Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង៦នាក់ ឈ្មោះក្រុមកាប់ស្លុយ KS ដែលដេញកាប់ចាក់ជនរងគ្រោះ២ករណី នៅខណ្ឌចំការមន និងខណ្ឌព្រែកព្នៅ

27-04-2025 16:25

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៦នាក់ ជាក្រុមក្មេងទំនើងឈ្មោះ ក្រុមកាប់ស្លុយ (KS) ដែលដេញកាប់ចាក់ជនរងគ្រោះ២ករណី។

ផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនល្មើសទាំង៦នាក់ ដែលជាក្រុមក្មេងទំនើងឈ្មោះ ក្រុមចាក់ស្លុយ នេះបានប្រព្រឹត្តបទល្ម​ើសចំនួន២ករណីរួមមាន៖

*ករណីទី១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន១ដើម កាប់ និងយកដុំថ្ម គប់បណ្តាលឲ្យរងរបួស និងខូចខាតម៉ូតូចំនួនមួយគ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្សារទំនើបខាយសៀន (កោះពេជ្រ) ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥

*ករណីទី២៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកែច្នៃ កាំបិតប៉័ងតោ កាប់ និងមួកសុវត្ថិភាព គប់បណ្តាលឲ្យចំខ្នងរងរបួស) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ៤១០K ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

ជនសង្ស័យទី១៖ឈ្មោះ ហៀង លីឆេង ហៅកឺ, ទី២៖ឈ្មោះ ម៉ក់ បញ្ញាពិសិដ្ឋ ហៅហ្ស៊ី, ទី៣៖ឈ្មោះ សំ សុវណ្ណាវិទូ ហៅវីត, ទី៤៖ឈ្មោះ មាន រតនៈ ហៅណាក់, ទី៥៖ឈ្មោះ ហួរ ឆេងលាង និងទី៦៖ឈ្មោះ លាន់ ហុងនីដារ៉ារិទ្ធ។ វត្ថុតាងចាប់យក ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខកណ្តាល1AD-4075។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕