(កំពង់ធំ)៖ លោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ ភូមិ បានចុះពិនិត្យមើលការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន ៦៣ខ្នង ដែលបណ្ដាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ ប៉ះពាល់ចំនួន ០៥ភូមិ ក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ។
នាឱកាសនោះ លោក នួន ផារ័ត្ន បានមានប្រសាសន៍ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់និងព្រួយបារម្ភអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយសម្តេចបានណែនាំឱ្យលោកមកជួបជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដែលរងគ្រោះដោយភ្លៀង និងខ្យល់កន្ត្រាក់ ដែលទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។
ជាមួយនឹងការសោកស្តាយលើការខូចខាតដែលបណ្តាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ ដែលបានធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋអស់របើកដំបូល និងរលំផ្ទះ លោកបានលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយសារភ្លៀង និងខ្យល់កន្ត្រាក់ឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀត ដើម្បីចិញ្ចឹមគ្រួសារឱ្យលក្ខណៈល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលមានភ្លៀង និងខ្យល់កន្ត្រាក់ សូមមានការប្រុងប្រយ័ត្ន និងរកទីកន្លែងណាមានសុវត្ថិភាព ដើម្បីកុំឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ ព្រោះកត្តាធម្មជាតិបង្កឡើងទីតាំងណាកន្លែងណានោះនោះទេ។
ក្នុងការចុះសួរសុខទុក្ខ, លោក នួន ផារ័ត្ន បាននាំយកនូវជាស្បៀងជូនដល់គ្រួសារដែលរងគ្រោះដោយភ្លៀង នឹងខ្យល់កន្ត្រាក់ក្នុងមួយគ្រួសារទទួលបានរួមមាន÷ អង្ករ០១បេ, មី០១កេស, ត្រីខ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ទឹកត្រី០១យួរ, តង់០១ សម្រាប់អ្នកដែលរលំផ្ទះទាំងស្រុង២គ្រួសារទទួលបានថវិកា ៤០ម៉ឺនរៀល អ្នកដែលប៉ះពាល់ដំបូលទទួលបាន ២០ម៉ឺនរៀល អ្នកប៉ះពាល់បានថវិកា ១០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ផងដែរថាកាលពីវេលាម៉ោង១៥ និង៣០នាទី នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៥ មានភ្លៀង និងខ្យល់កន្ត្រាក់បានវាយប្រហារទៅលើតំបន់ឃុំចុងដូង បង្កឱ្យមានការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន៦៣ខ្នង និងខូចខាតអស់ទាំងស្រុងចំនួន១០ខ្នង មានចំនួន០៥ភូមិគឺ ភូមិខ្សាច់ល្អិតប៉ះពាល់ផ្ទះ៤៦ខ្នង ភូមិគូប៉ះពាល់ផ្ទះ០៣ខ្នង ភូមិចុងដូងប៉ះពាល់០៥ខ្នង និងភូមិទួលសាលាប៉ះពាល់០៥ខ្នង និងភូមិសំរោងប៉ះពាល់ចំនួន០៤ខ្នងផ្ទះ ដោយពុំមានប៉ះពាល់អាយុជីវិតមនុស្ស សត្វនោះឡើយ៕