(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា នៅកម្ពុជាយើង មិនខុសពីប្រទេសជឿលឿនដទៃទៀតទេ កាលដែលប្រទេសជាតិយើងកាន់តែថ្កុងថ្កើន ការទទួលទានអាហារ ក៏ដូចជាភេសជ្ជៈកាន់តែសម្បូរបែប ដូច្នេះហើយបើការបរិភោគមិនបានត្រឹមត្រូវ និងមិនធ្វើលំហាត់ប្រាណទៀតនោះ វានឹងធ្វើឱ្យមានបញ្ហាគ្រោះថ្នាក់នៃជំងឺមិនឆ្លង ដែលផលប៉ះពាល់សំខាន់ដល់សរសៃឈាមបេះដូង បេះដូង និងសរសៃឈាមខួរក្បាល។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «យើងដឹងហើយថាតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅកម្ពុជាយើង ជំងឺមិនឆ្លងមានលើស ៦០%នៃចំនួនអត្រាមរណៈភាពសរុប ក្នុងនោះជំងឺសរសៃឈាមបេះដូង គឺជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាព»។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី ក្នុងឱកាសតំណាងលោកសាស្រ្តាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសន្និសីទវេជ្ជសាស្រ្តបេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ីប្រចាំឆ្នាំលើកទី២ ស្តីពី «នវានុវត្តន៍នៃបច្ចេកព្យាបាលជំងឺបេះដូងនិងសរសៃឈាមបេះដូងក្នុងយុគសម័យទំនើប» ដែលមានការអញ្ជើញជាធិបតីពីលោក សានតូ ដាមូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។
លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី បានថ្លែងបន្ដថា សន្និសីទនាពេលនេះ គឺមានសារៈសំខាន់ណាស់ មិនត្រឹមតែជាវេទិការក្នុងការផ្លាស់ប្ដូរ ចែករំលែកចំណេះ និងជំនាញ ក្នុងការព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូងប៉ុណ្ណោះទេ គឺបញ្ជូលបន្ថែមនូវការថែទាំអ្នកជំងឺផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ បាននាំយកនូវអនុសាសន៍ផ្ដាំផ្ញើពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំនួន ៣ចំណុច ជូនដល់អង្គសន្និសីទ ទី១៖ ការផ្តល់អាទិភាពជាចម្បងដល់ការបង្ការ និងការពារបឋម និងបង្កើនសមត្ថភាពធ្វើរោគវិនិច្ឆ័យឲ្យបានលឿន រហ័សទាន់ពេលវេលា, ២៖ ការបង្កើនសមត្ថភាពគ្លីនិកជាប់ជាប្រចាំ ព្រមទាំងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា នវានុវត្តន៍ ស្របតាមការវិវត្តន៍ពិភពលោក និងទី៣៖ ការលើកកម្ពស់សេវាថែទាំគ្រប់កម្រឹត ផ្តើមពីសេវាថែទាំបឋម សេវាព្យាបាល ទាំងសហគមន៍ និងមន្ទីរពេទ្យ ប្រកបដោយក្រមសីលធម៌ មេត្តាករុណា និងសមធម៌។ ជុំវិញនឹងពាក្យថាក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ មន្ដ្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ទៅលើការផ្ដល់ភាពកក់ក្ដៅ និងភាពជឿជាក់ដល់អ្នកជំងឺ។
សូមជម្រាបថាសន្និសីទវេជ្ជសាស្រ្តបេះដូងអន្ដរជាតិប្រចាំឆ្នាំលើកទី២នេះ បានផ្តួចផ្តើមរៀបចំដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយ មជ្ឈមណ្ឌលជាតិជំងឺបេះដូងនិងសរសៃឈាមបេះដូងនៃប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងបន្តផ្លាស់ប្តូរ និងបង្កើនចំណេះដឹងថ្មីៗ បទពិសោធន៍ព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូង ជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យមកអំពីមន្ទីរពេទ្យនានា។
ចំណុចពិសេសនៃការរៀបចំសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិប្រចាំឆ្នាំនេះ គឺបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនជាតិនិងអន្តរជាតិ ដែលធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន ២០ ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ការព្យាបាល និងថែទាំជំងឺបេះដូង និងសរសៃឈាម ប្រកបដោយនវានុវត្តន៍ក្នុងយុគសម័យទំនើប ដែលមានការអញ្ជើញចូលរួមពីវេជ្ជបណ្ឌិតមកពីបណ្តាមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យខេត្តចងសម្ព័ន្ធមេត្រីភាពចំនួនប្រមាណ១៥០នាក់។ នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត៕