(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាប​វរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះ​សំណាល​សំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមា​គម​​បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើក​ទី១៣៩​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ក្នុងពិធីនាព្រឹកថ្ងៃនេះ មានអ្នកចូលរួមសរុបជិត ៦ពាន់នាក់។ ក្នុងនោះមកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០០នាក់ ថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង៥០០នាក់ ថ្នាក់ដឹកនាំសហជីពមូលដ្ឋានចំនួនជាង៤ពាន់នាក់ មកពីសហជីពមូលដ្ឋានជាង១ពាន់នាក់ មកពីក្រុមហ៊ុន៨៣៩ មានមូលដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម កំពង់ឆ្នាំង កំពត ព្រះសីហនុ ព្រៃវែង និងស្វាយរៀង។

យោងតាមរបាយការណ៍របស់ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីនាព្រឹកថ្ងៃនេះ គឺជាកម្មវិធីជួបជុំថ្នាក់ដឹកនាំសហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១,២០០សហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៨១សហព័ន្ធ សមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗចំនួន ៣៦សមាគម។

លោក ហេង សួរ បានគូសរំលេចថា ពិធីអបអរសាទរទិវាពលកម្ម​អន្តរ​ជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ​និយោ​ជិត​ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ ដូចឆ្នាំ​មុនៗ​ដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរដើម្បីបំផុស​លើកទឹក​ចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាព​ល​កម្មអន្ដរជាតិ ១ ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយា​កាស​រីករាយ និងសាមគ្គីភាពរវាងកម្មករនិយោជិត និងនិយោជក​ក្រោម​ឈ្មោះសហគមន៍សុខសាន្ត។

ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នា​ដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាព​ធន់»។ លោក ហេង សួរ បានលើកឡើងថា ការជ្រើសយកប្រធាន​បទនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់​រាជរដ្ឋាភិបាល ក្នុង​ការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិ​ការ​ងារ សេរីភាព​អង្គការ​វិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់កម្មករនិយោជិត និងពង្រឹង​យន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមាន​ឡើង​ជា​សត្យានុម័ត សំដៅធ្វើឱ្យ​មានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់​ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយ​ជា​សហ​គមន៍សុខសាន្តមួយ។

នៅក្នុងពិធីថ្ងៃនេះ ក្រៅពីការសំណេះសំណាលហើយនោះ ក៏មានពិធី​ប្រគល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ផង​ដែរ។ លោក ហេង សួរ បានឱ្យដឹងថា នេះជាឆ្នាំដំបូងនៃការផ្ដល់​ពាន​រង្វាន់ «សហគ្រាសមួយ​ជា​សហគមន៍សុខសាន្តមួយ» ដែល​ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានដាក់ចេញនូវលក្ខ​ខណ្ឌ​វិនិច្ឆ័យដោយផ្អែកលើអនុ​លោម​ភាព​ទាំង៨ ហើយក្រសួង​ក៏​បានរៀបចំគណៈកម្មការ វាយតម្លៃ និង​ជ្រើស​រើសសហគ្រាសមួយ​ជា​សហគមន៍សុខសាន្តមួយ ដែលជា​យន្តការត្រីភាគី និងមានការ​ចូល​រួម​សង្កេតការណ៍ពីតំណាងក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងគម្រោង​រោង​ចក្រកាន់ តែប្រសើរនៅកម្ពុជាផងដែរ។

បើតាមលោក ហេង សួរ ការវាយតម្លៃអនុលោមភាពទាំង៨ ត្រូវបាន​រៀបចំដោយផ្អែកលើរបាយការណ៍អធិការកិច្ចការងារ ដែលមាន​នៅ​ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមវិស័យការងារ និង ប្រព័ន្ធស្វ័យ​ប្រវត្តិ​កម្ម​អធិការកិច្ចការងារ ដោយបែងចែកជាពានមាស ពានប្រាក់ និង​ពាន​សំរឹទ្ធ ត្រូវបានគណៈកម្មការផ្តល់ជូនផ្អែកលើចំនួន​កម្មករ​និយោ​ជិតសរុបនៅក្នុងសហគ្រាស តាមវិស័យនីមួយៗ។

សហគ្រាសជ័យលាភីនៃពានរង្វាន់ «សហគ្រាសមួយជាសហគមន៍​សុខសាន្តមួយ» ត្រូវតែបំពេញឱ្យគ្រប់នូវលក្ខណៈវិនិច្ឆ័យ​នៃអនុ​លោម​ភាពទាំង៨ មានន័យថា សហគ្រាសជ័យលាភី ពានរង្វាន់​សហ​គ្រាសមួយជាសហគមន៍សុខសាន្តមួយ នឹងត្រូវទទួលបាន​ពានរង្វាន់​សរុបចំនួន៩។ ជាលទ្ធផលសហគ្រាសចំនួន៣៦ ត្រូវបានគណៈ​កម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ «សហគ្រាស​មួយជាសហគមន៍សុខសាន្តមួយ» ប្រចាំឆ្នាំ២០២៥ ក្នុងនោះ សហ​គ្រាសផ្នែកកាត់ដេរសម្លៀកបំពាក់ចំនួន១៥, ផ្នែកផលិតស្បែកជើង ចំនួន៤, ផ្នែកផលិតផលិតផលធ្វើ ដំណើរនិងកាបូបចំនួន៣, ផ្នែក​អេឡិចត្រូនិកចំនួន៤, សេវាកម្មហិរញ្ញវត្ថុចំនួន៥, ឧស្សាហកម្ម ទេស​ចរណ៍ចំនួន៣, ផ្នែកបង្គុំរថយន្តចំនួន១ និងផ្នែកផ្សារទំនើបចំនួន១ ដែល​បែងចែកជា ៣ពានដូចខាងក្រោម៖
១៖ ពានមាស ផ្តល់ជូនសហគ្រាសចំនួន ២២សហគ្រាស ដែលនឹង​ត្រូវ​ទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញ​រយៈ​ពេល៣ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង

២៖ ពានប្រាក់ ផ្តល់ជូនសហគ្រាសចំនួន ៥សហគ្រាស ដែលនឹង​ត្រូវ​ទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញ​រយៈ​ពេល២ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង

៣៖ ពានសំរឹទ្ធ ផ្តល់ជូនសហគ្រាសចំនួន៩សហគ្រាស ដែលនឹងត្រូវ​ទទួល​បានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញ​រយៈ​ពេល១ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង៕