(ភ្នំពេញ)៖ ពាក់ព័ន្ធករណីអតីតសង្ឃ រំលោភក្មេងស្រីអាយុ១៤ឆ្នាំ ដែលត្រូវតុលាការកំពូល តម្កល់ទោស១០ឆ្នាំដដែលនោះ ទាំងជនជាប់ចោទ និងបងស្រីរបស់ជនជាប់ចោទ សុទ្ធតែបានអះអាងថា ជារឿងអយុត្តិធម៌ ព្រោះព្រះសង្ឃរួមនោះមិនបានប្រព្រឹត្តិ ដូចការចោទប្រកាន់ទេ គឺមានសាក្សីច្បាស់លាស់។
អ្នកស្រី អែវ ជី អាយុ៣៩ឆ្នាំ ដែលស្ត្រីមេម៉ាយកូន២នាក់ បងស្រីបង្កើតរបស់ជនជាប់ចោទឈ្មោះ អែវ នី ហៅចឺម បានរៀបរាប់ប្រាប់អង្គភាព Fresh News ដោយចាត់ទុកការសម្រេច របស់តុលាការទាំង៣ថ្នាក់ គឺជារឿងអយុត្តិធម៌បំផុត ដោយជឿលើតែសម្តីរបស់ភាគីម្ខាង ខណៈសាក្សីមានទាំងលោកសង្ឃ តាអាចារ្យ ដែលសុទ្ធតែក្នុងហេតុការណ៍ បាននិយាយថា សង្ឃជាប់ចោទមិនបានប្រព្រឹត្តិនោះទេ។
អ្នកស្រី អែវ ជី បានឲ្យដឹងថា កន្លែងកើតហេតុដែលជាបន្ទប់ស្រោចទឹកនោះ គ្មានទ្វារគ្មានបង្អួច ធ្វើម៉េចអាចធ្វើឲ្យប្អូនរបស់គាត់ ចាប់រំលោភក្មេងស្រីនោះបាន ហើយចំពោះការហូរឈាមពីទ្វារមាសរបស់ក្មេងស្រី គឺថ្ងៃនោះមុននឹងស្រោចទឹក ម្តាយក្មេងស្រីនោះ បានប្រាប់គាត់ថា ក្មេងស្រីនៅមករដូវ។
អ្នកស្រីបានឲ្យដឹងថា នៅថ្ងៃកើតហេតុទាំងឪពុកម្តាយ តាអាចារ្យ ព្រះសង្ឃ នៅកន្លែងកើតហេតុពេញទាំងអស់ ធ្វើម៉េចអាចនឹងរំលោភបាន ហើយបន្ទប់ស្រោចទឹកទៀតសោធ គឺគ្មានទ្វារ និងបង្អួចទេ ហើយបែរមុខ ទៅកន្លែងតាអាចារ្យ និងពុទ្ធបរិស័ទអង្គុយទៀត គឺឃើញទាំងអស់។
អ្នកស្រី អែវ ជី បានសំពះសំណោមពរឲ្យតុលាការ ផ្តល់យុតិ្តធម៌ជូនប្អូនប្រុសរបស់គាត់ផង ព្រោះរឿងនេះពិតជាអយុតិធម៌ណាស់។
សូមជម្រាបថា លោក សឹង បញ្ញាវុឌ្ឈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រកាសសាលដីកាតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសជនជាប់ចោទឈ្មោះ អែវ នី ហៅចឺម អតីតសង្ឃដែលរងការចោទប្រកាន់ថា រំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ ត្រូវបានដាក់ពន្ធនាគារ១០ឆ្នាំ។
មន្ត្រីតុលាការកំពូលបញ្ជាក់ថា ជនជាប់ចោទឈ្មោះ អែវ នី ហៅចឺម អាយុ៣៣ឆ្នាំ ត្រូវបានសាលាដំបូងខេត្តតាកែវ និងសាលាឧទ្ធរណ៍ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ ប្រព្រឹត្តនៅវត្តសោថាណារាម ភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រែកកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤។
ម្តាយក្មេងស្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា កូនស្រី ត្រូវបានឪពុកម្ដាយនាំទៅកាន់ វត្ដសោថាណារ៉ាម ដើម្បីឱ្យព្រះសង្ឃអង្គនេះស្ដោះផ្លុំ ព្រោះសង្ស័យថា ត្រូវអំពើរបស់គេ។ ពេលទៅដល់វត្ដ ព្រះសង្ឃបានហៅកូនស្រី ចូលទៅកុដិ ដោយមានជញ្ជាំងបិទជិត ខណៈដែលឪពុកម្ដាយរបស់នាងនៅខាងក្រៅ។ កូនស្រីបានដើរចេញពីកុដិវិញ ពេលនោះឪពុកម្ដាយរបស់នាង បានឃើញឈាមហូរតាមជើង។ ប៉ុន្ដែមុនដំបូងមិនចាប់អារម្មណ៍នោះឡើយ ដោយសង្ស័យថា អាចធ្លាក់រដូវ។ លុះពេលនាំទៅដល់ផ្ទះ ឈាមនៅតែបន្ដធ្លាក់មិនឈប់ ទើបឪពុកម្ដាយបាននាំទៅ ឱ្យពេទ្យពិនិត្យមើល ទើបដឹងថា ប្រដាប់ភេទរបស់នាងដាច់រលាត់ ព្រោះតែការចាប់រំលោភពីព្រះសង្ឃអង្គនេះ។
ដោយឡែកក្មេងស្រីរងគ្រោះបាននិយាយថា ពេលចូលទៅដល់កុដិព្រះ សង្ឃអង្គនេះបានយកធូប ៣សរសៃ មកស្ដោះ ផ្លុំនិងចាក់នៅលើដើមទ្រូង ក្បាលពោះនិង នៅលើប្រដាប់ភេទ រួចក៏ធ្វើសកម្មភាពរំលោភ និងប្រើអណ្ដាតទៀតផង។
ជាមួយគ្នានេះជនជាប់ចោទឈ្មោះ អែវ នី ហៅចឺម បានបដិសេធថា ខ្លួនពុំបានចាប់រំលោភសេពសន្ថវៈដូចការចោទប្រកាន់នោះទេ៕