(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា» លេីកទី១ សម្រាប់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ សិស្ស-និស្សិត និង សាធារណជន ក្រោមអធិបតីភាពលោក ទី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.)។

សិក្ខាសាលានេះបានរៀបចំឡើងដើម្បីផ្សព្វផ្សាយកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ សិស្ស-និស្សិត និងសាធារណជន គឺក្នុងគោលបំណង ដើម្បីបំពេញតម្រូវការ បន្ថែមលើអ្នកជំនាញគណនេយ្យប្រកបដោយគុណវុឌ្ឍ ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជាដែលកំពុងរីកចម្រើន។ កម្មវិធីសិក្សានេះ ផ្តោតសំខាន់ដោយធានាបានថា កម្ពុជានឹងបង្កើនបាននូវចំនួនគណនេយ្យករជំនាញឱ្យបានកាន់តែខ្ពស់ ដែលរក្សានូវស្តង់ដា គុណភាព ដើម្បីបំពេញតម្រូវការទាំងក្នុងស្រុក និងអន្តរជាតិ សម្រាប់ការរាយការណ៍របាយការណ៍ហិរញ្ញវត្ថុ អនុលោមតាម បទប្បញ្ញត្តិ និងតម្លាភាព។

ថ្លែងក្នុងសិក្ខាសាលានេះលោក ទី តាយី បានលើកទឹកចិត្ត ដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ៖

១៖ លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាអភិវឌ្ឍន៍កម្មវិធីសិក្សាជំនាញគណនេយ្យនិងសវនកម្មឱ្យទាន់ការវិវឌ្ឍរបស់ បណ្តាប្រទេសជឿនលឿនលើពិភពលោកតាមគោលការណ៍ស្ម័គ្រចិត្ត។

២៖ លើកកម្ពស់សមត្ថភាពសាស្ត្រាចារ្យលើមុខវិជ្ជាគណនេយ្យនិងសវនកម្មចាំបាច់មួយចំនួនស្របតាមនិយាមអន្តរជាតិ និងវិធីសាស្ត្របង្រៀនជំនាញថ្មីៗ តាមរយៈការបណ្តុះបណ្តាល និងការបណ្តុះបណ្តាលបន្ត។

៣៖ ជំរុញវឌ្ឍនភាពនៃការអនុវត្តកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (Accounting Technician Qualification-ATQ) និងកម្មវិធីសិក្សាបច្ចេកទេសផ្សេងទៀតដែលមានគុណវុឌ្ឍប្រហាក់ប្រហែលដែលកំពុងមានស្រាប់។

៤៖ ជំរុញការទទួលស្គាល់គ្រឹះស្ថានបណ្តុះបណ្តាលដៃគូលើកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងកម្មវិធីសិក្សា បច្ចេកទេសគណនេយ្យ៕