(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ពលករកម្ពុជាដែលកំពុង បម្រើការងារនៅបរទេសមាន ១,១០០,០០០នាក់ ក្នុងនោះពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃប្រមាណ១លាននាក់។
ក្នុងពេលជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន មកពីប្រទេសជប៉ុន លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឲ្យដឹងថា «ឥឡូវនេះ ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្រៅប្រទេស មាន ១,១០០,០០០នាក់ ហើយច្រើនជាងគេ គឺនៅប្រទេសថៃ បន្ទាប់មកគឺនៅកូរ៉េ បន្ទាប់មកទៀតគឺនៅម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរី»។
លោករដ្ឋមន្រ្តីបន្តថា «ថៃជាប់ព្រំដែនកម្ពុជា ឆ្លងទៅឆ្លងមកវាងាយស្រួល អីចឹងនៅទីនោះ យើងមានរហូតទៅដល់១លាននាក់ ពលករកម្ពុជានៅទីនោះ»។
លើសពីនេះ លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានបន្ថែមថា ពលករ និងសិក្ខាកាមកម្ពុជាដែលកំពុងបម្រើការងារ និងសិក្សានៅប្រទេសជប៉ុនមានចំនួន ជាង៣,៥០០នាក់ ហើយជប៉ុនក៏មានបំណងចង់ទទួលសិក្ខាកាមកម្ពុជា ឲ្យទៅសិក្សានៅទីនោះបន្ថែមទៀតផងដែរ៕