(ពោធិ៍សាត់)៖ នាថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានយាង និងអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ និងព្រះទ្រង់បិណ្ឌបាត វត្តសុខំព្រះធម៌មហាកម្លាំង ហៅវត្តស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងគ្រប់ប្រភេទ ក្នុងស្រុកវាលវែង ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត និងទទួលបានលទ្ធផលជោគជ័យ និងចូលរួមលើកស្ទួយវិស័យពុទ្ធសាសនា និងវិស័យ ផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋាន។

សម្តេចមានសង្ឃដិកាថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានប្រជាជនភាគច្រើន បានដើរតាមមាគ៌ារបស់ព្រះពុទ្ធ ហើយសាសនាព្រះពុទ្ធ បានផ្តល់ជំនឿយ៉ាងមុតមាំ ដល់ពុទ្ធសាសនិក តាមរយៈវត្តអារាម ដែលជាកន្លែងជួយទ្រទ្រង់នូវធម៌របស់ព្រះពុទ្ធ ដែលបានជួយអប់រំ និងកសាងសហគមន៍ តាំងពីអតីតកាលរហូតមកដល់នាពេលបច្ចុប្បន្ន ទើបរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

វត្តអារាមបានបង្កលក្ខណៈឲ្យសង្គមគ្រួសារខ្មែរចេះដឹងខាងវិធីសម្របសម្រួល ដោះស្រាយរាល់បញ្ហាលំបាក ដោយប្រកាន់នូវធម៌មេត្តា ករុណា សណ្ដោសប្រណី ចេះអប់រំគ្នាតាមផ្លូវធម៌ និងច្បាប់ទៀតផង។ វត្តអារាមជាប្រភពផ្តល់នូវចំណេះដឹងខាង ពុទ្ធចក្រ និងអាណាចក្រ បានសេចក្តីថារាល់បញ្ហានៅក្នុងសហគមន៍ គឺមានព្រះសង្ឃ អាចារ្យ ពុទ្ធបរិស័ទ ចូលរួមដោះស្រាយ។ វត្តអារាមមានតួនាទីសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ដូចជាការធ្វើចលនាកៀរគរជំនួយដើម្បីកសាងវត្តអារាម សាលារៀន មន្ទីពេទ្យ ស្ពានថ្នល់។ល។ ម្យ៉ាងទៀតវត្តអារាម ក៏ចូលរួមចំណែកដោះស្រាយការងារសង្គមដែរ ដូចជាការទទួលឧបត្ថម្ភកន្លែងស្នាក់អាស្រ័យរៀនសូត្រដល់កុមារកំព្រា កុមារជាកូនគ្រួសារជនក្រីក្រ ការជួយឧបត្ថម្ភគាំទ្រដល់ជនវ័យចាស់ រៀនធម៌ជាអាថ៌ ដែលអាចធ្វើឱ្យជនទាំងនោះមានសេចក្តីសង្ឃឹមក្នុងជីវិតរស់នៅ។

រាជរដ្ឋាភិបាលបានពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកបក្ខពួកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឲ្យក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ អប់រំទូន្មានមនុស្ស លើកតម្កើងសីលធម៌សង្គម។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវជំរុញការផ្សព្វផ្សាយអប់រំលើកកម្ពស់ការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតអប្បបរិមា។ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើងលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថានគ្មានសំរាម និងគ្មានជំងឺឆ្លងរាតត្បាតនានានៅតាមមូលដ្ឋាននីមួយៗ។

សូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ត្រូវប្រកាន់ខ្ជាប់នូវធម៌ព្រះពុទ្ធ ជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ដល់ពុទ្ធសាសនិកជំនាន់ក្រោយ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីប្រែក្លាយឲ្យទៅជាកម្លាំងចលករ ដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យ កាន់តែរឹងមាំល្អផូរផង់។ ត្រូវសហការឲ្យកាន់តែល្អប្រសើរឡើងតាមព្រះវិន័យតាមឋានានុក្រម ដើម្បីពង្រឹងនូវការ ឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគម្រូល្អដល់ពុទ្ធបរិស័ទ។
សូមអាចារ្យ-អាចារិនីបង្កើនសាមគ្គីភាពល្អជាមួយពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន រក្សាឱ្យបាននូវប្រពៃណីវប្បធម៌ដ៏ល្អ ផូរផង់របស់ខ្មែរយើងហើយមិន ត្រូវសម្តែងសកម្មភាពណាមិនសមរម្យចំពោះព្រះសង្ឃ ដែលជាហេតុនាំឲ្យកើតមាននូវវិវាទធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និងសេចក្តីថ្លៃថ្នូរ របស់វត្ត ក៏ដូចជាកិត្យានុភាព នៃព្រះពុទ្ធសាសនាជាតិ ព្រមទាំងបានប្រគេនបច្ច័យ ចំនួន២៥លានរៀល សម្រាប់រួមចំណែកកសាងទីវត្តអារាម និងចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរូមជាង៤០០នាក់ក្នុងម្នាក់សារុង១។

សូមបញ្ចាក់ថា វត្តសុខំព្រះធម៌មហាកម្លាំង (ហៅវត្តស្មែត) ស្ថិតក្នុងភូមិស្មែត ឃុំក្រពើពីស្រុកវាលវែង បានបង្កើតឡើងក្នុងឆ្នាំ២០២០ លើផ្ទៃដីជាង៣ហិកតា មានព្រះសង្ឃគង់នៅ៤អង្គ។គិតមកដល់ពេលនេះ ក្រោមការខិតខំប្រឹងប្រែងពីព្រះចៅអធិការវត្តព្រះនាម គន្ធធម្មោ ដួង ប៊ុនឈឿន បានទិញដីពង្រីកបន្ថែមបាន១ហិកតាកន្លះ សាងសង់សាលាឆាន់ រោងឧបោសថ ប្រាសាទនគរគោកធ្លក ដាំដើមឈើ និងបានកសាងក្លោងទ្វានិងព្រះអង្គទ្រង់បិណ្ឌបាត ដោយចំណាយថវិកាអស់ជាង២៤ពាន់ដុល្លារអាមេរិក ត្រូវបានប្រារព្ធសម្ពោធឆ្លងនាពេលនេះ៕