(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថាក្នុងការប្រារព្វទិវាពលកម្មអន្ដរជាតិថ្ងៃទី១ ឧសភា ឆ្នាំ២០២៥នេះ ខណៈដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ យើងឃើញរាជរដ្ឋាភិបាលក្រោមការដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ជួបជាមួយសហជីពមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំនួនរាប់ពាន់មុខរបរ ពិសេសវិស័យដឹកជញ្ជូន សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអ្នករត់តាក់ស៊ី, អ្នករត់ម៉ូតូកង់បី យ៉ាងសំបូរបែបដែលជាទីពេញនិយម និងផ្តល់ភាពងាយស្រួលលើមធ្យោបាយដឹកជញ្ជូនទាំងភ្ញៀវជាតិ និងអន្ដរជាតិ។
នេះសឲ្យឃើញថា រាជរដ្ឋាភិបាលបានបន្ដគិតគូនិងលើកស្ទួយ ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ឲ្យមានប្រាក់ចំណូលកាន់តែប្រសើរថែមទៀតដើម្បីទ្រទ្រង់ដល់ជីវភាពក្រុមគ្រួសារ។ ព្រោះរាជរដ្ឋាភិបាលបានអនុគ្រោះ ដល់បងប្អូនប្រជាពលរដ្ឋប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមិនយកពន្ធ។
ទន្ទឹមនឹងនេះបើងាកមកវិស័យដឹកជញ្ជូន សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាទីពេញនិយមយ៉ាងសំបូរបែបវិញ មានការចោទសួរថា តើវិស័យដឹកជញ្ជូន សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានការវិវត្ដយ៉ាងណា?
លោក រ័ត្ន សណ្ដាប់ រៀបរាប់ថា បើយើងពោលអំពីសាវតារត្រឹមទសវត្សឆ្នាំ១៩៨០នេះមក យើងឃើញមានការវិវត្ដជាបន្ដបន្ទាប់។ ក្នុងនោះ នៅទសវត្សឆ្នាំ១៩៨០ យើងឃើញមានកង់ឌុកនិងស៊ីក្លូចាស់ៗ មានមួយៗដែលជាមធ្យោបាយដឹកជញ្ជូន ,បន្ដមកទសវត្សឆ្នាំ១៩៩០ ក្រោយពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស មានកង់ឌុក ,ស៊ីក្លូ ,ម៉ូតូឌុក និងរីម៉ក់ម៉ូតូកង់បី ហាក់មានចំនួនច្រើនជាងមុនបន្ដិចជាមធ្យោបាយដឹកជញ្ជូន, បន្ដមកទៀតដល់ឆ្នាំ១៩៩៨ បន្ទាប់ពីខ្មែររកឃើញសន្ដិភាព ពេញបរិបូណ៍ទូទាំងប្រទេស រហូតដល់បច្ចុប្បន្ន យើងឃើញថា វិស័យដឹកជញ្ជូន សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានភាពសំបូរបែប មានការប្រកួតប្រជែង និងមានភាពស៊ីវិល័យ មិនចាញ់ពីបណ្ដាប្រទេសជឿនលឿនទ្បើយ។
សព្វថ្ងៃនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាលខេត្តក្រុង ទូទាំងប្រទេស យើងឃើញមានមធ្យោបាយធ្វើដំណើរមួយដែលពេញនិយមនៅទីក្រុងភ្នំពេញ គឺម៉ូតូកង់បី(តុកតុក ) អាចដឹកអ្នកដំណើរអង្គុយបានមនុស្សចំនួន៤ នាក់ និងមានប្រក់ដំបូលនៅខាងលើ អាចឲ្យអ្នកដំណើរការពារពីកំដៅក្ដៅ ភ្លៀង និងអាចស្រូបយកខ្យល់អាកាសបានល្អ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរទេសចរកំសាន្ដតាមរមណីដ្ឋាននានា ទាំងភ្ញៀវទេសចរជាតិនិងអន្ដរជាតិ។ ដោយអ្នកដំណើរ អាចរកម៉ូតូកង់បីបានតាម (PassApp) ដើម។ នៅគ្រប់ទីកន្លែង ដូចជានៅតាមបណ្តាផ្សារទំនើប ផ្សារសាធារណៈ និងកន្លែងទេសចរណ៍សំខាន់ៗនៅរាជធានីភ្នំពេញ ។
ទន្ទឹមនឹងនេះ រាជធានីភ្នំពេញជាបេះដូងនៃកម្ពុជាដ៏ស្រស់ស្អាត ក៏បានដាក់ឲ្យដំណើរការសេវាកម្មដឹកជញ្ជូនផ្សេងៗទៀត រួមមានតាក់ស៊ី និងរថយន្តក្រុងសាធារណៈដើម្បីបង្កលក្ខណៈឲ្យកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរទៅតាមជម្រើសគោលដៅ ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបំពុលបរិស្ថានជាដើម។
ជាចុងក្រោយលោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា សព្វថ្ងៃរាជរដ្ឋាភិបាល បានចាត់ទុកអ្នកប្រកបមុខ របរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ការងារដល់ប្រជាជនក្នុងស្រុក ដើម្បីធ្វើឲ្យអត្រាគ្មានការងារធ្វើក្នុងប្រទេសមានកម្រិតទាប និងបានរួមចំណែកយ៉ាងច្រើនក្នុងកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងនោះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឲ្យអ្នករកស៊ី សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះបញ្ជីដើម្បីទទួលបានអត្ថប្រយោជន៍នានា ក៏ដូចជាដើម្បីបង្កភាពងាយស្រួយដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងលើកស្ទួយ។ ដូច្នេះដោយស្របតាមការរីកចម្រើនរបស់ស្រុកទេស និងបច្ចេកវិទ្យាពិភពលោក វិស័យដឹកជញ្ជូន សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានយ៉ាងសំបូរបែប ដែលយើងអាចរកជិះបានជារៀងរាល់ម៉ោង ,រាល់ថ្ងៃ តាមការហៅរបស់អតិថិជន ឬតាមកម្មវិធីទូរស័ព្ទដៃ ឬគេអាចរកជិះបាននៅតាមសណ្នាគារ ,ទីភ្នាក់ងារទេសចរណ៍ ,ទីផ្សារ និងតាមទីសាធារណៈគ្រប់ទីកន្លែង៕