(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា អ្វីដែលសំខាន់ជាងគេ និងមានតម្លៃបំផុតគឺសុខសន្តិភាព ស្ថេរភាពដែលរកដោយលំបាក ព្រោះយើងបានឆ្លងកាត់នូវអតីកាល ដ៍លំបាកហើយ យុវជន សម័យថ្មីមួយចំនួនមិនបានឆ្លងកាត់សម័យកាលដ៍លំបាកនោះ ពិតជាមិនយល់តម្លៃសន្តិភាព ស្ថេរភាពនោះទេ។ ជាក់ស្តែងប្រទេសមួយចំនួននៅលើពិភពលោក មិនទាន់មានសន្តិភាព​នៅឡើយទេ ដែលនេះ គឺជាមោទននៃភាពសន្តិភាព ស្ថេរភាពនៅកម្ពុជា។

លោក ហ៊ុន ម៉ាណែតបន្តថា «ពេលខ្លះយើងភ្លេចនូវអ្វីដែលយើងមានសព្វថ្ងៃគឺសន្តិភាព ស្ថេរភាពសង្គម សិទ្ធសេរីភាព ការប្រត្តិបត្តិសាសនា ដែលបានបង្កលក្ខណៈនិងផ្តល់ឱកាស​គ្រប់បែបយ៉ាងសម្រាប់ យើងទាំងអស់គ្នានិងផលប្រយោជន៍សម្រាប់កូនចៅនៅជំនាន់ក្រោយៗទៀត។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព រួមគ្នាធ្វើ រួមគ្នាកសាងដើម្បីប្រជាពល​រដ្ឋនិងកូនចៅប្រជាពលរដ្ឋ»

លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈលោក ចូលរួមនៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់មជ្ឈមណ្ឌលអភិវឌ្ឍសហគមន៍ នៃសមាគមសម្របសម្រួល និងអភិវឌ្ឍសង្គមក្រោមជំនួយរបស់ ធនាគារអភិវឌ្ឍអឥស្លាមIDB សប្បុរសជនពីប្រទេសQATAR និងប្រទេសគុយវ៉ែត KUYWAIT និងពិធីបញ្ចុះបឋមសិលាសាងសង់អាគារអន្តេវាសិកដ្ឋាន សម្រាប់និស្សិតស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ នៅរាជធានីភ្នំពេញ នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

បន្ថែមពីលើនេះ លោកក៏បានចូលរួមអបអរសាទរ ជាមួយនឹងសមិទ្ធិផលថ្មីដែលជាគុណប្រយោជន៍បម្រើប្រជាពលរដ្ឋនិងកូនចៅរាប់រយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ដែលនេះ គឺជាចូលរួមយ៉ាង​សំខាន់ក្នុងការ ដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ប៉ុន្តែក៍ត្រូវការចូលរួមពីដៃគូអភិវឌ្ឍ និងផ្នែកដែលពាក់ព័ន្ធដទៃទៀត។ជាក់ស្តែងម្ចាស់ជំនួយដែលបានគាំទ្រ និងកសាងនូវសមិទ្ធិផលនានាសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ។ លោកថា គោលនយោបាយរាជរដ្ឋាភិបាលបានផ្តល់ឱកាសស្មើរៗគ្នាក្នុងការរៀនសូត្រ ការបង្កើនសុខដុមរមនាសាសនាការលើក កិត្តិយសជាតិ ការកសាងសមិទ្ធិផលផ្សេងៗ និងការរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ពិធីសម្ពោធខាងលើនេះ ក៏មានការចូលរួមពីសំណាក់អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំសមាគមឥស្លាម ម្ចាស់ជំនួយ អជ្ញាធរ យុវជន និងប្រជាពលរដ្ឋ ជាច្រើននាក់ ផងដែរ៕