(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា មានតម្លៃ ៨៧៥,០៩៩ដុល្លារ នៅក្នុងវត្តវេឡុវ័ន (ហៅវត្តព្រែកសាម៉ាន់) ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
ពិធីនេះមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ សម្តេចព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះវិមលរតនៈបណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ, លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង៧ និងប្រជាពុទ្ធបរិស័ទជាច្រើនរយនាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានពាំនាំនូវការផ្តាំផ្ញើ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តែងការកោតសរសើរដល់ក្រុមការងារ សប្បុរសជន ព្រះសង្ឃ ក្នុង និងក្រៅប្រទេស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចំណុះជើងវត្តទាំងអស់ ដែលបានរួមសាមគ្គីគ្នា កសាងបាននូវសមិទ្ធផលជាច្រើន និងបានធ្វើពិធីបុណ្យសម្ពោធឆ្លងជាប្រយោជន៍រួមទាំងអស់គ្នា។ ការកសាងនូវសមិទ្ធផល ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ទាមទាជាចាំបាច់ឱ្យមានការចូលរួម និងការសាមគ្គីគ្នា ទើបសមិទ្ធផលនោះបានរួចរាល់ឆាប់រហ័ស។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាក់ស្តែងដូចជាព្រះវិហារថ្មី បានចេញលេចធ្លោរឡើងនៅចំពោះមុខយើងទាំងអស់គ្នានេះ គឺពិតជាបានមកពីការចូលរួម ពីសប្បុរសជន និងពុទ្ធបរិស័ទគ្រប់ទិសទី និងគួបផ្សំទៅនឹងសង្គមជាតិទាំងមូល មានសុខសន្តិភាព ស្ថិរភាព ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ព្រះវិហារនេះកសាងយូរឆ្នាំណាស់ទើបរួចរាល់ ហើយពិតជារីករាយសាទរណាស់ចំពោះសមិទ្ធផល នៅក្នុងនៅវត្តវេឡុវ័ន (ហៅវត្តព្រែកសាម៉ាន់) ព្រោះជាមនុញ្ញផលបានមកពីទឹកចិត្តសទ្ធាជ្រះថ្លា និងជឿជាក់ចំពោះសាសនាហេតុនេះសូមអំពាវនាវដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមថែរក្សាទុកជាគុណប្រយោជន៍ និងសម្បត្តិរួមរបស់យើងទាំងអស់គ្នា ទាំងផ្លូវលោក និងផ្លូវធម៌។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានរម្លឹកពីភាពឈឺចាប់ខ្លោចផ្សារបស់ប្រជាជាតិកម្ពុជា ក្រោមការដឹកនាំរបស់របបខ្មែរក្រហម ដោយបានធ្វើទុក្ខបុម្នេញចាប់ផ្សឹកព្រះសង្ឃនៅក្នុងព្រះពុទ្ធសាសនា, គ្មានឡើយសាសនាឥស្លាម និងគ្រឹស្តសាសនានោះទេ ពោលគឺសេរីភាពខាងជំនឿសាសនា ត្រូវបានបំបាត់ចោលទាំងអស់ ដោយក្នុងនោះទីវត្តអារាមដែលជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ ត្រូវបានពួកខ្មែរក្រហមយកធ្វើជាកន្លែងឃុំឃាំង កន្លែងចិញ្ចឹមសត្វជាដើម ប៉ុន្តែ ក្រោយពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលដឹកនាំដោយសម្តេច ជា ស៉ីម, សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិកម្ពុជាជាច្រើនរូបទៀត បានធ្វើឱ្យប្រជាជនកម្ពុជារាប់លាននាក់រួចផុតពីចង្កូមមជ្ចរាជ ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗទៀត បានរស់រានឡើងវិញ និងរីកចម្រើនជាលំដាប់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ការរីកចម្រើនក្នុងផ្នែកពុទ្ធចក្រ បានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពប្រាកដនិយមរបស់ប្រជាជនកម្ពុជា ដែលគោរពសិទ្ធិសេរីភាព ខាងជំនឿសាសនា លើស្ទួយព្រះពុទ្ធសាសនា ដោយផ្អែកលើមូលដ្ឋាន ថែរក្សាប្រពៃណីជាតិ និងលើកម្ពស់តម្លៃសីលធម៌សង្គម។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានប្រគេន និងចែកជូនបណ្ណថ្លែងអំណរគុណជូនដល់ព្រះគ្រូចៅអធិការវត្ត និងសប្បុររសជន និងបានអញ្ជើញកាត់ខ្សែបូរណ៍កាត់ឬសីមាសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលក្នុងវត្តជាផ្លូវការផងដែរ។
យោងតាមរបាយការណ៍របស់លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានឱ្យដឹងថា បុព្វហេតុនៃសមិទ្ធផលនានាដែលសម្រេចបាន និងកំពុងធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានានាពេលនេះដោយមានការផ្តួចផ្តើមដោយព្រះគ្រូចៅអធិការវត្តមុនៗជាច្រើនអង្គ ហើយចុងក្រោយនេះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ដឹកនាំដោយព្រះគ្រូ ភន ចាន់ទី និងបន្តមកព្រះគ្រូ យ៉ែម សុខហេង ចៅអធិការវត្តវេឡុវ័ន ចាប់ពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ដែលបានខិតខំប្រឹងប្រែងស្វែងរកសប្បុរសជន ដើម្បីជួយកសាងជាបន្ត រួមទាំង លោកអាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ សមិទ្ធផលបានសាងសង់រួច នាពេលកន្លងមករួមមានជាអាទិ៍គឺ៖
ទី១៖ សាងសង់កុដិថ្ម ទំហំ ១១ម៉ែត្រ គុណ២៥,៦ម៉ែត្រ, ទី២៖ សាងសង់កុដិថ្មតូច, ទី៣៖ សាងសង់របងវត្តផ្នែកខាងមុខ ៣០ផ្ទាំង, ទី៤៖ សាងសង់របងផ្នែកចំហៀងវត្ត ៨៨ផ្ទាំង, ទី៥៖ សាងសង់ចាក់ដីក្នុងវត្តកម្ពស់ ៣.៥ម៉ែត្រ ចាក់សាបរៀបឥដ្ឋកន្សែងក្នុងទីធ្លាវេណវត្ត, ទី៦៖ សាងសង់ពង្រីកឧបដ្ឋានសាលាទំហំ ១១,៥ម៉ែត្រ គុណ ១២,៥ម៉ែត្រ, ទី៧៖ សាងសង់ខ្លោងទ្វារខាងលិច, ទី៨៖ សាងសង់ខ្លោងទ្វារខាងកើត, ទី៩៖ សាងសង់រោងបាយជាប់សាលាឆាន់, ទី១០៖ សាងសង់បង្គោលភ្លើងសូឡាក្នុងវត្ត និងតាមផ្លូវក្នុងភូមិ២០០ដើម, ទី១១៖ សាងសង់ដងទង់១គូ កម្ពស់ ៣០,៣ម៉ែត្រ ទី១២៖ សាងសង់កញ្ចុះអំពីឈើ ចំនួន២, ទី១៣៖ សាងសង់កសាងប្រាសាទ តាម៉ៅ យាយទេព, ទី១៤៖ សាងសង់បង្គន់អនាម័យ ចំនួន៦បន្ទប់, ទី១៥៖ សាងសង់រូបសំណាកព្រះអង្គប្រោសបញ្ចវគ្គីយភិក្ខុ(បច្ចវត្តិភិក្ខុ), ទី១៦៖ សាងសង់រូបសំណាក់ព្រះទ្រង់អភ័យ និងខឿន ចំនួន៤កន្លែង, ទី១៧៖ សាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧, ទី១៨៖ សាងសង់រូបសំណាករាជសីហ៍ គុជសីហ៍១គូរ, ទី១៩៖ សាងសង់ខ្លោងទ្វារសាលារៀន, ទី២០៖ សាងសង់ជុសជុលព្រះចេតិយព្រះសពអតីតព្រះចៅអធិការវត្ត, ទី២១៖ សាងសង់រូបសំណាក់ឆ្នាំទាំង១២, ទី២២៖ សាងសង់ផ្លូវចូលសាលារៀន និងទី២៣៖ សាងសង់ព្រះវិហារទំហំ ១៣,៣០ម៉ែត្រ គុណ២៣,៤០ម៉ែត្រ។ ចំពោះសមិទ្ធផលដែលបានកសាងឡើងនេះសរុបថវិកាចំនួន ៨៧៥,០៩៩ដុល្លារ។
ដោយឡែកចំពោះសមិទ្ធផលថ្មីៗ គឺព្រះវិហារថ្មីដែលសាងសង់រំលិចដោយរចនាបទដ៏ស្រស់ស្អាត ដែលកំពុងប្រារព្ធពិធីធ្វើបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តវេឡុវ័ន ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ស្រុកឆ្លង ខេត្តក្រចេះ នាពេលព្រឹកនេះគឺព្រះវិហារថ្មី ដែលមានទំហំ ១៣,៣០ម៉ែត្រ គុណ ២៣.៤០ម៉ែត្រ ដែលចាប់ផ្តើមសាសង់ឡើងនៅដើមឆ្នាំ២០១២ ហើយសាងសង់រួចរាល់ជាស្ថាពរ នៅចុងឆ្នាំ២០២២ ចំណាយថវិកាចំនួន ២៩៩,៩៩៩ដុល្លារ៕