យត្រូវបានបញ្ជូនមកកាន់សាលាដំបូង នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន។ បើតាមមន្រ្តីនគរបាល ជនសង្ស័យដែលត្រូវចាប់ខ្លួននេះមានឈ្មោះ វ៉ាន់ លីឈិន អាយុ២៤ឆ្នាំ ជាអ្នករកស៊ីលក់ស៊ីម៉ង់ត៍ មានទីលំនៅផ្ទះលេខ៨៩D ផ្លូវលេខ២១៧ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដើមហេតុដែលធ្វើឲ្យមានការចាប់ខ្លួនឈ្មោះ វ៉ាន់ លីឈិន ត្រូវបានសមត្ថកិច្ចរៀបរាប់ថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៦ ឈ្មោះ វ៉ាន់ លីឈិន បានយកវិក័យបត្រ ថតចំលងចំនួន៣សន្លឹក មកទារប្រាក់ថ្លៃស៊ីម៉ង់ត៍ ពីក្រុមហ៊ុន ណឹម ម៉េង ដោយបានអះអាងថា ក្រុមហ៊ុន ណឹម ម៉េង នៅជំពាក់ប្រាក់ចំនួន៧១៧៣ដុល្លារ។ នៅពេលនោះខាងគណនេយ្យរបស់ក្រុមហ៊ុន ណឹម ម៉េង បានទាមទារឲ្យឈ្មោះ វ៉ាន់ លីឈិន យកវិក័យបត្រច្បាប់ដើម មកបង្ហាញទើបអាចធ្វើការជាមួយគ្នាបាន ដោយហេតុថា ក្រុមហ៊ុន ណឹម ម៉េង ទើបតែទូទាត់ថ្លៃស៊ីម៉ង់ត៍ឲ្យក្រុមហ៊ុនចំនួន៩៦៦២ដុល្លារ តាមមូលប្បទានប័ត្រលេខ១៩៣០៧៨ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ របស់ធនាគារភ្នំពេញពាណិជ្ជ។

ប៉ុន្តែឈ្មោះ វ៉ាន់ លីឈិន នៅតែព្យាយាមយកវិក័យបត្រថតចំឡងមកទារប្រាក់ និងទូរស័ព្ទមកច្រើនដងដោយបានគំរាមថា ប្រសិនមិនព្រមប្រគល់ប្រាក់ តាមការទាមទារខ្លួននឹង Post វីដេអូ នឹង Tag ចូលក្នុង Page Facebook របស់សម្ដេចតេជោ ហ៊ុន សែន និងឲ្យមិត្តភ័ក្រេរបស់គេជួយ Share និងទូរស័ព្ទទៅវិទ្យុ ABC ទៀត ដើម្បីឲ្យមហាជនទូទាំងប្រទេសបានដឹង បើក្នុងរយៈពេលមួយអាទិត្យទៀតមិនព្រមប្រគល់ប្រាក់។

ក្រោយមកនៅថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១៦ ឈ្មោះ វ៉ាន់ លីឈិន បានបង្ហោះសារជាអក្សរ និងវីដេអូតាមរយៈគណនីឈ្មោះ Ly chhEn នៅលើបណ្ដាញសង្គមហ្វេសបុក ដោយបរិហាកេរ្តិ៍លោកឧកញ៉ា ណឹម ម៉េង ព្រមទាំងដាក់លេខទូរស័ព្ទ និងនាមប័ណ្ណក្រុមហ៊ុន ណឹម ម៉េង ទៀតផង។

ដោយសារមានអំពើល្មើសនេះកើតឡើងទើបក្រុមហ៊ុន ណឹម ម៉េង បានប្រគល់សិទ្ធិឲ្យលោកមេធាវី លឹម វណ្ណា ប្ដឹងឈ្មោះ វ៉ាន់ លីឈិន តាមផ្លូវច្បាប់ ព្រោះទង្វើរបស់ ឈ្មោះ វ៉ាន់ លីឈិន មានចេតនាទុច្ចរិត គំរាមកំហែង ទារប្រាក់ ទំលាក់កំហុស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងទៀត កលល្បិចបែបនេះ អាចកន្លងមកឈ្មោះ វ៉ាន លីឈិន បានប្រព្រឹត្តទៅលើអតិថិជនផ្សេងទៀត ដើម្បីផលប្រយោជរបស់ពួកគេ លុះពេលប៉ះចំក្រុមហ៊ុនដែល គេមានតំកល់ទុកឯកសារច្បាស់លាស់មិនអាចបដិសេធបាន ជនសង្ស័យក៏ប្រើឧបាយកល់តាមរយះ Facebook បរិហារហែកកេរ្តិ៍តែម្ដង។
នៅក្នុងពាក្យបណ្ដឹងរបស់លោកមេធាវី លឹម វណ្ណា មេធាវីតំណាងរបស់ក្រុមហ៊ុន ណឹម ម៉េង បានទាមទារជំងឺចិត្តជាប្រាក់ចំនួន១០ម៉ឺនដុល្លារ និងសុំឲ្យតុលាការចាត់ការតាមផ្លូវច្បាប់៕