(ភ្នំពេញ)៖ ទូក-ងចំនួន២៥៦ទូក ដែលមានកីឡាករប្រមាណជាង១៦,០០០នាក់ មកពី១៦រាជធានី-ខេត្ត នឹងចូលរួមប្រកួតប្រជែង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។
លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់នៅលើ Facebook របស់លោក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា «ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ ២០១៦នេះ មានទូកចំនួន២៥៦ មកចូលរួមប្រណាំង ដោយមានចំណុះទូកសរុបមានចំនួនជាង១៦,០០០នាក់ ដោយមិនរាប់បញ្ចូលគណៈកម្មាការ និងគ្រួសារកីឡាករ កីឡាការិនីទេ»។
លោក កឹម គុណវឌ្ឍ ឲ្យដឹងដែរថា ទីកន្លែងចំណតទូក និងកាណូត នៅពេលសម្រាក គឺស្ថិតនៅប៉ែកខាងត្បូងស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារ) ប្រមាណ១០០ម៉ែត្រ ឯកន្លែងប្រមូលផ្តុំ និងផ្គូរទូក ក្នុងពេលប្រកួតមានទីតាំង ស្ថិតនៅប៉ែកខាងជើង ត្រើយខាងកើត នៃស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ថានីយ៍បូមទឹក) ដោយឡែកលានទឹក ប្រណាំងទូកមានបណ្តោយ ១,៧០០ម៉ែត្រ ក្នុងទន្លេសាបមុខព្រះបរមរាជវាំង ហើយការប្រកួតមាន២ជើង ដោយផ្លាស់ប្តូរខ្សែទឹក ក្នុង-ក្រៅម្តងម្នាក់។
លោកបន្តថា យ៉ាងណាមិញ ការស្នាក់នៅរបស់កីឡាករ កីឡាការិនី និងក្រុមអ្នកដឹកនាំ គឺស្នាក់អាស្រ័យនៅក្នុងមណ្ឌល៥ តាំងនៅលើដីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប នៅជាប់រង្វង់មូល ព្រហ្មមុខ៤ ខាងកើតស្ពានជ្រាយចង្វារ។
លោកអគ្គនាយកបន្ដថា ការប្រគំតន្រ្តីរបស់ស្ថានីយ៍ទូរទស្សន៍ និងការសម្តែងសិល្បៈរបស់ក្រសួងវប្បធម៌ មានទីតាំងនៅកោះពេជ្រ, នៅសួនមុខវត្តបុទុមវត្តី, នៅរមណីយដ្ឋានវត្តភ្នំ, នៅលានប្រជាធិបតេយ្យ និងនៅលាន នៃមណ្ឌលជាកន្លែងស្នាក់នៅរបស់ចំណុះទូក។
ជាងនេះទៅទៀត លោកបន្ថែមថា កម្ពស់ទឹកទន្លេសាប បានព្យាករណ៍នៅថ្ងៃប្រកួតនាថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកាខាងមុខនេះ ទឹកទន្លេសាបចំណុចមុខព្រះបរមរាជវាំង មានកម្ពស់ ៦.២០ម៉ែត្រ៕